ទោះបីជាទីក្រុងមូស្គូមិនទាន់បានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនក៏ដោយប៉ុន្តែ តំណាងពាណិជ្ជកម្មរបស់ខ្លួនប្រចាំប្រទេសចិន លោក អាលេចហ្សី ដាកនូវស្គី(Alexey Dakhnovsky) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សី RT ថា តួលេខពិតជាត្រូវបានគេរំពឹងថា នឹងមានលើសពី ១៤០ពាន់លានដុល្លារប្រហាក់ប្រហែលរបាយការណ៍ដែលបង្ហាញដោយគយចិនពិតប្រាកដមែន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្របពេលប្រទេសអាមេរិក និងសម្ព័ន្ធធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប៉េកាំង ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីនឯណោះវិញ នឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនេះ និងគ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងផងដែរ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ចកម្រិតខ្ពស់មួយចំនួន រួមទាំងកិច្ចសន្យាសម្រាប់បំពង់បង្ហូរឧស្ម័នធម្មជាតិផងដែរ។
បើតាមក្រុមអ្នកវិភាគ ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិចជុំវិញបញ្ហានៅអ៊ុយក្រែន ដែលអាចនាំមកនូវទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងមូស្គូ ទំនងជានឹងឈានទៅរឹតបន្តឹងចំណងទ្វេភាគីរបស់វិមានក្រឹមឡាំងជាមួយទីក្រុងប៉េកាំងកាន់តែខ្លាំងថែមទៀត។ជាក់ស្តែង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងមានទំនាក់ទំនងនយោបាយ ជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំឡើងៗ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ១៦៧% គិតចាប់តាំងពីឆ្នាំ២០១០ មក ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានគំរាមដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយសារតែទីក្រុងម៉ូស្គូបានចល័តទ័ព និងសព្វាវុធធុនធ្ងន់ជាងជាច្រើន ទៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
រដ្ឋបាលលោក ចូ បៃឌិនបានសម្តែងការព្រួយបារម្ភថា ការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំនេះជាសញ្ញាមួយដែលរុស្ស៊ីកំពុងរៀបចំខ្លួនដើម្បីឈ្លានពានអ៊ុយក្រែននៅពេលណាមួយក្នុងខែក្រោយនេះ។ យ៉ាងណាមិញ វិមានក្រឹមឡាំងបដិសេធថា ការចល័តរបស់ខ្លួនគ្រាន់ មិនមានអ្វីលើសពីសមយុទ្ធយោធាស្របតាមស្តង់ដារការពារជាតិរបស់ខ្លួនឡើយ៕