រថយន្តអគ្គិសនី

ក្រុមហ៊ុន Vinfast ប្តេជ្ញាជ្រៀតរថយន្តអគ្គិសនីនៅទីផ្សារអាម៉េរិក ទោះមានបញ្ហាប្រឈម


ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម វីនហ្វាស (Vinfast) បានប្ដេជ្ញាចិត្តថា ខ្លួននឹងជម្នះរាល់បញ្ហាប្រឈមទាំងអស់ ដើម្បីនាំយករថយន្តអគ្គិសនីខ្លួនទៅលក់នៅក្នុងទីផ្សាររថយន្តនៅសហរដ្ឋអាម៉េរិក ដែលពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងខ្លាំង។ ក្រុមហ៊ុននេះជឿជាក់ថា ប្រសិនបើក្រុមហ៊ុនអាចលក់រថយន្តអគ្គិសនីរបស់ខ្លួនទៅឱ្យពលរដ្ឋអាម៉េរិកក្នុងតម្លៃថោកនោះ ក្រុមហ៊ុននឹងអាចទទួលបានជោគជ័យនៅគ្រប់ទីកន្លែង។
រថយន្តអគ្គិសនី
ដោយ

នាយកប្រតិបត្តិក្រុមហ៊ុន វីនហ្វាស លោកស្រី ឡេ ធី ធុយ (Le Thi Thu Thuy) បាននិយាយនៅក្នុងសម្ភាសថ្មីៗនេះជាមួយសារព័ត៌មាន AP ថា អាម៉េរិក គឺជាទីផ្សារដ៏លំបាកសម្រាប់ក្រុមហ៊ុនលោកស្រីក្នុងការជ្រៀតចូលរថយន្តរបស់ខ្លួន ព្រោះវាមានឧបសគ្គស្មុគស្មាញ និងការប្រកួតប្រជែងខ្លាំង។

ជាក់ស្តែង​រហូតមកទល់ពេលនេះក្រុមហ៊ុន វីនហ្វាស លក់រថយន្តអគ្គិសនីរបស់ខ្លួន បានត្រឹមតែជាង២ពាន់គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាម៉េ​រិក គឺតិចជាង១%នៃចំនួនលក់រថយន្តអគ្គិសនីសរុបនៅសហរដ្ឋអាម៉េ​ រិក ខណៈដែលការលក់នៅជុំវិញពិភពលោកមានចំនួនជិត២ម៉ឺនគ្រឿង គិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំនេះ ពោលគឺស្ថិតនៅក្រោមគោលដៅកំណត់ដែលចង់លក់ឱ្យបាន៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ នេះ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី ធុយ បាននិយាយក្នុងសម្ភាសជាមួយសារព័ត៌មាន AP នៅទីស្នាក់កណ្ដាលរបស់ក្រុមហ៊ុន វីនហ្វាស នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមថា ក្រុមហ៊ុនរបស់លោកស្រីប្ដេជ្ញាចិត្តថា នឹងជម្នះឧបសគ្គក្នុងការប្រជែងជាមួយប្រទេស ដែលព្យាយាមងាកទៅរករថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយកាបូន ហើយក្រុមហ៊ុននេះអាចនឹងសាកល្បងលក់បញ្ចុះតម្លៃនៅទីផ្សារអាម៉េ​រិក ខណៈមកដល់ពេលនេះក្រុមហ៊ុននេះមិនទាន់ហ៊ានលេងល្បែងបែបនេះនៅឡើយទេ។

លោកស្រី ធុយ បាននិយាយថា ទោះជាមានបទប្បញ្ញត្តិដ៏តឹងរ៉ឹង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីប្រព័ន្ធផ្សព្វផ្សាយ និងការជំទាស់របស់ទីប្រឹក្សានៅក្នុងក្រុមហ៊ុន Vinfast ក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះ នៅតែមានចេតនាផ្តល់អាទិភាពចម្បងចំពោះទីផ្សារសហរដ្ឋអាម៉េរិក​ដដែល។ ក្រុមហ៊ុន វីនហ្វាស ចង់ទៅបង្កើតឈ្មោះរបស់ខ្លួននៅក្នុងទីផ្សារដ៏លំបាកបំផុតមួយនេះដោយផ្អែកលើហេតុផលដ៏សាមញ្ញបំផុត គឺថាប្រសិនបើខ្លួនអាចធ្វើវាបាននៅទីនោះ មនុស្សនឹងជឿលើសមត្ថភាព និងគុណភាពរថយន្តក្រុមហ៊ុនរបស់ខ្លួន តែវាអាចរាងមានការពិបាកបន្តិច។

ក្រុមហ៊ុន Vinfast គឺជាផ្នែកមួយនៃក្រុមហ៊ុន Vingroup ដែលបានចាប់ផ្តើមពីក្រុមហ៊ុនមីកញ្ចប់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយក្រុមហ៊ុននេះបានផលិតរថយន្តដំបូងរបស់ខ្លួននៅឆ្នាំ២០១៩ នៅក្នុងរោងចក្រមាត់សមុទ្រមួយនៅជិតទីក្រុងហៃផុង (Haiphong) នៅភាគឦសាននៃប្រទេសវៀតណាម។

ពេលនេះ ក្រុមហ៊ុន វីនហ្វាស កំពុងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបាន២៥ម៉ឺនគ្រឿង នៅក្នុងមួយឆ្នាំនៅឯរោងចក្រដែលសាងសង់លើផ្ទៃដីទំហំ៣៣៥ហិកតា នៅឆ្នេរសមុទ្ររបស់ខ្លួន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីចិនសម្រេចដកតំណែង លោក Li Shangfu រដ្ឋមន្ត្រីការពារជាតិ

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ត្រូវបានបណ្ដេញចេញពីតំណែងកាលពីថ្ងៃអង្គារ ទី២៤ តុលា ពោលគឺពីរខែបន្ទាប់ពីលោកបានបាត់មុខពីសាធារណៈ …

មេ UN ត្រូវប្រមុខកាទូតអ៊ីស្រាអែល ចង្អុលមុខ និងឱ្យលាលែងពីតំណែង

ព័ត៌មាន
នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ជម្លោះពាក្យសម្តីបានផ្ទុះឡើងជុំវិញបញ្ហាសង្គ្រាមនៅហ្កាហ្សា បន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ