ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានជាសរសៃឈាមដ៏សំខាន់របស់កម្ពុជា ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ជំរុញសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើដំណើរ។ ជាក់ស្តែង នៅពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់សាព័ត៌មានក្នុងស្រុកថា ប្រទេសចិន បានកំពុងក្លាយទៅជាប្រទេសដ៏ធំមួយ ដែលបានជួយសម្រេចមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដែលគិតជាទឹកប្រាក់សរុបជាង ២.៧០០ លានដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ ដោយប្រើប្រាស់ថវិកាប្រមាណ ១.៦៣៦ លានដុល្លារអាមេរិក ខណៈ គម្រោងកំពុងសាងសង់មានចំនួន ៥ខ្សែ ដោយប្រើប្រាស់ថវិកាប្រមាណ ជាង ៧៥៨លានដុល្លារអាមេរិក។
ជាងនេះទៀត គឺស្ពានធំៗ ដែលសាងសង់រួចចំនួន ៨ស្ពានផ្សេងទៀត ប្រើប្រាស់ថវិកា ២៣៣លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម ប្រើប្រាស់ថវិកាប្រមាណ ១១៣លានដុល្លារអាមេរិក។
ដូចគ្នាទៅនឹងប្រទេសចិនដែរ ជប៉ុនក៏ជាប្រទេសដែលកំពុងចូលរួមជួយសម្រេចមហិច្ចតាក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។ តួយ៉ាង តាមការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងពិធីទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១២ តុលា ២០២០នេះបានគូសបញ្ជាក់ថា ជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ១៨៩លានដុល្លារ សាងសង់អភិវឌ្ឍន៍ផ្លូវចំនួន៣ខ្សែមានផ្លូវជាតិលេខ ១ផ្លូវលេខ ៦ និងផ្លូវលេខ៧ និងស្ពានធំៗដែលបានសាងសង់រួចមានស្ពានគីហ្សូណា ស្ពានទីបាហ្សា ចំណាយថវិកាប្រមាណ ១៨៦លានដុល្លារ និងជួសជុលស្ពានជ្រោយចង្វា ជាមួយនឹងថវិកា ៣០លានដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ន ជប៉ុនកំពុងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមទឹកជំនន់ ចំនួន៧ ស្ថិតនៅក្នុងខេត្តព្រៃវែង និងក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារ និងផ្លូវជាតិលេខ ៥ ដែលនឹងកំពុងសាងសង់ គឺជាឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកបា្រក់ ៥០០លានដុល្លារ៕