ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ម៉ោងនៅសហរដ្ឋអាម៉េរិក ថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ឱ្យទៅក្រុមហ៊ុនក្នុងស្រុកចំនួន ៣ ហើយថា ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាថ្មីមួយត្រូវបានបង្កើតឡើងដោយដាក់ឈ្មោះថា TikTok USDS ហើយការសម្រេចចិត្តបែបនេះ គឺដើម្បីចៀសផុតពីបម្រាមរបស់សហរដ្ឋអាម៉េរិក ហើយក៏ជួយបន្ធូរការព្រួយបារម្ភរបស់រដ្ឋាភិបាលអាម៉េរិក ផ្នែកសន្តិសុខជាតិ ផងដែរ។
ក្រោមកិច្ចព្រមព្រៀងទិញលក់សិទ្ធិអាជីវកម្ម TikTok ដែលមានអ្នកប្រើជាង១៧០លាននាក់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដែលរំពឹងថា នឹងបិទបញ្ចប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ វិនិយោគិនអាម៉េរិក និងវិនិយោគិននានាទូទាំងពិភពលោកនឹងកាន់កាប់ភាគហ៊ុនរហូតដល់ទៅ ៨០,១% នៃក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាថ្មីឈ្មោះថា TikTok USDS។
កិច្ចព្រមព្រៀងបញ្ជាក់លម្អិតថា ក្រុមហ៊ុនអាម៉េរិក ចំនួន៣ គឺក្រុមហ៊ុន Oracle ក្រុមហ៊ុន Silver Lake និងក្រុមហ៊ុន MGX ម្នាក់ៗកាន់កាប់ភាគហ៊ុន១៥% ដែលសរុបបញ្ចូលគ្នាស្មើនឹង៤៥% ហើយ៣០,១% ទៀតកាន់កាប់ដោយបណ្ដាវិនិយោគិន ដែលមានស្រាប់ ចំណែកឯក្រុមហ៊ុនយក្សចិន ByteDance នឹងកាន់កាប់ភាគហ៊ុន១៩,៩%។
សូមបញ្ជាក់ថា ក្រុមហ៊ុន TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ត្រូវបានវាយតម្លៃអំឡុងខែកញ្ញា ឆ្នាំ២០២៥ ថា មានតម្លៃប្រមាណ ១៤ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងទិញលក់នេះធ្វើឡើង បន្ទាប់ពី TikTok រងសម្ពាធនយោបាយអស់រយៈពេលជាច្រើនឆ្នាំ និងច្បាប់ឆ្នាំ២០២៤ របស់អាម៉េរិក ដែលតម្រូវឱ្យក្រុមហ៊ុនយក្សចិន ByteDance លក់ប្រតិបត្តិការរបស់ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ឱ្យទៅក្រុមហ៊ុនអាម៉េរិក បើមិនដូច្នោះទេ នឹងត្រូវប្រឈមការហាមឃាត់ ឬបិទចោល៕
ដោយ: តែម សុខុម