ប្រភពពីអង្គភាពស្រាវជ្រាវព័ត៌មានទីផ្សារ Finance BigGo បានអះអាងថា វិធានការរបស់ ទីភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុននេះកើតឡើង បន្ទាប់ពី Prudential Life រកឃើញករណីកេងបន្លំប្រាក់អតិថិជនដោយបុគ្គលិកផ្នែកលក់ជាបន្តបន្ទាប់អស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ។ តាមរបាយការណ៍បង្ហាញដោយក្រុមហ៊ុនឱ្យដឹងថា ចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២៥ មានបុគ្គលិកចំនួន ១០៧នាក់ ពាក់ព័ន្ធនឹងការកេងបន្លំអតិថិជនប្រមាណ ៥០០នាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,១ពាន់លានយ៉េន ឬប្រហែលជិត ២០លានដុល្លារ។
ក្រោយការបង្ហាញករណីនេះនៅដើម ឆ្នាំ២០២៦ Prudential Life បានស្ម័គ្រចិត្តផ្អាកការលក់សេវា ធានារ៉ាប់រងថ្មីរបស់ខ្លួន។ ទោះជាយ៉ាងណា FSA បានរកឃើញថា សូម្បីក្នុងអំឡុងពេលផ្អាកនេះ ក៏មានបុគ្គលិកផ្នែកលក់មួយចំនួន ដែលក្រុមហ៊ុនហៅថា «Life Planners» នៅតែធ្វើសកម្មភាពលក់ដោយមិនបានទទួលការអនុម័តជាមុនពីក្រុមហ៊ុន។
ដូច្នេះ សរុបទាំងករណីចាស់ និងថ្មី ការបោកប្រាស់អតិថិជននេះ សរុបមានដល់ទៅប្រហែល ជិត ២៥ លានដុល្លារ។
ការផ្អាកការលក់សេវាធានារ៉ាប់រងអាយុជីវិតដោយស្មគ្រចិត្ត តាំងពីខែកុម្ភៈមក បានធ្វើឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនធានារ៉ាប់រង់ Prudential Life បាត់បង់អស់ប្រមាណ ២៣៥លានដុល្លារ ហើយបើគិត នៅពេញមួយឆ្នាំនេះ អាចនឹងបាត់បង់រហូតដល់ប្រមាណ ៥២៥ ទៅ ៥៧៥ លានដុល្លារអាម៉េរិក។
ចាប់តាំងពីចុងខែមករា FSA បានធ្វើការត្រួតពិនិត្យនៅទីតាំងរបស់ក្រុមហ៊ុន ហើយបានរកឃើញចំណុចខ្វះខាតធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលមានគោលបំណងទប់ស្កាត់ការប្រព្រឹត្តខុស។ អាជ្ញាធរក៏រកឃើញការរំលោភបំពានជាច្រើនពាក់ព័ន្ធនឹងកាតព្វកិច្ចផ្តល់ព័ត៌មានដល់អតិថិជននៅពេលលក់ផលិតផលធានារ៉ាប់រងផងដែរ។
យ៉ាងណាមិញ ប្រសិនបើ FSA ចេញបញ្ជាផ្អាកប្រតិបត្តិការតាមការគ្រោងទុក វានឹងក្លាយជាករណីដំបូងក្នុងវិស័យធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុន ចាប់តាំងពីករណី Japan Post Insurance កាលពីឆ្នាំ២០១៩ ដែលត្រូវបានបញ្ជាឱ្យផ្អាកការស្នើសុំលក់ធានារ៉ាប់រងរយៈពេល ៣ខែ។
សម្រាប់ Prudential Life ចំណុចសំខាន់ដែលត្រូវតាមដានបន្ទាប់ គឺរយៈពេល និងវិសាលភាពជាក់លាក់នៃបញ្ជាផ្អាកប្រតិបត្តិការ ព្រមទាំងវិធានការកែទម្រង់ប្រព័ន្ធគ្រប់គ្រង និងការទប់ស្កាត់កុំឱ្យករណីបែបនេះកើតឡើងម្តងទៀត៕