Advertisement
រថភ្លើង​ចេញចូលព្រលានយន្ដហោះ

រថភ្លើងចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ «កំពុងឯកោ»


ទើបតែបើកដំណើរការ បានជិត១ឆ្នាំ ប៉ុណ្ណោះ ខ្សែរថភ្លើងចេញចូលព្រលានយន្ដហោះ ដែលមានផ្លូវដែកពុះកាត់កណ្ដាលទ្រូងថ្នល់ ប្លែក និងដំបូងគេនៅកម្ពុជានោះ គេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ កំពុងស្ថិតនៅក្នុងភាពឯកោ ពោលគឺមិនសូវមានអ្នកធ្វើដំណើរដូចកាលពីគ្រាបើកដាក់ឲ្យដំណើរការដំបូងនោះឡើយ។ ទោះយ៉ាងណា នាពេលថ្មីៗនេះ ក្រុមហ៊ុន Royal Railway ដែលគ្រប់គ្រងផ្លូវរថភ្លើងនេះ ក៏ទើបតែបាននាំចូលក្បាលរថភ្លើងថ្មីៗចំនួន ៣ គ្រឿង បន្ថែមទៀត ដើម្បីផ្ដល់សេវាដឹកអ្នកដំណើរ។
រថភ្លើងចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ «កំពុងឯកោ»
ដោយ
Advertisement

ខ្សែរថភ្លើងនេះ តភ្ជាប់ចេញ​ពីស្ថានីយ៍​អាយស្ម័យាន ទៅកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និងបានបើក​សម្ពោធ ដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​កាលពី​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ ដោយថ្នាក់​ដឹកនាំ​នៃក្រសួង​សាធារណៈការ​រំពឹង​ថា អាចជួយ​កាត់បន្ថយ​ការចំណាយ​ពេលវលា និងការកក​ស្ទះនៅ​តាម​បណ្តា​វិថីនានា​មួយកម្រិត ។

នៅគ្រាដំបូងៗ ក្រោយពី​បើក​សម្ពោធ​ដាក់ឲ្យ​ដំណើរការរួច គេសង្កេត​ឃើញ​មានពលរដ្ឋ​ច្រើន​គួរសម​ដែរបានសាក​ល្បង​ជិះរថភ្លើងនេះ ព្រោះថា ​កាលអំឡុង​ពេលនោះ រដ្ឋាភិបាល​​បាន​បើក​ឲ្យមាន​ការជិះ​ដោយ​ឥតគិតថ្លៃ ។ ប៉ុន្តែ ក្រោយ​ចាប់ផ្ដើមគិតលុយមក នៅ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ខ្សែរថភ្លើង​នេះ មានមនុស្សជិះតិចតួចណាស់ ហើយថ្ងៃខ្លះសូម្បីតែម្នាក់ក៏គ្មានផង។ 

ជាក់ស្តែង កាលពីពាក់​កណ្ដាល ខែមករា​ ឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារ​របស់​សារព័ត៌មាន​អេឡិច​ត្រូនិច​ខេមបូណូមីស បាន​ធ្វើដំណើរ​ដោយផ្ទាល់​​តាមរថភ្លើង​ទៅកាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងបានអង្កេតឃើញថា ពិតជា​មិនមាន​សូវមាន​ពលរដ្ឋ​ធ្វើដំណើរ​តាមរថភ្លើង​នោះទេ ដោយក្នុង​ថ្ងៃនោះ មានអ្នកដំណើរតែ​ ៨នាក់ប៉ុណ្ណោះ សុទ្ធសឹងតែ​ជាជន​បរទេស ខណៈដែល​ទូរថភ្លើង​មួយ ទូអាច​ផ្ទុកអ្នក​ដំណើរ​បានដល់​ទៅ ១០០នាក់ ឯណោះ។


រថភ្លើងចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ «កំពុងឯកោ»

តាមការសាកសួរ​ដល់​បុគ្គលិក​នៅលើ​រថភ្លើង បានបញ្ជាក់ដែរថា ចាប់តាំង​រថភ្លើង​បញ្ឈប់ការ​ធ្វើដំណើរ​ដោយមិន​គិត​ថ្លៃរួចមក មិនសូវ​មានពលរដ្ឋ​ខ្មែរ​ធ្វើដំណើរទេ ជើងខ្លះគ្មាន​សូម្បី​ម្នាក់ ហើយរទេះ​ភ្លើង​មក​ទទេ ទៅវិញ​ទទេ​​គ្មាន​អ្នកជិះសោះ ហើយ​សម្រាប់​​ជនបរទេស​ក៏ដូចគ្នា​ដែរ មាន​តិចតួច​ណាស់ ។

អ្នកសារព័ត៌មាន​របស់ខេមបូណូមីស បាន​សាកសួរ​អ្នកដំណើរ ដែល​ជាជន​បរទេស​ទាំងអស់​នោះ តើពួកគេ​មានអារម្មណ៍​ដូចម្តេច​នៅពេល​ដែល​បានធ្វើដំណើរ​តាម​មធ្យោបាយ​រថភ្លើង​​ ទៅកាន់​ព្រលាន​យន្តហោះ​ក្នុង​ប្រទេស​កម្ពុជា? ពួកគាត់​បានឆ្លើយ​ស្រដៀង​គ្នាថា នេះជាលើក​ដំបូង​ហើយ ដែលពួកគេ​បានធ្វើ​ដំណើរ​តាម​មធ្យោបាយ​រថភ្លើង​នេះ វាមានលក្ខណៈ​ល្អប្រសើរ​ជាងមធ្យោបាយ​ដទៃទៀត ដូចជា ម៉ុតូឌុប រថយន្ត ឫរ៉ឺម៉កកង់បី តែអ្វីដែល​នៅតែជា​បញ្ហា គឺត្រូវរង់​ចាំខ្សែ​នីមួយៗ​ដល់ជាង​មួយ​ម៉ោង គឺយូរ​ជាង​​រថភ្លើង​នៅប្រទេស​ផ្សេងៗ​ទៀត​ដែលពួក​គាត់ធ្លាប់ជិះ។

រាល់ការធ្វើ​ដំណើរ​តាម​មធ្យោបាយ តាមរយៈ​រថភ្លើង​ទៅកាន់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ត្រូវចំណាយ​​ប្រាក់ ១​ម៉ឺន​រៀល សម្រាប់១ជើង(គិតតែទៅ) ដោយត្រូវ​ចំណាយ​ពេល​ប្រហែល ៣០នាទី ។

បែបនេះក្តី ក្រុមហ៊ុន​ Royal Railway បាននាំ​ចូលក្បាលរថ​ភ្លើង ៣គ្រឿង​ទៀតហើយ ពីប្រទេស​ម៉ិចស៊ីកូ ​សម្រាប់​រត់ ៣ខ្សែ​ដែលមាន​សព្វថ្ងៃរួម ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ,ភ្នំពេញ​ទៅខេត្ត​ព្រះសីហនុ, និងភ្នំពេញ​ទៅកាន់​ ខេត្តបន្ទាយ​មានជ័យ។

គួរជម្រាបថា កន្លងមក ផ្លូវ​រថភ្លើងប្លែក​ និងដំបូងគេ​នៅកម្ពុជា ដែល​មាន​ផ្លូវ​ដែក​ពុះកាត់​​ចុះ​ក​ណ្ដាល​ទ្រូងថ្នល់នេះ គឺត្រូវ​បាន​ប្រជាពលរដ្ឋ​​សារទ តែក៏​មាន​​ការរិះគន់​​​មិនសំចៃ​មាត់​នោះដែរ។ ដោយប្រជា​ពលរដ្ឋ​លើក​ឡើងថា រថភ្លើង​នេះ​​​​មាន​សំឡេង​​លាន់ឭ​ខ្លាំង​ពេល​បើកបរម្ដងៗ និងតែបង្ក​នូវគ្រោះថ្នាក់​ចរាចរណ៍​នានា​ជាញឹក​ញ៉ាប់​ដល់អ្នកដំណើរ​នៅ​លើដងផ្លូវ​ផងដែរ៕  ​

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌល​​កម្សាន្ត​ផាកវ៉េ នឹង​ត្រូវ​វាយ​កម្ទេច​ចោល! លា​អ្នក​ទាំង​អស់​គ្នា​ឆាប់ៗ​នេះ!

ព័ត៌មាន
បើ​និយាយ​ពី​ជាង​២០​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ គឺ​ជា​ទីកន្លែង​ដ៏​...

ក្រុមហ៊ុន​លក់​រាយ​គ្រឿង​សង្ហារិម​ដ៏​ធំ​បំផុត​នៅលើពិភពលោក គ្រោង​បើក​ផ្សារចែកចាយ​នៅវៀតណាម

ព័ត៌មាន
IKEA (អាយគា) គឺ​ជាក្រុមហ៊ុន​លក់​រាយគ្រឿង​សិង្ហារិម​របស់​ប្រទេស​ស៊ុយអែត ដែល​ធំជាងគេ​បំផុត​នៅលើ​ពិភព​លោក។ ឥឡូវនេះ ផ្សារ​គ្រឿង​សិង្ហ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ