ចិនបោះសម្តីកំដរអាម៉េរិក

ចិនបានបោះសម្តីថា ទោះអាម៉េរិកចង់លេងសង្គ្រាមអ្វីក៏ដោយ ខ្លួននឹងកំដរដល់ទីបញ្ចប់


ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានបោះពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលថា ទោះជាសហរដ្ឋអាម៉េរិកចង់លេងល្បែងសង្គ្រាមណាក៏ដោយ ខ្លួនអាចកំដរបានដល់ទីបញ្ចប់។ ការបោះសម្តីឌឺដងផ្លែផ្ការបស់ចិននេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ លើប្រទេសចិនកាលពីពេលថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ចិនបោះសម្តីកំដរអាម៉េរិក
ដោយ

សហរដ្ឋអាម៉េរិក និងប្រទេសចិន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកកាន់តែខិតជិតឈានទៅដល់ការផ្ទុះសង្គ្រាមពាណិជ្ជកម្មនឹងគ្នាមែនទែនហើយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើគ្រប់ទំនិញទាំងអស់របស់ប្រទេសចិន។

បណ្ដាក្រុមហ៊ុនអាម៉េរិក កាលពីថ្ងៃទី៥ ខែមីនា បានទាមទារឱ្យរដ្ឋាភិបាលអាម៉េរិកបង្ក្រាបបណ្ដាក្រុមហ៊ុននាំចេញរបស់ចិន ដែលគេចពន្ធ ហើយថា សហរដ្ឋអាម៉េរិកចាំបាច់ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ពាណិជ្ជកម្ម និងផ្ដន្ទាទោសព្រហ្មទណ្ឌចំពោះក្រុមហ៊ុនទទួលបានឧបត្ថម្ភធនពីរដ្ឋាភិបាលចិនទាំងឡាយណា ដែលគេចពន្ធរបស់សហរដ្ឋអាម៉េរិកតាមរយៈ ការដឹកជញ្ជូនទំនិញរបស់ខ្លួនឆ្លងកាត់ប្រទេសទី៣។

ជាការឆ្លើយតប មហាយក្សចិន បានសងសឹកវិញភ្លាមៗ ដោយការប្រកាសដំឡើងពន្ធចន្លោះពី១០%ទៅ១៥%លើផលិតផលកសិកម្មសំខាន់ៗរបស់សហរដ្ឋអាម៉េរិក រួមមានមាន់ ស្រូវសាលី ពោត និងកប្បាសជាដើម ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា តទៅ។

ស្ថានទូតចិន បានដកស្រង់ឃ្លាមួយនៃសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែមីនា ហើយយកមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា ប្រសិនបើសហរដ្ឋអាម៉េរិកចង់បានសង្គ្រាម មិនថា វាជាសង្គ្រាមពន្ធគយ សង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមអ្វីនោះទេ គឺមហាយក្សចិនបានត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធរហូតដល់ទីបញ្ចប់។

នេះគឺជាការផ្លោងពាក្យសម្ដីខ្លាំងៗបំផុតពីសំណាក់មហាយក្សចិន គិតមកទល់ពេលនេះ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មក ហើយការផ្លោងពាក្យសម្ដីនេះធ្វើឡើងស្របពេលដែលក្រុមមេដឹកនាំចិន ជួបជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីចូលរួមសមាជជាតិប្រជាជនប្រចាំឆ្នាំ។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានប្រកាសបង្កើនការចំណាយ៧,២% លើវិស័យការពារជាតិរយៈពេល២ឆ្នាំជាប់ៗគ្នា ដោយលោកបានលើកឡើងថា ការប្រែប្រួលរបស់ពិភពលោកកំពុងកើតឡើងលឿនជាងពេលណាទាំងអស់។ វិធានការនេះមានគោលដៅធានាអះអាងជាថ្មីចំពោះពលរដ្ឋចិនថា សេដ្ឋកិច្ចចិននៅតែរឹងមាំ ទោះបីជាប្រឈមហានិភ័យសង្គ្រាមពាណិជ្ជកម្មយ៉ាងណាក៏ដោយ។ ទន្ទឹមនេះ មហាយក្សចិន ក៏ព្យាយាមបង្ហាញដែរថា ខ្លួនជាប្រទេសដែលមានស្ថិរភាព និងសន្តិភាព ផ្ទុយពីសហរដ្ឋអាម៉េរិក ដែលខ្លួនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្នកវិភាគមើលឃើញពីភាពខុសគ្នានៃការថ្លែងសុន្ទរកថារវាងមេដឹកនាំចិន និងអាម៉េរិកយ៉ាងណាដែរ?

មេដឹកនាំមហាយក្សចិន និងសហរដ្ឋអាម៉េរិកបានថ្លែងសុន្ទរកថាទៅកាន់សភាតំណាងប្រជាជនរបស់ខ្លួនរៀងៗខ្លួនក្នុងថ្ងៃតែមួយ ស្របពេលប្រទេសទាំងពីរកំពុងពាក…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអាស៊ានជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ