គម្រោងអភិវឌ្ឍន៍ទីក្រុង Forest City របស់ប្រទេសម៉ាឡេស៊ីដែលមានតម្លៃ១០០ពាន់លានដុល្លារ គឺជាការអភិវឌ្ឍដោយក្រុមហ៊ុនចិន Country Garden ប៉ុន្ដែ គម្រោងនេះបច្ចុប្បន្នកំពុងបន្ដជួបការលំបាកក្នុងទីផ្សារអចលនទ្រព្យ ដែលបង្កផលប៉ះពាល់ដល់វិនិយោគិនស្នូលរបស់ខ្លួន នៅក្នុងប្រទេសចិន និង សិង្ហបុរី ខណៈការអភិវឌ្ឍមានភាពយឺតយ៉ាវជាងការគ្រោងទុក។ តាមផែនការមេ គម្រោងដ៏ធំនេះត្រូវបែងចែកការអភិវឌ្ឍជា៨ដំណាក់កាល និងត្រូវបានគេរំពឹងថា នឹងអភិវឌ្ឍពេញលេញនៅឆ្នាំ ២០៣៥ ខាងមុននេះ។ ប៉ុន្ដែ ជំងឺរាតត្បាតកូវីដ១៩ បានបង្អាក់ដំណើរការអភិវឌ្ឍគម្រោង ខណៈមកទល់ពេលនេះ ទើបតែមានកោះមួយប៉ុណ្ណោះដែលត្រូវបានអភិវឌ្ឍ។
មានចំណែកពីរភាគបីនៃគម្រោងនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យចិន Country Garden Holdings ដែលមានមូលដ្ឋាននៅខេត្តក្វាងទុង ហើយមួយភាគដែលនៅសល់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកម៉ាឡេស៊ី។
ក្រុមហ៊ុន Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដ៏ធំជាងគេបំផុតមួយក្នុងប្រទេសចិន។ ខណៈដែលមានក្រុមហ៊ុនចិនដៃគូជាច្រើន រួមទាំងក្រុមហ៊ុន Evergrande ផងនោះ បានខកខានក្នុងការទូទាត់លើកាតព្វកិច្ចបំណុល ក្រុមហ៊ុន Country Garden បានរក្សាសន្យារបស់ខ្លួនចំពោះម្ចាស់បំណុល នឹងបងសងបំណុលប្រមាណ ៤២៥លានដុល្លារសម្រាប់បណ្ណបំណុលនៅក្រៅប្រទេស នៅចុងខែមករាខាងមុខនេះ។
គម្រោងទីក្រុងដ៏ធំសម្បើមនេះ ជាការអភិវឌ្ឍចម្រុះដែលរួមមានលំនៅឋាន ការលំហែ កន្លែងពាណិជ្ជកម្ម និងឧស្សាហកម្ម ហើយក៏រួមបញ្ចូលផងដែរនូវកន្លែងគយ និងប៉ុស្ដិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ដែលអនុញ្ញាតឱ្យអ្នករស់នៅមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រទេសសិង្ហបុរី។
រហូតមកដល់ពេលនេះគម្រោង Forest City បានប្រគល់លំនៅដ្ឋានជាង ២ម៉ឺនខ្នងហើយទៅឲ្យអតិថិជនរបស់ខ្លួន បើទោះបីជាវាមានទាបជាងអ្វីដែលធ្លាប់រំពឹងទុកក៏ដោយ។ អ្វីដែលរំពឹងទុក គម្រោងទីក្រុងនេះ នឹងអាចរួចរាល់សម្រាប់ឲ្យប្រជាជនប្រហែល៧០ម៉ឺននាក់ទៅរស់នៅបាននៅក្នុងឆ្នាំ២០៣៥។
គួរជម្រាបថា ម្ចាស់អចលនទ្រព្យ Forest City ភាគច្រើនមកពីប្រទេសចិន ម៉ាឡេស៊ី និងសិង្ហបុរី ហើយវាក៏បានទាក់ទាញអ្នកទិញពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហុងកុង កូរ៉េខាងត្បូង និងជប៉ុនផងដែរ៕
អត្ថបទ ស៊ើង និមល់