អតិផរណា

ធនាគារកណ្តាលអាម៉េរិក និងអឺរ៉ុបបង្ហាញក្តីបារម្ភអំពីអតិផរណា ខណៈការរំពឹងទុកអំពីការដំឡើងការប្រាក់ថយចុះ


អតិផរណានៅតែជាបញ្ហាដែលអ្នកកំណត់គោលនយោបាយរូបិយវត្ថុយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែទិន្នន័យការងារ​នៅអាម៉េរិក ដែលចុះខ្សោយ និងភាពតានតឹងក្នុងទីផ្សារហិរញ្ញវត្ថុអឺរ៉ុបអាចធ្វើឱ្យ​ធនាគារ​កណ្តាលពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចដំឡើងអត្រាការប្រាក់បន្ថែម។ នៅសប្តាហ៍នេះ វិនិយោគិននឹងតាមដានកំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាម៉េរិក និងធនាគារកណ្តាល​អឺរ៉ុប ដើម្បីស្វែងរកតម្រុយអំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។
អតិផរណា
ដោយ

ធនាគារកណ្តាលអាម៉េរិកគ្រោងចេញផ្សាយកំណត់ហេតុ នៃកិច្ចប្រជុំខែកញ្ញា របស់ខ្លួននៅថ្ងៃពុធ ទី៧ ខែតុលា ខណៈធនាគារកណ្តាលអឺរ៉ុប នឹងចេញផ្សាយកំណត់ហេតុនៃកិច្ចប្រជុំដូចគ្នានៅមួយថ្ងៃបន្ទាប់។ ធនាគារកណ្តាលទាំងពីរ​នេះ​​​កាលពីខែមុន​បាន​ដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់សម្ពាធអតិផរណា។

ទោះជាយ៉ាងណាទិន្នន័យថ្មីៗបានបង្ហាញថា ការបង្កើតការងារនៅអាម៉េរិកមានកម្រិតទាបជាងការរំពឹងទុក ហើយ​​កំណើនប្រាក់ឈ្នួលក៏ខ្សោយផងដែរ។ សញ្ញាទាំងនេះបង្ហា​ញ​ថា សម្ពាធលើតម្លៃអាចមិនខ្លាំងដូច​ការព្រួយបារម្ភពីមុន​នោះទេ។ ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់ពីររូបរបស់ធនាគារកណ្តាលអាម៉េរិក បានបង្ហាញថា មិនមានភាពបន្ទាន់ក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះទេ ដែលធ្វើឱ្យវិនិយោគិនកាត់​បន្ថយការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់នៅខែនេះ។

នៅតំបន់អឺរ៉ុបអតិផរណាក្នុងខែកញ្ញា បានកើនឡើងលើសការរំពឹងទុក ដោយសារថ្លៃថាមពលកើនឡើង​ពាក់ព័ន្ធនឹងសង្គ្រាម។ ទោះជាយ៉ាងនេះក្តី វិនិយោគិនមិនរំពឹងខ្ពស់ថា ធនាគារកណ្តាលអឺរ៉ុប នឹងដំឡើង​អត្រាការប្រាក់ភ្លាមៗនោះទេ ខណៈទីផ្សារហិរញ្ញវត្ថុកំពុងរងសម្ពាធ ជាពិសេសនៅប្រទេសបារាំង ដែលភាពបែកបាក់នយោបាយកំពុងបង្កើនក្តីបារម្ភអំពីការចំណាយ និងបំណុលរដ្ឋាភិបាល។

ក្រៅពីអាម៉េរិក និងអឺរ៉ុប ធនាគារកណ្តាលជាច្រើនទៀត ក៏នឹងប្រកាសសេចក្តីសម្រេចគោលនយោបាយរូបិយវត្ថុនៅសប្តាហ៍នេះផងដែរ ក្នុងនោះប្រទេសឥណ្ឌាត្រូវបានរំពឹងថា នឹងដំឡើងអត្រាការប្រាក់ ខណៈប្រទេសផ្សេងៗទៀតនឹងបញ្ចេញទិន្នន័យអតិផរណា ការងារ និងពាណិជ្ជកម្ម។ បណ្ដា​វិនិយោគិននឹងតាមដានទិន្នន័យ និងសេចក្តីសម្រេចទាំងនេះ ដើម្បីវាយតម្លៃថា តើធនាគារ
កណ្តាល​អាចទប់ស្កាត់អតិផរណាបែបណា ដោយមិនធ្វើឱ្យកំណើនសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុរងផលប៉ះពាល់ខ្លាំងពេក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋដាក់ចេញវិធានការសង្គ្រោះបន្ទាន់ ដើម្បីស្តារជីវភាពកសិកររងគ្រោះដោយសារទឹកជំនន់

ការប្រែប្រួលអាកាសធាតុបានក្លាយជាមហន្តរាយដ៏ធ្ងន់ធ្ងរ​ កំពុងវាយប្រហារវិស័យកសិកម្មកម្ពុជា ជាពិសេសដំណាំស្រូវដែលជាប្រភពចំណូល និងជាឆ្នាំងបាយរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ