សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗបានដាក់បញ្ចូលបន្ថែមក្រុមហ៊ុនរុស្ស៊ី និងក្រុមហ៊ុនចិន សរុបចំនួន១២៣ក្រុមហ៊ុនចូលទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះគាំទ្រយោធារុស្ស៊ី។ ចំណាត់ការរបស់អាម៉េរិកនេះ បានធ្វើឱ្យចិនមានការប្រតិកម្មយ៉ាងខ្លាំង និងបានគំរាមចាត់វិធានការឆ្លើយតប ដើម្បីការពារក្រុមហ៊ុនចិនទាំងនោះផងដែរ។
ក្រុមហ៊ុនទាំង១២៣ខាងលើ ដែលមានក្រុមហ៊ុនចិន ចំនួន៤២ ក្រុមហ៊ុនរុស្ស៊ី៦៣ និងក្រុមហ៊ុនចំនួន១៤មកពីប្រទេសផ្សេងៗទៀត រួមមាន តួកគី អ៊ីរ៉ង់ និងប្រទេសស៊ីប ផងដែរនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មក្រោមហេតុផលថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនគ្រឿងអេឡិចត្រូនិក ដែលជាបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិក ទៅឱ្យភាគីពាក់ព័ន្ធយោធារុស្ស៊ី ដើម្បីផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងសម្រាប់ឱ្យរុស្ស៊ី ប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រោមវិធានការថ្មីនេះ បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក នឹងត្រូវបានតម្រូវឱ្យស្នើសុំអាជ្ញាប័ណ្ណដែលពិបាកនឹងទទួលបាន សម្រាប់ការដឹកជញ្ជូនទំនិញទៅឱ្យបណ្ដាក្រុមហ៊ុនដែលជាប់ឈ្មោះក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មខាងលើនេះ។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យរាំងស្ទះសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ និងរារាំងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចជាប្រក្រតី ហើយបានព្រមានថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិស្របច្បាប់របស់បណ្ដាក្រុមហ៊ុនចិន។
លោក អេលែន អ៊ីស្ទេវេស (Alan Estevez) អនុរដ្ឋមន្ត្រីពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងបន្តប្រើប្រាស់គ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយដែលខ្លួនមានដើម្បីរារាំងប្រទេសរុស្ស៊ី មិនឱ្យទទួលបានបច្ចេកវិទ្យាទំនើបៗរបស់សហរដ្ឋអាម៉េរិក សម្រាប់ការផលិតសព្វាវុធរបស់ខ្លួននោះឡើយ៕
ដោយ: តែម សុខុម