លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០២៥ នេះ ល្អជាងឆ្នាំមុន ពោលគឺអាចលក់បានចន្លោះពី៦ពាន់រៀល ដល់៦ពាន់២រយរៀល ក្នុង១គីឡូក្រាម ខណៈកាលពីដើមឆ្នាំមុនមានតម្លៃប្រមាណ៥ពាន់៤រយរៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម។ បើតាមអ្នកជំនាញរូបនេះ ការហក់ឡើងតម្លៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ គឺដោយសារបច្ចុប្បន្នពុំទាន់សម្បូរគ្រាប់ស្វាយចន្ទី ខណៈមានចម្ការជាច្រើនកំពុងគាំងក្ដិប ដោយសារអាកាសធាតុចុះត្រជាក់រយៈពេលយូរ។
ដោយឡែកលោក ងួន គួយ ម្ចាស់ចម្ការស្វាយចន្ទីជាង២០ហិកតា នៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា មកទល់ពេលនេះចម្ការរបស់លោកមានស្វាយចន្ទីទុំតិចតួចប៉ុណ្ណោះ និងអាចប្រមូលផលបានច្រើននៅក្នុងខែមីនា ខាងមុខ។
ការដែលពុំទាន់មានគ្រាប់ស្វាយចន្ទី ដើម្បីប្រមូលផលនៅដើមឆ្នាំនេះ ត្រូវបានកសិកររូបនេះលើកឡើងថា ក៏ដោយសារតែអាកាសធាតុត្រជាក់បានអូសបន្លាយពេលយូរជាហេតុធ្វើឱ្យផ្កាចន្ទីប្រឈមបញ្ហា។ តែយ៉ាងលោកសង្ឃឹមថា តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំនេះអាចនឹងមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារបច្ចុប្បន្ន កម្ពុជា មានកន្លែងកែច្នៃគ្រាប់ស្វាយចន្ទីច្រើនជាងមុន។
ពាក់ព័ន្ធដំណាំស្វាយចន្ទីនេះដែរ លោក ទ្រី គឹមស្រៀង អ្នកដាំស្វាយចន្ទីម្នាក់នៅខេត្តកំពង់ធំ បានឱ្យដឹងថា មកទល់ពេលនេះ ចម្ការរបស់លោកពុំទាន់មានស្វាយចន្ទីប្រមូលផលនៅឡើយទេ ប៉ុន្តែអាចនឹងប្រមូលផលបាននៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខនេះ។ តែយ៉ាងណា កសិកររូបនេះ កត់សម្គាល់ឃើញថា ទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះហាក់មានភាពល្អប្រសើរជាងដើមឆ្នាំមុន។ ភាពប្រសើរនេះ ត្រូវបានលោក ទ្រី គឹមស្រៀង លើកឡើងថា អាចដោយសារតែគ្រាប់ស្វាយចន្ទីចាស់ជិតអស់ពីស្តុក និងមានតម្រូវការពីកន្លែងកែច្នៃ គួបផ្សំបច្ចុប្បន្នពុំទាន់សូវសម្បូរគ្រាប់ស្វាយចន្ទី។
ពាក់ព័ន្ធទីផ្សារគ្រាប់ស្វាយចន្ទីនេះដែរ កាលពីពេលថ្មីៗសមាគមស្វាយចន្ទីកម្ពុជា បានជួបជាមួយក្រុមហ៊ុន និងឈ្មួញកណ្ដាល ព្រមទាំងម្ចាស់ចម្ការមួយចំនួន ដើម្បីស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក។ ជំនួបនេះ ត្រូវបានលោក អួន ស៊ីឡុត គូសបញ្ជាក់ថា ជាជំនួបដើម្បីស្វែងរកការរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទី និងតម្លៃបន្ថែមដល់កសិករបានយូរអង្វែង។
យោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤ ដែលទើបដាក់ឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង៨៥ម៉ឺនតោន មានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅទីផ្សារអន្តរជាតិប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់ប្រមាណជាង១ពាន់១រយលានដុល្លារកើនឡើង៣១%៕
អត្ថបទ៖ បូ ដូឡា