អំពើហិង្សា

រាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា កុមារនៅតែប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានចាត់ទុកកុមារជាធនធានដ៏សំខាន់ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណាសម្តេចកត់សម្គាល់ឃើញថា កុមារនៅតែប្រឈមនឹងការប្រើប្រាស់អំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាទាំងនេះ។
អំពើហិង្សា
ដោយ

ជាក់ស្តែងនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក«មនុស្ស»ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍកម្ពុជា នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីបច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយ តែការប្រើប្រាស់អំពើហិង្សាលើកុមារនៅតែបន្តកើតមានជាហូរហែ ដែលបញ្ហានេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ សម្តេចធិបតី កត់សម្គាល់ឃើញថា កុមារកម្ពុជា ជាច្រើនបាន និង កំពុងប្រឈមនឹងអំពើហិង្សាជាប្រចាំដូចជាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញសេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាអាចប៉ះពាល់ដល់អនាគត សេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ផងដែរ។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈសារលិខិត ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥។ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា នៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ«លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។

ទិវាទាំងនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។

ជាមួយគ្នានេះ សម្តេចធិបតី បានចាត់ទុកកុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក«មនុស្ស»ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍកម្ពុជា នាពេលអនាគត។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការបញ្ឈប់អំពើហិង្សាលើកុមារមិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែឯងនោះទេ គឺត្រូវការការចូលរួមពីគ្រួសារ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសង្គមជាតិ ទាំងមូល។ បន្ថែមលើនេះ ឪពុកម្តាយ អាណាព្យាបាល អ្នកមើលថែទាំកុមារត្រូវយល់ដឹងពីសិទ្ធិកុមារ និងវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន។ ទន្ទឹមនេះ សម្តេចធិបតី ស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំង ចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕




អត្ថបទបន្ទាប់


តើអ្វីជាបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការចិញ្ចឹមត្រចៀកកាំ និងចាប់យកឱកាសនាំចេញទៅចិន?

សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភ…

អាម៉េរិក កំពុងបន្ធូរបន្ថយច្បាប់ ដើម្បីឱ្យធនាគារធំៗចាក់បញ្ចូលសាច់ប្រាក់២៩ទ្រីលានដុល្លារទៅក្នុងទីផ្សារហិរញ្ញវត្ថុ

ស្របពេលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នៅត្រីមាសទី១ ឆ្នាំនេះ បានធ្លាក់ចុះរហូតដល់០,២% រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងខ្នះខ្នែងសម្របសម្រួលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ