អត្ថបទក្រុមហ៊ុន

ការជួយសត្វអនាថាជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart


ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិចដែលមានឡូហ្គោជារូបដានជើងសត្វសុនកនៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមាឌធំបានទាញម៉ូតូចាកចេញពីផ្ទះរបស់ខ្លួនសំដៅទៅជួយសង្គ្រោះសត្វ ដោយនាំយកឧបករណ៍មួយចំនួនទៅតាមខ្លួនផងដែរ។
ការជួយសត្វអនាថាជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart
ដោយ

រាល់​លើក​នៅពេលយុវជន​​​វ័យ​ ២២​ឆ្នាំរូប​នេះ​​ទទួល​ដំណឹង​ពី​មិត្តភក្តិ​អំពី​សត្វ​អនាថាដូច​ជា​ឆ្កែនិង​ឆ្មា ឬ​​នៅ​ពេល​​​គាត់​​ឃើញសត្វទាំង​នោះ​​នៅ​តាម​ដងផ្លូវ​ដែលត្រូវការ​ការ​ជួយ​សង្គ្រោះ គាត់​តែង​តែ​​រូត​រះ​ធ្វើ​ដំណើរ​ចេញទៅ​​​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ។

គិត​មក​ដល់​ដើម​ឆ្នាំ២០២១ យុវជន​រូប​នេះ​បាន​សង្គ្រោះ​សត្វ​អនាថា​តាម​ដង​ផ្លូវ​បាន​ជាង ៣០០​ក្បាលមក​ហើយ​។

ដោយ​មើល​ឃើញ​នូវ​ទឹក​ចិត្ត​ល្អ​បែប​នេះ លោក ហ៊ិន រតនា ដែលជា​គ្រូ​បង្វឹក​សុនកល្បី​ឈ្មោះ​មួយរ​ូប​នៅ​កម្ពុជា​បាន​សម្រេច​ចិត្ត​ជ្រើស​តាំង​យុវជន ស៊ុន ធូធារ៉ា​ ​ឱ្យ​ចូល​រួម​ក្នុងកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០។

លោក រតនា បានថ្លែងថា៖ “គាត់ជា​ក្មេង​ដែល​មាន​គំរូ​ល្អ ​ចំណាយ​ពេលវេលា​របស់គាត់ទៅ​ជួយ​សង្គ្រោះ​​សត្វ​អនាថា។ គាត់ជួយសត្វ​អស់​ពី​សមត្ថភាព​ខ្លួន​គាត់​។ បើ​អ្នក​ផ្សេង​មិន​ហ៊ានចំណាយពេល​វេលា​​ទៅ​ធ្វើការងារ​បែបនេះទេ។ ឃើញអញ្ចឹង​ហើយបានជាខ្ញុំជ្រើស​តាំង​គាត់ចូល​ក្នុងកម្មវិធីហ្នឹង”។

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​​ដល់​យុវជន​រូប​នេះ​ឱ្យ​ឈាន​បន្ត​ទៅ​កាន់​​​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ។

យុវជន ស៊ុន ធូធារ៉ា ថ្លែង​ថា៖ “ថ្ងៃ​មួយ​ខ្ញុំ​បាន​បាត់​បង់​សុនក​របស់​ខ្ញុំ​ផ្ទាល់ គឺ​គាត់​កើត​មហារីក​ដោះ។ អញ្ចឹង​ទៅ ខ្ញុំ​សន្យា​នឹង​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ជួយ​សត្វ​កាន់​តែ​ច្រើន​តាម​អ្វី​ដែល​អាច​ធ្វើ​បាន”។

សន្យា​របស់​គាត់ បាន​លេច​ចេញ​ជា​រូប​រាង​កាល​ពី​ចុង​ឆ្នាំ២០១៩ ដោយ​យុវជន​រូប​នេះ​​បាន​ចាប់​ផ្តើម​ជួយ​សង្គ្រោះ​​​សត្វ​អនាថា​ក្រោយ​សម្រាក​ពីការ​ជួយ​លក់ដូរ​ឪពុកម្តាយ​របស់គាត់​​ពេល​ល្ងាច នៅ​ពេល​ទទួល​បាន​ដំណឹង​​ថា​មាន​សត្វ​ដែលត្រូវ​ជួយ​សង្គ្រោះ។ បន្ទាប់​​មក​ គាត់​យក​ពួក​គេ​ទៅ​មន្ទីរ​ពេទ្យ​សត្វ​ផ្សេងៗ ដើម្បី​សំអាត​និង​លាង​របួស មុន​នឹង​បង្ហោះ​រូប​សត្វ​នោះ​ដើម្បី​ស្វែង​រក​ម្ចាស់​ថ្មីលើ​ហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះ​សត្វ​អនាថា)​ ដែលលោក​បង្កើតឡើង​ដើម្បី​សង្គ្រោះ​សត្វ​អនាថា កាត់​បន្ថយ​សត្វ​អនាថា បង្កេីន​អ្នក​ស្រលាញ់​សត្វ​អោយ​កាន់​តែ​ច្រេ​ីន និង​ជំរុញ​​ឱ្យ​​មាន​​ច្បាប់​​សំរាប់​​សត្វ។

លោក ធារ៉ា បាន​បន្ថែម​ថា៖ “អ្វី​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ជួយ​សត្វ​អនា​ថា​ពី​កន្លែង​ពិបាក​ទៅ​កន្លែង​ល្អ ពី​មិន​មាន​ម្ចាស់​ទៅ​មាន​ម្ចាស់ ពី​រូប​រាង​អាក្រក់​ដែល​គេ​សឹង​តែ​ហៅ​ថា​ជា​ឆ្កែ​ឆ្កួត។ យើង​ជួយ​សង្គ្រោះ​គាត់ រហូត​ដល់​គាត់​មាន​ម្ចាស់​ថ្មី ដែល​ស្រលាញ់”។

ម្ចាស់​ថ្មី​ទាំង​នោះ​ក៏​រួម​មាន​ទាំង​កញ្ញា ឡៅ ស្រី​មាន ផង​ដែរ ដែល​បាន​ទទួល​ចិញ្ចឹម​សុនក​អនាថា​មួយ​ក្បាល​ពី​លោក ធារ៉ា។ បន្ទាប់​ពី​យក​មកចិញ្ចឹម សុនក​នោះ​ក៏​បានបាត់ ហើយ​កញ្ញា​​បាន​​ពឹងពាក់​លោក ធារ៉ា ម្តង​ទៀត​​ឱ្យ​ជួយស្វែង​រក​សុនក​​នោះ​មកវិញ​។

កញ្ញា ឡៅ ស្រីមាន បាន​ថ្លែង​ថា៖ “ការ​ជួយ​សង្គ្រោះ​សត្វ​របស់​គាត់ គឺ​ជា​អំ​ពើល្អ ដោយ​សារ​ថា​ខ្ញុំ​ធ្លាប់​បាត់​បង់​សត្វ​ចិញ្ចឹម (ឆ្កែ) ហើយ​ធ្លាប់​ឲ្យ​គាត់​ជួយ​ស្វែង​រក​ឲ្យ។ កាល​ណោះ រៀង​យប់​ដែរ​ហើយ ខ្ទង់ម៉ោង​៧ ឬ ៨ ហើយ​គាត់​ក៏​បាន​មក​ជួយ​ស្វែង​រក​សត្វ​ចិញ្ចឹម​របស់​ខ្ញុំ រហូត​ទាល់​តែ​រក​ឃើញ”។

ជា​អ្នក​ស្រលាញ់​សត្វ​ម្នាក់​ទៀត កញ្ញា សម លីលី ដែល​បាន​ទទួល​ចិញ្ចឹម​សត្វ​អនាថា​ពី​លោក​ធារ៉ា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០​២០ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណៈ​ជន ចូល​រួម​សង្គ្រោះ​សត្វ​ជា​មួយ​លោក​ធារ៉ា។

កញ្ញា សម លីលី ថ្លែង​ថា៖ “យើង​ងាក​មក​មើល​សង្គម​យើង​ឥឡូវ នៅ​តាម​ផ្លូវ​ឬ​នៅ​តាម​គំនរ​សំរាម​ផ្សេងៗ មាន​សត្វ​អនាថា និង​មាន​អង្គការ​ជា​ច្រើន ព្យាយាម​ជួយ​គាត់​និង​ស្វែង​រក​ម្ចាស់​ថ្មី។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា អ្នក​ដែល​មាន​លទ្ធភាព គឺ​អាច​នឹង​ចូល​រួម​សកម្មភាព​ជា​មួយ​បង ធារ៉ា អាច​នឹង​ជួយ​គាត់​ក្នុង​ការ​ចិញ្ចឹម​សុនក​អនាថា​ហ្នឹង”។

ទាក់ទងនឹង​ថវិកា​ដែលប្រើប្រាស់​ក្នុងការ​ចំណាយលើ​ការជួយ​សង្គ្រោះសត្វ​នេះ លោក ធារ៉ា បាន​រៃ​អង្គាស​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ Stray Animal Rescue ដែលអ្នក​ចូលរួមបរិច្ឆាគ​​គឺ​​ជា​អ្នក​មានចិត្ត​ស្រលាញ់សត្វ​ដូចគាត់​ដែរ។

លោកបានថ្លែងថា ដរាប​ណា​ភ្នំពេញ​នៅ​តែ​មាន​សត្វ​អនាថា​តាម​ដង​ផ្លូវ លោក​ក៏​នឹង​បន្ត​ជួយ​សង្គ្រោះ​ពួក​គេ តាម​រយៈ​មធ្យោបាយ​គ្រប់​ប្រភេទ​ដែល​លោក​អាច​ធ្វើ​បាន។

លោក ធារ៉ា បន្ថែម​​ថា៖ “ផែន​ការ​បន្ត​បន្ទាប់​ទៀត គឺ​យើង​ចង់​ស្វែង​រក​អ្នក​ណា​ដែល​គាត់​មាន​បេះ​ដូង​ក្នុង​ការ​ជួយ​សត្វ​ដូច​ខ្ញុំ។ ហើយ​ខ្ញុំ​ចង់​បើក​ជា​ហាង​កាហ្វេ​សម្រាប់​សត្វ​អនាថា។ បងៗ​អ្នក​ស្រលាញ់​សត្វ គាត់​អាច​មក​មើល​សត្វ​អនាថា​ផង មក​ញុំា​កាហ្វេ​ផង”។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវ​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក ធារ៉ា ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5tEV7uSFdQ/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO កំពុងត្រួតពិនិត្យសំណើសុំរបស់វៀតណាម ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ តាមប្រភេទបច្ចេកវិទ្យា mRNA

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថ្មីៗនេះថា ខ្លួនកំពុងតែត្រួតពិនិត្យសំណើសុំបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសវៀតណាម ...

កាន់តែអស្ចារ្យ! អេធីអឹម អេស៊ីលីដា ដក​ប្រាក់​បាន​ច្រើន​រហូតដល់ ១ម៉ឺន​ដុល្លារ ឬ ៤០លានរៀល!

ព័ត៌មាន
ដើម្បីបំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ក្នុង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ អេស៊ីលីដា ឲ្យកាន់​សម្បូរ​បែប ធនាគារ អេស៊ីលីដា បាន​បង្ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ