ជំងឺដុំពកស្បែកគោ ក្របី

ជំងឺដុំពកស្បែកគោ ក្របីបន្ដឆ្លងរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ខណៈការចាក់វ៉ាក់សាំងកំពុងបន្ដធ្វើយ៉ាងសកម្ម


រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ជំងឺដុំពកស្បែកគោ ក្របី កំពុងបន្តរីករាលដាលឆ្លងនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង ដែលបានធ្វើឱ្យសត្វគោ ក្របី របស់កសិករជាង ៣ម៉ឺនក្បាលហើយ បានកើតជំងឺនេះ។ ការរីករាលដាលឆ្លងនៃជំងឺដុំពកស្បែកលើសត្វគោ ក្របី កំពុងក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ពីសំណាក់ក្រសួងកសិកម្ម និង ក្រុមអ្នកចិញ្ចឹមសត្វគោ ក្របី។
ការចាក់វ៉ាក់សាំងចំពោះសត្វគោដែលមានជំងឺ
ដោយ

ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺដុំពកស្បែកគោ ក្របី ឱ្យបានទាន់ពេលវេលា ក្រសួងកសិកម្ម បាននិងកំពុងផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែក ដល់សត្វគោ ក្របី ចំនួន ២៣ខេត្ត-ក្រុង ទូទាំងប្រទេស។

ការឆ្លងរីករាលដាលនៃជំងឺដុំពកស្បែកគោ ក្របី នៅកម្ពុជាកាន់តែធ្ងន់ធ្ងរទៅហើយ។ សត្វគោ ក្របី របស់កសិករ ស្ទើរគ្រប់ខេត្តទូទាំងប្រទេស កំពុងប្រឈមឆ្លងជំងឺនេះ ដែលបង្កជាការព្រួយបារម្ភ ដល់ក្រុមអ្នកចិញ្ចឹមគោ ក្របី រួមទាំងក្រសួងកសិកម្ម។ បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសត្វគោ ក្របី ជាង ៣ម៉ឺនក្បាល ទូទាំងប្រទេស បានកើតជំងឺដុំពកស្បែកគោ ក្របី។

ពាក់ព័ន្ធការទប់ស្កាត់នូវជំងឺដុំពកស្បែកគោ ក្របី នេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា បើទោះបី កន្លងមក ក្រសួងបានខិតខំ បញ្ជាទិញវ៉ាក់សាំង ចាក់ដល់សត្វគោ ក្របី ក៏ដូចជាពិនិត្យ និងព្យាបាល សត្វគោ ក្របី ដែលកើតជំងឺដុំពកស្បែកក៏ដោយ ក៏ប៉ុន្តែ អ្វីដែលក្រសួងនឹកស្មានមិនដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះ បានរាលដាលយ៉ាងលឿនពីខេត្តមួយទៅខេត្តមួយ ពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ។

បើតាមឯកឧត្តម វេង សាខុន កម្ពុជា កំពុងបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី ចំនួន ៤ម៉ឺនដូស បន្ថែមសម្រាប់ចាក់លើសត្វគោ ក្របី របស់កសិករ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រំពឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ នឹងជួយកាត់បន្ថយចំនួននៃការឆ្លងជំងឺដុំពកស្បែកលើសត្វគោ ក្របី របស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនូវហានិភ័យនៃការឆ្លងជំងឺដុំពកស្បែក។ 

ពាក់ព័ន្ធបញ្ហានេះ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម បាននិងកំពុង បើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែកគោ ក្របី ទូទាំង ២៣ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ដោយខេត្តដំបូងនៃយុទ្ធនាការនេះ គឺខេត្តត្បូងឃ្មុំ និងកំពង់ចាម។ បើតាមលោក នូ វនិកា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ជំហានដំបូង ក្រសួងបានផ្ដល់វ៉ាក់សាំងចំនួន ២ម៉ឺនដូស សម្រាប់ចាក់ជូនសត្វគោ ក្របី ទូទាំងប្រទេស និងកំពុងប្រមែរប្រមូលថវិកាបន្ថែម ដើម្បីបញ្ជាទិញវ៉ាក់សាំងបន្តទៀត។

ជំងឺដុំពកស្បែកគោ ក្របី ជាជំងឺម្យ៉ាងដែលបង្កដោយ វីរុសម្យ៉ាង ដែលវាបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្ស៉ាំប៊ី កាលពីឆ្នាំ១៩២៩ និងបានឆ្លងរីករាលដាលនៅពាសពេញពិភពលោក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមអ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។

ជំងឺដុំពកស្បែកគោ ក្របី មានរោគសញ្ញាសំខាន់ៗ ដូចជា សត្វគោ ក្របី មានលេចចេញនូវដុំពកតូចៗ ឬធំ នៅលើស្បែកនិងដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ជាដើម ដែលធ្វើឱ្យសត្វមានកម្ដៅ រហូត ៤១អង្សាសេ។ ជំងឺនេះ នឹងធ្វើឱ្យសត្វមានអត្រាឈឺពី ៥-៤៥ភាគរយ និងមានអត្រាស្លាប់ចំនួន ១០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយពីខិតខំអស់៣ខែ ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកនៅតែរកមិនឃើញប្រភពដើមកូវីដ១៩ឃើញច្បាស់លាស់ដដែល

ព័ត៌មាន
ក្រោយពីបានទទួលបញ្ជាពីប្រធានាធិបតីអាមេរិកកាលពីចុងខែឧសភា កន្លងទៅនេះ ឲ្យភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ស៊ើបអង្កេតពីប្រភពដើមកូវីដ១៩ក្នុងរយ…

ចិនរំឭកអាមេរិកឲ្យបំពេញកាតព្វកិច្ចនៅអាហ្វហ្កានីស្ថានិឲ្យបានត្រឹមត្រូវ ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញក្តី

ព័ត៌មាន
ចិនក្រើនរំឭកអាមេរិកថា បំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវសម្រាប់អាហ្វហ្កានីស្ថាន ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញយ៉ាងណាក្តី។ អំឡុងកិច្ចសន្ទនាតាមទូរស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ