សាច់ជ្រូកក្នុងប្រទេសបានកើនឡើងជាបន្តបន្ទាប់ ដោយកាលពីខែកក្កដាកន្លងទៅតម្លៃសាច់ជ្រូកបានកើនឡើងជាង ២០% និងកាលពីខែសីហាបានកើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ។ បើគិតពីតម្លៃទូទាំងប្រទេស ដោយរាប់ចាប់ពីខែឧសភា តម្លៃសាច់ជ្រូកបានហក់ឡើងជាង៥០%ទៅហើយ ពោលគឺស្មើនឹងជាង ២៣យ័ន ឬប្រហែល ៣ដុល្លារ៤០សេនក្នុងមួយគីឡូក្រាម។ ហេតុអ្វីសាច់ជ្រូកនៅប្រទេសចិនហក់ឡើងថ្លៃជាបន្តបន្ទាប់យ៉ាងដូច្នេះ?
កំណើនតម្លៃសាច់ជ្រូកនេះ គឺដោយសារតែការផលិតថយចុះ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់។ ក្រៅតែជាប្រភេទសាច់ដ៏ពេញនិយមសម្រាប់ពលរដ្ឋចិន សាច់ជ្រូកតំណាងឱ្យភាគច្រើនជាងគេក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅប្រទេសចិន។
ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃសាច់ជ្រូក អាជ្ញាធរចិនកាលពីសប្តាហ៍មុនបានអះអាងថា គេកំពុងបញ្ចេញស្តុកបម្រុងសាច់ជ្រូកកក មកក្នុងទីផ្សារ ពិសេសដើម្បីត្រៀមសម្រាប់ថ្ងៃឈប់សម្រាកនៅដើមខែតុលានេះ។ នេះជាការបញ្ចេញសាច់ជ្រូកកកចេញពីស្តុកបម្រុងលើកដំបូងនៅក្នុងឆ្នាំនេះផងដែរ។
អាជ្ញាធរក្រុងប៉េកាំងក៏បានអំពាវនាវផងដែរ ដល់អ្នកចិញ្ចឹមជ្រូកធំៗឲ្យពន្លឿនការសម្លាប់សត្វជ្រូកដើម្បីបញ្ចេញសាច់មកក្នុងទីផ្សារ ហើយព្រមានចំពោះ អ្នកឆ្លៀតឱកាសស្តុកទុកសាច់ជ្រូកទុករង់ចាំដល់ពេលឡើងថ្លៃដើម្បីបានចំណេញខ្ពស់ និងការលក់លើសតម្លៃជាដើម។
ទោះយ៉ាងណា អ្នកផ្គត់ផ្គង់ និងអ្នកលក់សាច់ជ្រូកព្រមានថា ការបញ្ចេញសាច់ជ្រូកកកមកលើទីផ្សារទំនងមិនអាចជួយទម្លាក់តម្លៃ និងដោះស្រាយការផ្គត់ផ្គង់បានច្រើននោះទេ។ នេះក៏ដោយសារតែ អ្នកទិញភាគច្រើនចូលចិត្តបរិភោគសាច់ជ្រូកស្រស់ ជាងសាច់កក។ ដោយឡែក សម្រាប់អ្នកជំនាញផ្នែកទីផ្សារម្ហូបអាហារ អន្តរាគមន៍របស់រដ្ឋាភិបាលទំនងអាចបន្ធូរបន្ថយការលំបាកនៃការផ្គត់ផ្គង់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
សូមជម្រាបថា ប្រហែល ៥៤%នៃទិន្នផលឧស្សាហកម្មសាច់ទាំងមូលរបស់ប្រទេសចិន គឺជាសាច់ជ្រូក។ សាច់ជ្រូក ជាប្រភេទសាច់ដែលគេនិយមប្រើ និងប្រើច្រើនបំផុតក្នុងរបបអាហារក្នុងប្រទេសចិន។ នៅពេញមួយឆ្នាំ ២០២១ ចិនប្រើប្រាស់សាច់ជ្រូកអស់ជិត ៥៣លានតោន កើនឡើងជាង១០លានតោន បើធៀបនឹងបរិមាណកាលពីឆ្នាំ២០២០៕