
ក្រសួងពាណិជ្ជកម្មចិន បានអះអាងនៅថ្ងៃសុក្រ ទី២ ខែឧសភា ថា សហរដ្ឋអាម៉េរិក បានព្យាយាមទាក់ទងមហាយក្សចិន ជាច្រើនលើក ដើម្បីសុំចរចាជុំវិញបញ្ហាពន្ធគយបដិការ១៤៥% ដែលលោក ដូណាក់ ត្រាំ បានដាក់លើទំនិញចិនភាគច្រើន ហើយថា ក្រុងប៉េកាំង បើកទ្វារចំហរង់ចាំស្វាគមន៍ការចរចា ដែលឈរលើភាពត្រឹមត្រូវ និងស្មោះត្រង់។ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា សហរដ្ឋអាម៉េរិក គួរតែត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការចាត់វិធានការកែតម្រូវការអនុវត្តខុសឆ្គងនានា ហើយលុបចោលពន្ធគយបដិការដែលខ្លួនបានដាក់ជាឯកតោភាគី ហើយថា ក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែបង្ហាញភាពស្មោះត្រង់នៅក្នុងការចរចា។
សេចក្ដីថ្លែងការណ៍ដដែលអះអាងថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកបានព្យាយាមជាច្រើនលើក ក្នុងការផ្ញើសារទៅកាន់ប្រទេសចិន តាមរយៈបណ្តាញផ្សេងៗគ្នា ដោយបញ្ជាក់ជំហរថា ខ្លួនចង់ចរចា ហើយថា ប្រទេសចិនពេលនេះកំពុងពិចារណានៅឡើយចំពោះសំណើសុំចរចារបស់សហរដ្ឋអាម៉េរិកនោះ ប៉ុន្តែបានព្រមានថា ការប្រើប្រាស់ការចរចា ដើម្បីដាក់សម្ពាធ ឬគំរាមកំហែងមហាយក្សចិន នឹងមិនបានផលឡើយ។
គួររំឭកថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានអះអាងមុននេះដែរថា មហាយក្សចិន បានសុំចរចាជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែមហាយក្សចិនបានឆ្លើយតបវិញភ្លាមៗថា មហាយក្សចិនមិនដែលសុំចរចាមុនឡើយ ពោលគឺសហរដ្ឋអាម៉េរិកទេ ដែលជាអ្នកសុំចរចាជាមួយខ្លួន៕
ដោយ: តែម សុខុម