អាជ្ញាធរចិនបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានចំនួនប្រហែល ៩ពាន់លានជើងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះបានធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អាជ្ញាធរចិនបានព្យាករថា ចរន្តនៃការធ្វើដំណើរនឹងផ្ទុះទាំងក្នុងស្រុក និងក្រៅស្រុក ដោយក្នុងនោះគ្រាន់តែសេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងអាចនឹងលើសពី៥១០លាននាក់ តាមផ្លូវអាកាសប្រមាណ៩០លានជើងធ្វើដំណើរ ក្រៅពីនោះតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ។
សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ជនជាតិចិនភាគច្រើននិយមធ្វើដំណើរមកកាន់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ បរិមាណកក់សំបុត្រយន្តហោះធ្វើដំណើរពីប្រទេសចិនមកកាន់ប្រទេសវៀតណាម សិង្ហបុរី និងឥណ្ឌូនេស៊ីបានកើនឡើងជាង៥០%។ បន្ថែមលើនេះ ជនជាតិចិន ក៏បានកក់សំបុត្រយន្តហោះ និងមធ្យោបាយធ្វើដំណើរទៅកោះហុងកុង រួមទាំងប្រទេសជប៉ុនផងដែរ។
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះបានបង្ហាញសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពដ៏រឹងមាំមហាអំណាចធំបំផុតនៅអាស៊ីនេះបានធ្វើក្នុងការជំរុញទំនើបភាវូបនីយកម្ម ចំពេលមានស្ថានភាពស្មុគស្មាញ និងលំបាកក្នុងរយៈពេល១២ខែកន្លងមក។ លោក ស៊ី បានអះអាងថា នៅពេញមួយឆ្នាំ២០២៤ កន្លងមកនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងបានដាក់ចេញកញ្ចប់គោលនយោបាយបន្ថែម ដែលជួយលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោកបានបន្តថា ប្រទេសចិនសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម ដោយមានកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មីៗ ស្របពេលដែលស្ថានភាពការងារ និងតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិននៅតែមានស្ថិរភាព។ លោកបានសង្កត់ធ្ងន់ថា ចិននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក៕
ដោយៈ សរ សុជាតិ