រដ្ឋាភិបាលចិន បានសន្យាកាលពីសប្តាហ៍មុនថា ខ្លួននឹងបន្តគាំទ្រអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជួបទុក្ខលំបាកជាមួយនឹងការផ្តល់ហិរញ្ញប្បទានសមហេតុផល ប៉ុន្តែមិនមែនជួយអ្នកដែលប្រឈមនឹងការក្ស័យធននោះទេ។ ដើម្បីស្វែងរកការពង្រឹងទំនុកចិត្តលើទីផ្សារអចលនទ្រព្យ លោក នី ហុង (Ni Hong) រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរបស់ចិននឹងខិតខំសម្របសម្រួលជាមួយនិយ័តករត្រួតពិនិត្យហិរញ្ញវត្ថុ ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍លំនៅឋានដោយស្មើភាពគ្នា។
រដ្ឋមន្ត្រីរូបនេះអះអាងថា គិតត្រឹមដំណាច់ខែកុម្ភៈ ធនាគារពាណិជ្ជចិន បានអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុសរុប២៨ពាន់លានដុល្លារ សម្រាប់ជួយគម្រោងអចលនទ្រព្យជាង៦ពាន់គម្រោង ក្នុងនោះក្រុមហ៊ុនឯកជនមានប្រហែល៨២%នៃគម្រោង។ ថ្នាក់ដឹកនាំរូបនេះសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រឈមនឹងការក្ស័យធន និងមិនអាចដំណើរការទៅមុខបាន គួរតែប្រកាសថា ក្ស័យធន ឬស្ថិតនៅក្រោមការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយយោងទៅតាមគោលការណ៍ទីផ្សារ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសភាប្រជាជនចិន លោក នី ក៏បានព្រមានចាត់វិធានការចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណា ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ផងដែរ។
គួររំលឹកថា តុលាការហុងកុង ក្នុងខែមករា បានបញ្ជាឱ្យមានការរំលាយក្រុមហ៊ុន Evergrande Group បន្ទាប់ពីអ្នកអភិវឌ្ឍន៍មិនបានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល ដើម្បីរៀបចំដំណោះស្រាយនឹងបញ្ហាបំណុលជាង៣០០ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ