ក្រុមអ្នកវិភាគបានលើកឡើងថា ការអន្តរាគមន៍របស់រដ្ឋាភិបាលចិន ដើម្បីគ្រប់គ្រងទីផ្សារសញ្ញាបណ្ណ ឬទីផ្សារមូលបត្របំណុលកាលពីពេលថ្មីៗនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុងប៉េកាំងកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។ ខណៈដែលសេដ្ឋកិច្ចកំពុងមានសន្ទុះកំណើនយឺតយ៉ាវ ការគ្រប់គ្រងមូលធនយ៉ាងតឹងរ៉ឹងរបស់ចិន បានផ្ដោតលើការវិនិយោគក្នុងស្រុកលើទីផ្សារមូលបត្របំណុលរដ្ឋាភិបាលចិន ដែលជាទីផ្សារមូលបត្របំណុលរដ្ឋាភិបាលធំបំផុតក្នុងពិភពលោក។
សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃទី១២ ខែសីហា ថា ក្រុមនិយ័តករនៅខេត្តជាំងស៊ី (Jiangxi) ប្រទេសចិន បានណែនាំឱ្យធនាគារនានាផ្អាកការទិញមូលបត្របំណុលរដ្ឋាភិបាល។ តម្លៃមូលបត្របំណុលរដ្ឋាភិបាលចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតមួយខែកន្លងមកនេះ។ ការធ្លាក់ចុះនេះវាជារឿងមួយដ៏គួរឱ្យព្រួយបារម្ភ ពីព្រោះវាបានជះផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ដោយសារធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងនានា កាន់កាប់មូលបត្របំណុលទាំងនេះយ៉ាងច្រើន។
ថ្មីៗនេះ ទិន្នផលមូលបត្របំណុលបានកើនឡើង បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានកាលពីដើមឆ្នាំនេះ ដែលជំរុញដោយអត្រាការប្រាក់ទាបនៅប្រទេសចិន បើធៀបនឹងអត្រាការប្រាក់ខ្ពស់នៅសហរដ្ឋអាម៉េរិក។
ក្តីបារម្ភនេះបានរីករាលដាលហួសពីភាពទន់ខ្សោយខាងសេដ្ឋកិច្ច រហូតដល់អស្ថិរភាពហិរញ្ញវត្ថុ ដែលអាចកើតមានឡើង។ ធនាគារកណ្តាលចិន បានបង្កើនការអន្តរាគមន៍លើទីផ្សារមូលបត្របំណុលរបស់ខ្លួន ដើម្បីគ្រប់គ្រងហានិភ័យ ជាពិសេសដោយសារតែក្រុមហ៊ុនធានារ៉ាប់រងនានា បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើមូលបត្របំណុលនេះ។
ស្របពេលដែលទីផ្សារអចលនទ្រព្យចិន កំពុងជាប់ផុងក្នុងវិបត្តិធ្ងន់ធ្ងរនៅឡើយ ហើយផ្សារហ៊ុនក៏ដាំក្បាលចុះនោះ ការអន្តរាគមន៍របស់ធនាគារកណ្ដាលចិន បានបង្កហានិភ័យខាតបង់យ៉ាងធ្ងន់ធ្ងរ។ នេះបានបង្ហាញឱ្យឃើញថា ក្រុងប៉េកាំង ចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹងការចាត់ចែងឥណទាន និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ពីព្រោះទីផ្សារមូលបត្របំណុល គឺជាឆ្អឹងខ្នងនៃវិស័យហិរញ្ញវត្ថុ៕
ដោយ: តែម សុខុម