ចិនទិញកំពង់ផែ

ទើបតែក្ដោបក្ដាប់បានកំពង់ផែស្រីលង្កា ឥឡូវ ចិនទិញបានកំពង់ផែដ៏ធំមួយទៀតរបស់ប្រេស៊ីល


ប្រទេសចិន ដែលត្រូវបានគេដឹងថា ជាមហាអំណាចទី២ របស់ពិភពលោកនោះ បាននិងកំពុងពង្រីកមហិច្ឆតារបស់ខ្លួន លើអាណាចក្រពាណិជ្ជកម្មតាមដែនសមុទ្រកាន់តែខ្លាំងក្លាឡើងៗ។ តួយ៉ាង ទើបតែក្ដោបក្ដាប់បានកំពង់ផែសមុទ្ររបស់ប្រទេសស្រីលង្កា កាលពីចុងឆ្នាំ ២០១៧​​កន្លង​ទៅរួចមក ថ្មីៗនេះ ប្រទេសមហាយក្សមួយនេះ បានសម្រេចទិញកំពង់ផែកុងតឺន័រដ៏ធំមួយទៀត របស់ប្រទេសប្រេស៊ីល។
កំពង់ផែស្រីលង្កា ដែលត្រូវបានចិនកាន់កាប់ (រូបថត AFP)
ដោយ

កំពង់ផែ​ទឹកជ្រៅ​របស់​ប្រទេស​ស្រី​លង្កា ត្រូវបាន​កាន់​កាប់​ដោយ ក្រុមហ៊ុន​ចិន China Merchants ដែលមាន​តម្លៃ ជាង ១,៣ ពាន់លានដុល្លារ និងមាន​កុងត្រា​រយៈ​ពេល​រហូត​ដល់ ​៩៩ឆ្នាំ។ 

សារព័ត៌មាន CCTV Plus បាន​រាយការណ៍​ថា កាលពីដើម​ឆ្នាំ ២០១៨នេះ ចិនបាន​ទិញ​យក​កំពង់ផែ​កុងតឺន័រ​មួយ​របស់​ប្រេស៊ីល ដែលស្ថិត​ក្នុងចំណោម​កំពង់ផែ ដែលរក​ប្រាក់ចំណេញ​បានច្រើន​បំផុត​នៅ​ប្រេស៊ីល​។

ការទិញ​លក់កំពង់ផែ​នេះ ត្រូវបាន​គេមើល​ឃើញ​ថា វាជា​ការ​គូស​បញ្ជាក់ អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និងការវិនិយោគ​រវាង​បណ្តា​ប្រទេស​ប្រ៊ីកស៍ (BRICS) ពោលគឺ​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង​។

កំពង់ផែ​កុងតឺន័រ ប៉ារ៉ាណាហ្គ័រ ឬ TCP ក្នុង​ទីក្រុង ប៉ារ៉ាណាហ្គ័រ (Paranagua) មានទីតាំង​ស្ថិតនៅ​ភាគអាគ្នេយ៍​នៃរដ្ឋ​ប៉ារ៉ាណា (Parana) ហើយ​កំពុងផែនេះ ជាស្ថានីយ​​កុងតឺន័រ​​ធំបំផុត​​ទី២ របស់​ប្រេស៊ីល។ 

តំបន់នេះ រកប្រាក់​ចំនូល​បានប្រហែល​ជិតពាក់​កណ្តាល នៃផលិត​ផល​ក្នុងស្រុក​សរុប​របស់​ប្រេស៊ីល​ទៅហើយ​។ កាលពី​ខែកុម្ភៈ​ឆ្នាំនេះ ក្រុមហ៊ុន​ឈ្មួញ​របស់​រដ្ឋចិន ឈ្មោះថា China Merchants Group បានទិញ​ភាគហ៊ុន ៩០ភាគរយ​ នៃសម្បទាន​រយៈ​ពេល ៣០ឆ្នាំ​របស់​កំពង់នេះ ក្នុងតម្លៃ ៩២៥​លាន​ដុល្លារ​អាមេរិក​។ នេះគឺជា​ការទិញ​កំពង់ផែ ដែលចំណាយ​ប្រាក់​ច្រើន​បំផុត នៅអាមេរិក​ឡាទីន។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន​ជាច្រើន និយម​បណ្តាក់​ទុន​នៅ​ប្រេស៊ីល ជាការ​ទិញ​ភាគហ៊ុន​កំពង់ផែ​សំខាន់ៗ​នៅទីនេះ​។

តាមគេហទំព័រ Forbes បានឲ្យដឹងថា ក្នុងគោល​​បំណង​​បង្កើន​​ជំហរ​របស់ខ្លួន​​ជាមហាអំណាច​ដែនសមុទ្រ ចិន​បានខិតខំ​ពង្រឹង​ច្រកនៃ​សង្វាក់​ផ្គត់ផ្គង់​សំខាន់ៗ បង្កើន​សមត្ថភាព​ពាណិជ្ជកម្ម​អន្ដរជាតិ និងបង្កើន​អានុភាព​សេដ្ឋកិច្ច​របស់ខ្លួន​កាន់តែខ្លាំង​ក្លា តាមរយៈ ការទិញ​សិទ្ធិ​អភិវឌ្ឍន៍ និងសិទ្ធិ​ប្រតិបត្តិការ​ ច្រក​កំពង់ផែ នៃប្រទេស​ជា​ច្រើន ដែល​លាត​សន្ធឹង​ពី អាណា​ចក្រ​អាហ្វ្រិក​ខាងកើត ទៅមជ្ឈឹម​បូព៌ា អាហ្វ្រិក អឺរ៉ុប និងសូម្បី​អាមេរិក​ខាងត្បូង​ផងដែរ។

តាមការស្រាវ​ជ្រាវ​របស់ Economist Intelligence Unit កាលពី​ពាក់កណ្ដាល​ឆ្នាំ២០១៦ ដល់​ពាក់​កណ្ដាល​​ឆ្នាំ២០១៧ ចិន បាន​ចំណាយ​លុយមិន​តិចជាង ២០​ពាន់​លានដុល្លារ​នោះទេ ក្នុងការ​វិនិយោគទៅ​ក្នុង​កំពង់ផែ​ចំនួន៩ នៅក្នុង​ទឹកដី​ប្រទេស​ជាច្រើន​នៅទូទាំង​​ពិភព​លោក។

តាមការស្រាវជ្រាវ​ដដែល​បានឲ្យ​ដឹងទៀត​ថា គិតត្រឹម​ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន​ចិន ដែលបាន​វិនិយោគ និងមាន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ក្នុងកំពង់​ផែសមុទ្រ មាន​នៅប្រទេស​ចំនួន​៣៤ ខណៈ​ដែល​ផែនការ​វិនិយោគ​មាន​ចំនួន​១២ នៅក្នុង​ប្រទេស​ចំនួន ៨ផ្សេងទៀត។  

នៅក្នុង​ប្រទេស​ក្នុង​តំបន់វិញ កាលពី​ពេល​កន្លង​ទៅ ចិន ក៏បាន​ចរចា​វិនិយោគ​ក្នុង​កំពង់ផែ​ទឹកជ្រៅ​របស់ មីយ៉ាន់ម៉ា​ក្នុងតម្លៃ ៧,៣ ពាន់លាន​ដុល្លារ និង ២,៧​ពាន់លាន​ដុល្លារ​ទៀត​ វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​។ ប្រសិន​បើការចរចា​នេះ ឈានទៅ​ដល់​ការព្រម​ព្រៀង​គ្នាមែន ចិននឹង​មាន​ភាគហ៊ុន ៧០% ខណៈ​មីយ៉ាន់ម៉ា មាន​តែ ៣០%​ប៉ុណ្ណោះ​។  

ក្រៅពីមាន​ផែនការ​វិនិយោគ​នៅ​មីយ៉ាន់ម៉ា ប្រទេស​មហាអំណាច​ពិភពលោក​ទី​២នេះ ក៏បាន​វិនិយោគ​នៅកម្ពុជា​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ផងដែរ ពិសេស​វិស័យ​អចលនទ្រព្យ​តែម្ដង ហើយកាល​ពីពេល​កន្លង​ទៅនេះ ក៏មាន​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​នៅ​កម្ពុជា សាងសង់​កំពង់ផែ​សមុទ្រនៅ​ខេត្តកំពត​ផងដែរ។ រីឯប្រទេស​ម៉ាឡេស៊ី​ឯណោះវិញ ប្រទេសចិន ក៏បាន​វិនិយោគ​ក្នុង​កំពង់​ផែ​មួយចំនួន​ផងដែរ។

ដោយឡែក នៅប្រទេស​ថៃវិញ ចិន មិនមែន​ជាវិនិយោគិន​ធំ​នៅក្នុង​កំពង់ផែ​របស់ថៃ​នោះ​ឡើយ។ យ៉ាងណា​ក៏ដោយ សំណើ​សម្រាប់​ការអភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ដ៏ធំ​របស់ថៃ ឡាមច្បាង នឹងប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​នេះ  ដោយវា​នឹងភ្ជាប់​ជាមួយ​នឹងគម្រោង​ខ្សែក្រវាត់ និងផ្លូវ​របស់ចិន ហើយ​ច្បាស់​ណាស់ ចិន​នឹង​មាន​ឱកាស​ទាញ​ផល​ចំណេញ​ពីការ​អភិវឌ្ឍនេះ។ 

គួរជម្រាបថា ការវិនិយោគ​របស់ចិន នៅ​ក្នុងវិស័យពាណិជ្ជកម្ម​ផ្លូវ​សមុទ្រ​នេះ ត្រូវបាន​ពិភពលោក​​សារទ និងត្រូវ​បានការរិះគន់​ផងដែរ ដោយសារតែ​គេយល់ថា ប្រទេស​នេះ ប្រើប្រាស់​ឥទ្ធិ​ពល​របស់ខ្លួន​ដើម្បី​ក្ដោបក្ដាប់កំពង់​ផែនសមុទ្រ​របស់ប្រទេសមួយចំនួន។​ តួយ៉ាង​ ការ​ទិញយកកំពង់​ផែក្នុងប្រទេស​ស្រីលង្កា​ បានក្លាយ​ជាបទពិសោធន៍​​មួយ ធ្វើឲ្យ​ប្រទេស​ផ្សេងទៀត មានការ​ខ្លាចរអា​ក្នុងការ​អនុញ្ញត​ឲ្យចិន​វិនិយោគ ឬទិញ​ភាគហ៊ុន​កំពង់ផែសំខាន់​ៗ​របស់ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកជំនន់ បានធ្វើឲ្យពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងខេត្ត៩ រងផលប៉ះពាល់ និងខាតសេដ្ឋកិច្ចមិនតិចទេ

ព័ត៌មាន
ជាងមួយសប្តាហ៍មកនេះ ទឹកជំនន់បានវាយលុកយ៉ាងខ្លាំងនៅបែកនិរតីនៃប្រទេស ពោល គឺមានពលរដ្ឋជាង ៨ពាន់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងខេត្តចំនួន៨ រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ