សេដ្ឋកិច្ចចិន

ចិនកំពុងប្រឈមលំហូរទុនចេញក្រៅប្រទេសកើនឡើងខ្លាំង និងគ្រោងបោះផ្សាយលក់មូលបត្របំណុល


ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ចេញក្រៅប្រទេសមានការកើនឡើងខ្លាំង។ ជាក់ស្តែងកាលពីខែកញ្ញា កន្លងទៅថ្មីៗ ទឹកប្រាក់ជិត៥៤ពាន់លានដុល្លារ ត្រូវបានហូរចេញពីចិន ទៅកាន់ទីផ្សារពិភពលោក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីចិនធ្លាប់ប្រឈមមុខនឹងលំហូរចេញសាច់ប្រាក់ជិត៥៦ពាន់លានដុល្លារកាលពីខែមករា ឆ្នាំ២០១៦។
សេដ្ឋកិច្ចចិន
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា លំហូរចេញនៃដើមទុនវិនិយោគពីប្រទេសចិន កំពុងកើនឡើង ដែលបង្ហាញពីការធ្លាក់ចុះដ៏ធំបំផុតរបស់ប្រទេសនេះក្នុងរយៈពេល៧ឆ្នាំ ៨ខែ បើគេគិតត្រឹម ខែកញ្ញា ឆ្នាំ២០២៣។

បច្ចុប្បន្នរដ្ឋាភិបាលចិន កំពុងតាមដានលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់ និងបានដាក់ចេញការរឹតបន្តឹងថ្មីលើអ្នកវិនិយោគ ក្រោយសម្ពាធធ្លាក់ចុះលើរូបិយប័ណ្ណចិន មានការកើនឡើង។

តាមស្ថិតិដែលសារព័ត៌មានទទួលបាន ទំហំនៃលំហូរចេញនៃមូលនិធិរបស់ចិន បានកើនឡើងដល់ជិត៥៤ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលជាចំនួនសាច់ប្រាក់ដ៏ច្រើនបំផុតចាប់តាំងពីខែមករា ឆ្នាំ២០១៦ ជាពេលដែលប្រទេសចិន បានកត់ត្រាលំហូរចេញប្រាក់សុទ្ធជិត៥៦ពាន់លានដុល្លារ ដែលបង្កឡើងដោយការទម្លាក់តម្លៃភ្លាមៗនៃប្រាក់យ័ន។

ជុំវិញការកើនឡើងលំហូរសាច់ប្រាក់ចេញក្រៅប្រទេសរបស់ចិននេះ លោក តូរូ នីស៊ីម៉ា (Toru Nishima) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life ក្នុងទីក្រុងតូក្យូ បានវាយតម្លៃថា បញ្ហានេះទំនងជាបណ្តាលមកពីក្រុមហ៊ុនបរទេសបានពន្លឿនលំហូរចេញនៃដើមទុនក្រោយពួកគេបានប្រកាសដកទុន ឬលក់ទ្រព្យសម្បត្តិ ដើម្បីដកសកម្មភាព និងប្រតិបត្តិការអាជីវកម្ម ឫផលិតកម្មចេញពីប្រទេសចិន។

តែយ៉ាងណាស្ថិតិមិនបានបង្ហាញទេថា តើក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនចិនណាជាអ្នករួមចំណែកសំខាន់ក្នុងការផ្ទេរមូលនិធិចេញពីប្រទេសចិននេះ ប៉ុន្តែគេវាយតម្លៃថា អាចជាក្រុមហ៊ុនអាម៉េរិក និងសម្ព័ន្ធមិត្ត ពីព្រោះន្និនាការនៃការកើនឡើងលំហូរទុនចេញនេះ គឺបានកើតឡើងក្រោយពេលដែលអាម៉េរិកដាក់សម្ពាធលើចិនជាបន្តបន្ទាប់។

ក្រៅពីមូលនិធិនៃគម្រោងវិនិយោគនានា ការវិនិយោគលើភាគហ៊ុន មូលបត្របំណុល និងមូលបត្រផ្សេងទៀត ក៏បានធ្លាក់ចុះផងដែរ។ ស្ថិតិបានបង្ហាញថា ការបណ្តាក់ទុននៅផ្សារភាគហ៊ុនបានប្រឈមមុខនឹងការធ្លាក់ចុះប្រមាណ​​១៤ពាន់លានដុល្លារ។

នៅពេលសេដ្ឋកិច្ចចិនជួបការលំបាកក្នុងការងើបឡើងវិញពីជំងឺរាតត្បាត អ្នកវិនិយោគបរទេសជាច្រើនបានបង្កើនការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ជាក់ស្តែងសមតុល្យ នៃមូលបត្របំណុល ដែលគ្រប់គ្រងដោយវិនិយោគិនបរទេសតាមរយៈមធ្យោបាយផ្សេងៗនៅក្នុងទីផ្សារហ៊ុន បានអនុញ្ញាតឱ្យអ្នកវិនិយោគមកពីប្រទេសចិនដីគោក និងក្រៅប្រទេសធ្វើពាណិជ្ជកម្មក្នុងទីផ្សារជួញដូរទៅវិញទៅមក តាម រយៈតំណភ្ជាប់ទីផ្សារនៅទីក្រុងហុងកុង ដោយមានតម្លៃ សរុបប្រហែលជិត៤៣៧ពាន់លានដុល្លារគិតត្រឹមចុងខែកញ្ញា ធ្លាក់ចុះប្រហែល២០ភាគរយ។ក្រៅពីបញ្ហាទាំងនេះ ក្រុមមហាសេដ្ឋីចិន ក៏កំពុងបង្វិលទ្រព្យសម្បត្តិរបស់ពួកគេទៅបរទេសផងដែរដោយសារតែមានការព្រួយបារម្ភអំពីអនាគតរបស់ប្រទេសចិន​។

ឆ្លើយតបនឹងបញ្ហានេះ ប្រទេសចិន បានអនុម័តបោះផ្សាយលក់មូលបត្របំណុលថ្មីរហូតដល់១ទ្រីលានយ័ន ឫប្រមាណជា១៣៩ពាន់លានដុល្លារ ដែលជាមូលនិធិអន្តរាគមន៍ថវិកាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពរដ្ឋ និងវិនិយោគិន ចំពេលមានសញ្ញាតិចតួចនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ការបោះផ្សាយលក់មូលបត្របំណុលថ្មីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញការអភិវឌ្ឍន៍ និងសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន ដែលកំពុងមានទំនោរមិនសូវល្អដោយសារសម្ពាធអន្តរជាតិផ្សេងៗ។

ការប្រកាសបោះផ្សាយលក់មូលបត្ររបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ចិន កាលពីថ្ងៃទីអង្គារ គឺបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជិនភីង បានទៅបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ធនាគារកណ្តាល ក្នុងអំឡុងពេលកាន់តំណែងរយៈពេលមួយទសវត្សរ៍មកនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ទុនវិនិយោគបរទេសថៃធ្លាក់ចុះជិត១៧%នៅ៩ខែឆ្នាំនេះ ខណៈជប៉ុនបោះទុនច្រើនជាងគេ

ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងរលកនៃបញ្ហាថ្មីៗជាបន្តបន្ទាប់ អាជ្ញាធរថៃ បានអះអាងថា លំហូរទុនវិនិយោគបរទេសក្នុងវិស័យផ្សេងៗនៅក្នុងប្រទេស…

ប្រធានសភាអាម៉េរិកថ្មីឱ្យចេញច្បាប់គាំទ្របន្ថែមដល់អ៊ីស្រាអែល ខណៈភាពជាប់គាំងក្នុងសភាត្រូវបានបញ្ចប់

ក្រោយភាពជាប់គាំងនយោបាយបីសប្តាហ៍នៃការអវត្តមានប្រធានសភា នៅទីបំផុតស្ថាប័ននីតិប្បញ្ញត្តិរបស់អាម៉េរិកមួយនេះជ្រើសបានប្រធានសភាថ្មីហើយកាលពីថ្ងៃព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ