ការគូសបញ្ជាក់ពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរជិត២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសំបែង និងដីស្រែចម្ការដើមវិញបាន មិនត្រឹមតែជាការទម្លាក់សម្ពាធការទូតដ៏ធ្ងន់ធ្ងរលើក្រុងបាងកក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងរស់ នៃវិនាសកម្មដែលបង្កឡើងដោយភាគីថៃនៅលើឆាកអន្តរជាតិ។ អ្នករាយការណ៍ពិសេសរូបនេះបានបញ្ជាក់ជាថ្មីថា ពលរដ្ឋខ្មែរភៀសសឹកមានសិទ្ធគ្រប់គ្រាន់ក្នុងការវិលត្រឡប់ទៅផ្ទះសំបែង ដើម្បីវិញ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាស្រ្តនយោបាយបានចាត់ទុកការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺបានបង្ហាញពីការពិត នៃទិដ្ឋភាពជាក់ស្ដែង ខណៈពលរដ្ឋខ្មែរភៀសសឹកជិត២ម៉ឺននៅតែមិនទាន់អាចវិលត្រលប់ទៅផ្ទះវិញបាននៅឡើយ។ បើតាមអ្នកជំនាញរូបនេះ ការបង្ហាញម្ដងហើយម្ដងទៀតរបស់លោក ថម អេនឌ្រូ គឺជាសារដ៏សំខាន់ដល់សហគមន៍អន្តរជាតិ ដែលបង្ហាញពីភាពរងគ្រោះ និងវិនាសកម្មដែលបង្កឡើងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ សំឡេងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ថៃនៅក្នុងឆាកអន្តរជាតិ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវចាត់ទុការលើកឡើងម្ដងហើយម្ដងទៀតរបស់លោក ថម អេនឌ្រូ ថា បានឆ្លុះបញ្ចាំងពីការពិតរបស់ពលរដ្ឋខ្មែរភៀសសឹកជិត២ម៉ឺននាក់ ដែលរងគ្រោះពីទង្វើឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការបើកបង្ហាញទិដ្ឋភាពជាក់ស្ដែងនាពេលនេះនឹងអាចធ្វើឱ្យភាគីថៃ អាចផ្លាស់ប្ដូរឥរិយាបថ និងកាត់បន្ថយភាពគឃ្លើន ហើយងាកមកគោរពច្បាប់អន្តរជាតិឡើងវិញ បើពុំដូច្នេះទេ នោះពួកគេនឹងរងភាពអាម៉ាសកាន់តែខ្លាំង។ បើតាមលោក សេក សុជាតិ រដ្ឋាភិបាលនៅតែមានជម្រើសក្នុងការប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា លោក ថម អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ថា មានពលរដ្ឋកម្ពុជាជាង១ម៉ឺន៨ពាន់នាក់នៅតែបន្តភៀសសឹក ហើយពួកគេត្រូវតែមានសិទ្ធអាចវិលត្រឡប់ទៅផ្ទះសំបែងរបស់ពួកគេវិញដោយសុវត្ថិភាព ដើម្បីប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នករាយការណ៍ពិសេសរូបនេះបានលើកឡើងពីបញ្ហានេះ ពោលគឺលោកធ្លាប់បានលើកពីករណីម្តងរួចមកហើយ ពេលលោកមកបំពេញបេសកកម្មនៅកម្ពុជាកាលពីអំឡុងខែកក្កដា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ