ធនាគារកណ្ដាល

ធនាគារកណ្ដាលរបស់ថៃ៖ គ្មានការណែនាំឲ្យកាត់បន្ថយបំណុលពលរដ្ឋនោះឡើយ


ធនាគារកណ្ដាលរបស់ថៃ បានចេញមុខប្រកាសកាលពីដើមសប្ដាហ៍នេះថា ខ្លួនមិនបានណែនាំ ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗឲ្យមានការកាត់បន្ថយបំណុលរបស់ពលរដ្ឋដែលជាកូនបំណុលរបស់ខ្លួននោះឡើយ ប៉ុន្ដែ ធនាគាកណ្ដាលគ្រាន់តែបានណែនាំឲ្យមានការរៀបចំបំណុលឡើងវិញតែប៉ុណ្ណោះ។ ធនាគារកណ្ដាលរបស់ថៃ ការចេញមុខមកបញ្ជាក់យ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានការយល់ច្រំឡំថា រដ្ឋាភិបាលថៃមានវិធានការជួយកាត់បន្ថយបំណុលរបស់ពលរដ្ឋ ខណៈសមាគមធនាគារថៃ បានសម្ដែងការព្រួយបារម្ភជុំវិញសារចរណែនាំនេះផងដែរ។
ធនាគារកណ្ដាលរបស់ប្រទេសថៃ
ដោយ

លោកស្រី ស៊ូ​វ៉ា​ន់​នី ចេស្ដា​ស័ក្ដិ (Suwannee Jesdasak) នាយិកា​ជាន់ខ្ពស់​ធនាគារកណ្ដាល​ថៃ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថៃ The Nation ថា ការ​រៀបចំ​បំណុល​ឡើង​វិញ​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ជំពាក់​លុយ​ធនាគារ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ព្រមព្រៀង​គ្នា​រវាង​ស្ថាប័ន​ជា​ម្ចាស់បំណុល និង អតិថិជន​ជា​កូនបំណុល​របស់​ខ្លួន​។ ដូច្នេះ ក្នុង​ន័យ​នេះ ធនាគារកណ្ដាល​ថៃ មិន​បាន​ណែនាំ​ឲ្យ​មាន​ធនាគារ​ពាណិជ្ជកម្ម និង​ស្ថាប័នហិរញ្ញវត្ថុ​ត្រូវ​កាត់​បន្ថយ​បំណុល​របស់​អតិថិជន​នោះ​ឡើយ​។

មន្ត្រីជាន់ខ្ពស់​ធនាគារកណ្ដាល​ថៃ​រូប​នេះ បាន​បន្ថែម​ថា សមាគម​ធនាគារ​ថៃ មានការ​យល់​ច្រឡំ ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារកណ្ដាល​ដែល​បាន​ផ្សព្វផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​កាលពី​ស​ប្ដា​ហ៍​មុន ប៉ុន្ដែ ធនាគា​កណ្ដាល​បាន​ជួប​ពិភាក្សា​ជាមួយ​ខាង​សមាគម​ធនាគារ​រួចរាល់​ហើយ​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​។

លោកស្រី ស៊ូ​វ៉ា​ន់​នី ចេស្ដា​ស័ក្ដិ (Suwannee Jesdasak) នាយិកា​ជាន់ខ្ពស់​ធនាគារកណ្ដាល​ថៃ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​បាន​អំពាវនាវ​ឲ្យ​ធនាគារពាណិជ្ជ និង​ស្ថាប័នហិរញ្ញវត្ថុ​កាត់​បន្ថយ​បំណុល​នោះ​ទេ ប៉ុន្ដែ យើង​បាន​អំពាវនាវ​ឲ្យ​ពួក​គេ ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​អ្នក​ជំពាក់​បំណុល​ដែល​កំពុង​ជួប​ការ​លំបាក​។​»

លោកស្រី ស៊ូ​វ៉ា​ន់​នី បន្ថែម​ថា ធនាគារ​អាច​ជួយ​ដល់​កូនបំណុល​របស់​ខ្លួន ដោយ​កាត់​បន្ថយ​ការ​បង់​រម្លស់​, ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​កម្ចី​, ផ្ដល់​ប្រាក់​កម្ចីអនុគ្រោះ​បន្ថែម ឬ​ជួយ​សម្រាល​បន្ទុក​បំណុល​សម្រាប់​អតិថិជន​របស់​ខ្លួន​ជាដើម​។

នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​ថៃ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជំនួយ​ដោះស្រាយ​បញ្ហា​បំណុល សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​។

ធនាគារកណ្ដាល​ថៃ រំពឹង​ថា ចំនួន​អ្នក​ខ្ចី​បំណុល នឹង​មក​ដាក់​ពាក្យ​សម្រាប់​វិធានការ​ជំនួយ​ដោះស្រាយ​បញ្ហា​បំណុល​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ដោយសារ​តែ​បញ្ហា​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​នៅ​តែ​បន្ដ​កើន​ខ្ពស់​។

គិត​មក​ត្រឹម​ខែកក្កដា​ឆ្នាំ​២០២១ ចំនួន​អ្នក​ខ្ចី​បំណុល​សរុប​នៅ​ប្រទេស​ថៃ​មាន​ជាង​១២​លាន​គណនី ក្នុង​នោះ មាន​ជាង​១១​លាន​គណនី ស្ថិត​ក្នុង​ក្រុម​កម្ចី​សម្រាប់​ការ​ប្រើប្រាស់​, ជាង​១​លាន​គណនី​ទៀត គឺជា​កម្ចី​នៅ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​មាន​ជាង​៣​ម៉ឺន​គណនី ជា​កម្ចី​សម្រាប់​សាជីវកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ត្រូវបានធនាគារពិភពលោកទម្លាក់ការព្យាករមកនៅត្រឹម ៤,៨% ក្រោយកូវីដ-១៩ផ្ទុះខ្លាំង

ព័ត៌មាន
ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមមកនៅត្រឹម ៤,៨ ភាគរយប៉ុណ្ណោះ នៅឆ្នាំ ២០២១នេះ ដែលទាបជាងការព្យ…

អាមេរិកយល់ព្រមបើកផ្លូវឲ្យក្រុមហ៊ុន Huawei អាចទិញយកបន្ទះឈីបពីក្រុមហ៊ុនអាមេរិកឡើងវិញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានយល់ព្រមលើការស្នើសុំអាជ្ញាប័ណ្ណ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនដ៏ធំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ