កសិករដាំដំឡូងមី ដែលកំពុងជួបបញ្ហាទីផ្សារ និងតម្លៃដំឡូងមីធ្លាក់ចុះខ្លាំងបានដង្ហោយរកជំនួយពីភាគីពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាល ឱ្យជួយរកទីផ្សារ និងដោះស្រាយបញ្ហាជូនពួកគេ បន្ទាប់ពីពួកគេបានឃើញរាជរដ្ឋាភិបាល ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ។
កសិករដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យ លោក ប្រ៉ុក ប៉្រុម បានអះអាងថា ដំឡូងមីអាចលក់បានតម្លៃខ្ពស់ ឬទាបវាអាស្រ័យលើកម្រិតម្សៅរបស់វា ពោលគឺសម្រាប់ដំឡូងមានជាតិម្សៅខ្ពស់អាចលក់បាន២១៥រៀល ក្នុង១គីឡូក្រាម ចំពោះកម្រិតម្សៅទាបអាចលក់បានចន្លោះពី១៩០រៀល ដល់២រយរៀល ក្នុង១គីឡូក្រាម។ បើតាមការលើកឡើងរបស់កសិកររូបនេះ ការដាំដំឡូងមីក្នុង១ហិកតាត្រូវចំណាយដើមទុនយ៉ាងតិចពីរលានរៀលបើដីខ្លួនឯង។
ប៉ុន្តែបើដីជួលគេអាចចំណាយចន្លោះពី៣លានទៅ៤លានរៀល។ ជាមួយគ្នានេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលជួយស្វែងរកទីផ្សារ និងដោះស្រាយបញ្ហាទីផ្សារដំឡូងមី ដែលកំពុងធ្លាក់ថ្លៃ។
ដោយឡែកកសិករម្នាក់ទៀតនៅខេត្តពោធិ៍សាត់ អ្នកស្រី ហ៊ន សុខខេង បានលើកឡើងដែរថា សម្រាប់ដំឡូងមីក្រៀមអាចលក់បានចន្លោះពី៤៥០រៀល ទៅ៤៨០រៀល ក្នុង១គីឡូ សម្រាប់ដំឡូងស្រស់អាចលក់បាន២០០រៀល ក្នុង១គីឡូក្រាម។ យ៉ាងណាមិញ លោកស្រី បានសំណូមពរដល់ភាគីពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលជួយរកទីផ្សារ និងជួយដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃដំឡូងមីនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធបញ្ហាទីផ្សារដំឡូងមីនេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងនឹងជួបជជែកជាមួយនឹងភាគីពាក់ព័ន្ធដូចជាក្រុមហ៊ុន និងសហព័ន្ធដំឡូងជាដើម ដើម្បីស្វែងរកវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទីផ្សារដំឡូងមីដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃនេះ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្ម ក៏គ្រោងនឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាលើបញ្ហាទីផ្សារដំឡូងមីនៅថ្ងៃសុក្រ សប្តាហ៍នេះផងដែរ។
ជាមួយគ្នានេះលោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន បានឱ្យដឹងថា លោកកំពុងសហការជាមួយឈ្មួញកណ្ដាល ដើម្បីធ្វើយ៉ាងណាឱ្យរោងចក្រផលិតចំណីសត្វជួយទិញដំឡូងមីពីកសិករយកទៅផលិតជាចំណីសត្វ។
ក្រុមកសិករបានអះអាងថា ប្រសិនបើករណីដំឡូងមីនេះនៅតែស្ថិតក្នុងវិបត្តិទីផ្សារមិនអាចលក់ចេញបាន ព្រមទាំងពុំទទួលបានប្រាក់ចំណេញខ្លះទេនោះពួកគេនឹងមិនអាចមានលទ្ធភាពដើម្បីបន្តដាំដំឡូងមីនេះនៅពេលក្រោយនោះដែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា