រថយន្តអគ្គិសនី

ម៉ាឡេស៊ី ត្រៀមផលិតអាគុយរថយន្ត EV នៅខែកក្កដា ខណៈប្រទេសអាស៊ាន ៣ទៀតក៏កំពុងត្រៀមខ្លួនដូចគ្នា


ប្រទេសម៉ាឡេស៊ី មានផែនការចាប់ផ្ដើមផលិតកម្មខ្នាតតូច ផលិតអាគុយសម្រាប់រថយន្តអគ្កិសនី ឬ EV ដែលជាបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន ជាលើកដំបូងនៅក្នុងខែកក្កដាឆ្នាំ ២០២៦នេះហើយ។ ផែនការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនេះ ត្រូវបានបង្កើតឡើងក្រោមគម្រោងចំណាយថវិកាតិចតួចនៅឡើយ ត្រឹមប្រមាណ ៤,៦លានដុល្លារ ហើយនឹងត្រូវផលិតដោយក្រុមហ៊ុនមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្ររបស់ម៉ាឡេស៊ី។
រថយន្តអគ្គិសនី
ដោយ

លោក រេហ្សាល ខាអ៊ីរី អាម៉ាដ (Rezal Khairi Ahmad) នាយកប្រតិបត្តិក្រុមហ៊ុន NanoMalaysia បានថ្លែងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ថា "ក្រុមហ៊ុនកំពុងត្រៀមបើកដំណើរការរោងចក្រផលិតអាគុយរថយន្ត EV ក្នុងស្រុកដំបូងបង្អស់របស់ប្រទេសម៉ាឡេស៊ី"។ លោកបានបន្តថា គម្រោងនេះ ប្រហែលជាគម្រោងដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ាន ព្រោះនៅមិនទាន់មានក្រុមហ៊ុនក្នុងស្រុកនៃប្រទេសណាមួយក្នុងតំបន់នេះ កំពុងផលិតបច្ចេកវិទ្យាអាគុយរបស់ខ្លួនក្នុងស្រុកនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនី គ្រាន់តែអាគុយ ១មុខប៉ុណ្ណោះ គឺមានតម្លៃដល់ទៅ ៤០% នៃតម្លៃទាំងមូលរបស់រថយន្តអគ្គិសនីទៅហើយ។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ដែលបានឱ្យដឹងទៀតថា អាគុយរថយន្តអគ្គិសនី ភាគច្រើនត្រូវបានផលិតចេញពីរ៉ែកម្រ លីចូម-អ៊ីយ៉ុង ដោយក្នុងឆ្នាំ២០២៥ ប្រទេសចិនបានក្ដោបក្ដាប់ការផលិតអាគុយប្រភេទនេះ រហូតដល់ទៅជាង ៨០% ក្នុងពិភពលោក។

ទោះយ៉ាងណាក៏ដោយ លោក Rezal Khairi បានអះអាងថា សម្រាប់អាគុយរបស់ក្រុមហ៊ុន Gigafactory Malaysia នឹងផលិតដោយរូបមន្តគីមី នីកែល-ម៉ង់ហ្គាណែស-កូបាល់ (Nickel-Manganese-Cobalt) ដែលបង្កើនសមត្ថភាពបន្ថែមដោយសារធាតុ ក្រាហ្វីន ធ្វើឱ្យវាអាចផ្ទុកថាមពលបានខ្លាំងរហូតដល់ទៅ ៣ដង ហើយសម្រាប់ផលិតកម្ម រំពឹងថា នឹងចាប់ផ្តើមដំណើរការយ៉ាងឆាប់បំផុតនៅក្នុងខែកញ្ញាខាងមុខនេះឯង។
នៅក្នុងតំបន់អាស៊ាន ក្រៅពីប្រទេសម៉ាឡេស៊ីហើយ នៅមានប្រទេសចំនួន ៣ទៀត កំពុងប្រជែងគ្នាក្លាយជាមជ្ឈមណ្ឌលផលិតអាគុយ និងរថយន្ត EV នេះផងដែរ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមហិច្ឆតាខ្ពស់ជាងគេក្នុងអាស៊ាន ដោយសារខ្លួនមានទុនបម្រុងរ៉ែ Nickel ដែលជាវត្ថុធាតុដើមដ៏សំខាន់បំផុតក្នុងការផលិតអាគុយ EV ធំជាងគេលើពិភពលោក ដោយឥណ្ឌូនេស៊ីបានចាប់ដៃគូជាមួយក្រុមហ៊ុនយក្សៗ ដូចជា CATL របស់ចិន និង LG Energy Solution របស់កូរ៉េខាងត្បូង ក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្ត EV ធំៗជាច្រើន។
ចំណែកប្រទេសថៃ តាមរយៈគោលនយោបាយជំរុញការផលិតរថយន្តគ្មានការបំភាយជាតិកាបូននៅឆ្នាំ២០៣០ ថៃប្រឹងប្រែងទាក់ទាញក្រុមហ៊ុនចិន និងជប៉ុនជាច្រើនឱ្យមកវិនិយោគសង់រោងចក្រដំឡើងរថយន្ត និងអាគុយ EV នៅក្នុងប្រទេសខ្លួន។
ឯដោយឡែក ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់វៀតណាមវិញ ក៏កំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើការផលិតអាគុយរថយន្ត EV ផ្ទាល់ខ្លួន តាមរយៈការសាងសង់រោងចក្រផលិតកោសិកាអាគុយ ឬ Battery Cell នៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរថយន្ត EV របស់ខ្លួន និងសម្រាប់នាំចេញផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ធានារ៉ាប់រងកាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន

ភ្នំពេញ, កម្ពុជា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដា…

ក្រុមហ៊ុនប្រេងសិង្ហបុរីធំមួយបោះទុន ១០លានដុល្លារ សង់ស្ថានីយស្តុកប្រេងនៅទីម័រខាងកើត

ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់សិង្ហបុរី Global Group បានចាប់ផ្តើមបើកការដ្ឋាន សាងសង់ស្ថានីយ ស្តុកប្រេងឥន្ធនៈ ដំបូងបង្អស់ របស់ខ្លួននៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ