អំពើហិង្សាបន្តមានក្នុងថ្ងៃខួបមួយឆ្នាំនៃរដ្ឋប្រហារ

ស្លាប់២នាក់របួសជិត៤០នាក់ក្នុងថ្ងៃខួបមួយឆ្នាំនៃរដ្ឋប្រហារ ខណៈការតវ៉ានិងចលាចលមិនស្រាកស្រាន្ត


យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួស ដោយការវាយប្រហារដោយគ្រាប់បែកទៅលើក្រុមបាតុករ នៅថ្ងៃទី០១កុម្ភៈចំថ្ងៃខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារដោយក្រុមយោធាមកលើរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ ខុសប្លែកពីរាលដង ការវាយប្រហារនេះមិនបានសំដៅដល់ក្រុមប្រឆាំងនឹងរបបយោធានោះទេ។ អ្នកដែលរងគ្រោះពីការវាយប្រហារខាងលើ ជាក្រុមគាំទ្ររបបសឹក បានដើរក្បួនបង្ហាញការគាំទ្រ នៅក្នុងខេត្តភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។
មនុស្សស្រីម្នាក់ក្នុងចំណោមក្រុមបាតុករលើកស្លាក Save Myanmar
ដោយ

ប្រការ​នេះ​បាន​បង្ហាញ​ថា រដ្ឋប្រហារ​របស់​មេដឹកនាំ​យោធា ទម្លាក់​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី ស៊ូ​ជី​បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ពេញ​ប្រទេស និង​មិន​បាន​ស្រាកស្រាន្ត​ឡើយ​ទោះ​អស់​រយៈ​មួយ​ឆ្នាំ​គត់​ហើយ​ក្តី​។

មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​មក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហា​រនះ​ទេ ប៉ុន្តែ​យោធា​បាន​ដាក់​ការ​សង្ស័យ​លើ ក្រុម​ទាហាន​ទ័ពព្រៃ​នៅ​តាម​ព្រំដែន ដែល​តែង​មាន​និន្នាការ​ប្រឆាំង​នឹង​របប​សឹក​កន្លង​មក​។

ដោយឡែក ក្នុង​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ​គត់​នៃ​ការ​ធ្វើ​រដ្ឋប្រហារ ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​បាន​ចូលរួម​ធ្វើ​កូដកម្ម ប្រឆាំង​របប​សឹក​តាម​រយៈ ការ​ស្ថិត​នៅ​ស្ងៀមស្ងាត់ មិន​ចេញពីផ្ទះ មិន​ទៅ​ធ្វើការ មិន​ធ្វើ​អ្វី​ទាំងអស់ ហើយ​ក៏​មិន​បើកហាង​អាជីវកម្ម​លក់ដូរ​ទំនិញ​ដែរ​។ គួរ​ជម្រាប​ថា ការ​ដែល​ពលរដ្ឋ​មិន​ចេញ​ទៅ​ណា​ដូចនេះ ត្រូវ​បាន របប​សឹក​ចាត់ទុកជា​បទឧក្រិដ្ឋ​ក្បត់ជាតិ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត​។

រដ្ឋប្រហារ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ឆ្នាំ​មុន បាន​ក្តិចត្រួយ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់​មី​យ៉ា​ន់​ម៉ា ក្រោយ​គណៈបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី ស៊ូ​ជី ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី មិន​ទាន់​បាន​មួយ​អាណត្តិ​ផង​។ ក្តី​ឈឺចាប់​របស់​ពលរដ្ឋ​ភូមា ក្រោយ​ឆន្ទៈ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ដោយ​យោធា បាន​ប្រែ​ក្លាយជា​កំហឹង​ចេញ​តវ៉ា ធ្វើ​បាតុកម្ម​ប្រឆាំង និង​អំពើ​ហិង្សា​រាប់​មិន​អស់ ក្នុង​ពេល​មួយ​ឆ្នាំ​មកនេះ​។ ចាប់តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី ការ​បង្ក្រាប និង​តាម​ប្រមាញ់​សម្លាប់​ដ៏​ហិង្សា របស់​កងទ័ព ទៅ​លើ​បាតុករ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៥០០​នាក់​។ 

សហគមន៍​អន្តរជាតិ និង​ជា​ពិសេស​ប្រទេស​អាស៊ាន​ទាំងអស់​បាន​ជ្រោមជ្រែង​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ល្អ​ប្រសើរ​ទៅ​មុខ​សោះឡើយ ផ្ទុយ​ទៅ​វិញ​បញ្ហា​មួយ​នេះ​ហាក់​បាន​និង​កំពុង​ដើរ​ថយក្រោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជាក់ស្តែង ដំណោះស្រាយ​៥​ចំណុច​ដែល​អាស៊ាន​បាន​ផ្តល់​ឲ្យ​មី​យ៉ា​ន់​ម៉ា ក្រោយ​កិច្ចប្រជុំ​កាលពី​ខែមេសា​ឆ្នាំ​២០២១ មិន​ត្រូវ​បាន​របប​សឹក​យក​មក​អនុវត្ត​ឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​សិង្ហ​បុរី​ចំ​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ បាន​និយាយ​ថា សិង្ហ​បុរី​ខកចិត្ត​ជា​ខ្លាំង​ដោយសារ​កង្វះខាត​ការ​អនុវត្ត ដំណោះស្រាយ​ទាំង​ប្រាំ​ចំណុច​របស់​អាស៊ាន​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ជំនួប​តាម​វី​ដេ​អូ​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ធ្លាប់​បាន​អំពាវនាវ​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​នយោបាយ ដែល​ក្នុង​នោះ​ក៏​មាន​ដែរ លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី​។

គួរ​រំឭក​បន្តិច​ថា ដំណោះស្រាយ​ទាំង​៥​ចំណុច​ដែល​អាស៊ាន​បាន​ផ្តល់​ឲ្យ​នោះ​រួម​មាន ទី​១, ត្រូវ​បញ្ចប់​អំពើ​ហិង្សា​, ទី​២ ត្រូវ​មានការ​សន្ទនា​រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​រវាង​ភាគី​ទាំងអស់​, ទី​៣ អនុញ្ញាត​វត្តមាន​ប្រេសិត​ពិសេស​អាស៊ាន​ដើម្បី​ជួយ​សម្រប​សម្រួលការ​សន្ទនា​រក​ដំណោះស្រាយ​, ទី​៤ ការ​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់​ជំនួយ និង ទី​៥ ត្រូវ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា​។ ប៉ុន្តែ មេដឹកនាំ​ភូមា រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ព្រម​អនុវត្ត ហើយ​នៅ​តែ​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​គេ​ចូល​ជួប លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី​ឡើយ​។

យ៉ាងណាមិញ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​នេះ​ដែរ ខណៈ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​បាន​ជួប ពិភាក្សា​ជាមួយ​លោក​មីន អ៊ុ​ង​ឡាំង មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ចំនួន​២​លើក ដែល​ជា​លទ្ធផល មេដឹកនាំ​យោធា បាន​សន្យា​អនុ​វត្តបទ​ឈប់​បាញ់​រហូត​ដល់​ចុងឆ្នាំ ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសង្គមស៊ីវិលនៅអាមេរិកបង្ហាញការគាំទ្រច្បាប់ប្រកួតប្រជែងផលិតផលបន្ទះឈីបថ្មីដើម្បីប្រជែងជាមួយចិន

ព័ត៌មាន
អង្គការពលកម្មដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានគាំទ្រយ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់របស់រដ្ឋសភាសហ…

ក្រសួងកសិកម្មកំពុងជំរុញការនាំចេញដូងក្រអូបទៅចិន ខណៈការនាំចេញមៀនប៉ៃលិនកំពុងរង់ចាំការចុះពិធីសារនាំចេញ

ព័ត៌មាន
ក្រសួងកសិកម្ម បាននិងកំពុងជំរុញបន្ថែមលើការនាំចេញដូងក្រអូប និងកសិផលមួយចំនួនទៀត ទៅទីផ្សារចិន នៅគ្រាដែលផ្លែមៀនប៉ៃលិន ត្រូវបានភាគីចិនបញ្ចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ