វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ស្រីលង្កា ចាប់ផ្តើមចរចារឿងបំណុលជាមួយចិនហើយ មុនអាចឈានទៅទទួលបានទឹកប្រាក់ជិត ៣ពាន់លានដុល្លារពី IMF


ប្រធានាធិបតីស្រីលង្កាបានអះអាងថា នៅថ្ងៃទី ៦ខែតុលាថា រដ្ឋាភិបាលរបស់លោក បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយប្រទេសចិនហើយ ទាក់ទនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលជាជំហានដ៏សំខាន់មួយស្របទៅតាមការណែនាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងការឈានទៅទទួលបានថវិកាសង្គ្រោះសេដ្ឋកិច្ចជិត ៣ពាន់លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗ។
ស្រីលង្កា និងចិន ចាប់ផ្តើមចរចារឿងបំណុល ក្រោមការជួយជ្រោមជ្រែងពីជប៉ុន

ប្រធានាធិបតី​ស្រីលង្កា លោក Ranil បាន​ថ្លែង​ក្នុងកិច្ចប្រជុំសភា​ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​របស់លោកបានចាប់ផ្តើម​ចរចាជំហានដំបូងជាមួយភាគីចិន អំពីរឿងបំណុលនេះ ហើយការជជែក​គ្នា​ជាបន្តបន្ទាប់ទៀត នឹងធ្វើឡើង​ក្រោយ​សមាជបក្ស​កុម្មុយ​នីស្តចិន ដែលប្រារព្ធនា​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២២ខាងមុខ។

បើតាមលោក Ranil ឱ្យដឹងថា ភាគីជប៉ុន​យល់​ព្រម​ធ្វើជាអ្នកជួយជ្រោមជ្រែង​ឱ្យប្រទេសទាំងពីរ គឺចិន និងស្រីលង្កា ​បានជួបចរចាគ្នា បន្ទាប់ពីប្រធានាធិបតីរូ​បនេះ ទើបតែត្រឡប់មកពី​ធ្វើទស្សនកិច្ច​នៅ​​ទីក្រុងតូក្យូ។

លោក​ប្រធានាធិបតីស្រីលង្កា ​បានលើកឡើងថា ប្រទេសចិន បាន​ជួយគាំទ្រ​ស្រីលង្កា​តាំងពីជំនាន់មុនៗមក ហើយលោកជឿជាក់ថា ចិន​នឹង​បន្តការជួយដដែល​ក្នុងពេលដ៏លំបាក​នេះ។

យ៉ាងណាមិញ ជុំវិញ​ដំណើរការ​កិច្ចចរចានេះ លោក​មិន​បាន​បញ្ជាក់​លម្អិតឡើយ ដោយគ្រាន់តែអះអាងថា វាកំពុងតែ​រលូនទៅមុខ ហើយ​លោកចង់រក្សា​ការសម្ងាត់​ជៀសវាង​ប៉ះពាល់​ទីផ្សារ។ លោកបញ្ជាក់​ថា ក្រោយភាគីទាំងពីរ​ព្រមព្រៀងគ្នា​អស់ហើយ នឹងមាន​ការចេញ​សេចក្តី​ប្រកាស​ជាផ្លូវការផងដែរ។

សូមជម្រាប​ថា ក្នុងរយៈពេល​ជាច្រើន​ឆ្នាំចុងក្រោយនេះ ស្រីលង្កា​បានខ្ចីបុល​​យ៉ាងច្រើនសម្បើម​ពីប្រទេសចិន លើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា កំពង់ផែ ព្រលានយន្តហោះ និងការកសាង​ទីក្រុងជាដើម។ ប៉ុន្តែគម្រោងទាំងនេះ មិនអាច​ផ្តល់ចំណូលគ្រប់គ្រាន់​ឱ្យប្រទេសដីកោះមួយនេះ ដោះស្រាយបញ្ហាសងបំណុលវិញរួចឡើយ មិនតែប៉ុណ្ណោះ​ក៏ធ្លាក់ចូលផុងកាន់តែជ្រៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច។ ដោយមិនអាចទ្រាំទ្ររួច ស្រីលង្កា​បាន​​ផ្អាក​មិនសងបំណុលបរទេស​ប្រមាណ ៥១ពាន់លានដុល្លារ ដែលក្នុងនោះ ស្រីលង្កា​មានកាតព្វកិច្ច​ត្រូវតែបំណុល​ប្រមាណ ២៨ពាន់លាន​ដុល្លារ​ឱ្យរួចនៅត្រឹមឆ្នាំ​២០២៧។

យោងតាម​ទិន្នន័យ​ក្រសួងសេដ្ឋកិច្ចស្រីលង្កា បង្ហាញ​ថា គិត​ត្រឹមចុងខែមិថុនា ឆ្នាំ​២០២២ បំណុលសាធារណៈ​របស់​ប្រទេសមួយនេះមានដល់ទៅ ១២២% នៃផលិតផលក្នុងស្រុក​សរុប។ ក្នុងនោះ ចិន ជប៉ុន និង​ឥណ្ឌា គឺជាម្ចាស់បំណុលធំៗ ដោយចិនតំណាងឱ្យ ៥២%នៃបំណុល​សរុប បន្ទាប់មក​គឺជប៉ុន ២០% និងឥណ្ឌា ១២%។

សេដ្ឋកិច្ចប្រទេស​ស្រីលង្កា ត្រូវបាន​ប៉ាន់ស្មានថា​ដាំក្បាលចុះក្នុងរង្វង់ ៤,៨% ​នៅឆមាសទី១ នៃឆ្នាំ​២០២២ ហើយរំពឹងថា ​នឹងបន្តធ្លាក់ចុះ​នៅឆមាសទី២នេះទៀត ដោយសារ​ស្ថានភាពមិនល្អ​នូវ​រូបិយវត្ថុ អត្រាប្តូរប្រាក់ និងសារពើពន្ធ ព្រមទាំង​បញ្ហាកង្វះខាតប្រេងសាំង ស្បៀងអាហារ និងថ្នាំពេទ្យផងដែរ។ នេះបើតាម​ការប្រកាសរបស់​ធនាគារកណ្តាលស្រីលង្កា កាលពីថ្ងៃទី៦ ខែតុលា៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ការស៊ើបអង្កេតរបស់ស៊ុយអែតបង្ហាញថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប កើតចេញពីការបំផ្ទុះ

ព័ត៌មាន
សេវាសន្តិសុខរបស់ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃទី ៦ខែតុលាថា ការស៊ើបអង្កេតលើករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន ណដស្ទ្រីមទី១ និងទី២ (Nord Str…

ទស្សនវិស័យសេដ្ឋតំបន់អាស៊ានបូក៣ធ្លាក់ចុះ ខណៈសេដ្ឋកិច្ចចិនត្រូវបន្ទាបការព្យាករណ៍កាន់តែទាប

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការលំបាកផ្នែកសេដ្ឋកិច្ច ក្តីបារម្ភពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ទំនងក្លាយជាបន្ទុកមួយទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ