ការផ្លាស់ប្ដូរផ្នត់គំនិតរបស់សង្គមបានប្រែក្លាយស្រ្តីដែលជាម្ចាស់អាជីវកម្ម ឱ្យទទួលបានឱកាសកាន់តែច្រើនក្នុងការជួបទំនាក់ទំនងជាមួយមជ្ឈដ្ឋាននានា ដើម្បីពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្ម ស្របតាមគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាមានសហគ្រិនជាស្រ្តីរហូតដល់៦០% ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានអះអាងថា នាពេលកន្លងមកម្ចាស់អាជីវកម្មជាស្រ្តី តែងជួបបញ្ហាខ្លះដោយសារទំនៀមទម្លាប់ប្រពៃណី ជាហេតុធ្វើឱ្យពួកគាត់ពុំអាចចេញទៅជួបពិភាក្សាការងារជាមួយដៃគូអាជីវកម្មជាបុរសតែពីរនាក់តទល់បានឡើយ ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមបុរសដែលស្ថិតក្នុងចង្កោមគ្រួសារ តែងលើកទឹកចិត្តព្រមទាំងជួយជំរុញដល់ស្រ្តីឱ្យមានការចូលរួមជាមួយសង្គមកាន់តែច្រើន ក៏ដូចជាការបង្កើតសមាគមស្រ្តីកម្ពុជា ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្មជាដើម។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជំរុញដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចាប់ផ្ដើមរៀនបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្មនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដ្បិតបច្ចេកវិទ្យាសម័យថ្មីបានជួយដល់ការប្រគួតប្រជែងយ៉ាងទូលំទូលាយនៅលើទីផ្សារ។
គួរកត់សម្គាល់ដែរថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងបង្កើតគោលនយោបាយ និងកម្មវិធីដើម្បីគាំទ្រ អភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងគោលបំណង លើកទឹកចិត្តក្នុងការចុះបញ្ជីផ្លូវការបង្កើតការងារនិងកំណើនប្រកបដោយចីរភាព។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វិស័យ SME និងបានចូលរួមបង់ពន្ធជូនរដ្ឋ មានប្រហែល ១៥% នៃចំណូលពន្ធដារ និងមានចំណែកក្នុងការនាំចេញប្រហែល ១០%៕
អត្ថបទ ៖ បូ ដូឡា