វិស័យសេដ្ឋកិច្ច

ហេតុអ្វីសម្ទុះកំណើននាំចេញខ្លាំងរបស់មហាយក្សចិន នៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន?


សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជាសម្រេចបានកំណើនត្រឹមតែ៤,៧% ប៉ុណ្ណោះនៅត្រីមាសទី៣ ដែលជាសម្ទុះក្នុងល្បឿនយឺតបំផុតរបស់ខ្លួនក្នុងឆ្នាំ២០២៥ នេះ បើទោះបីជាការនាំចេញរបស់ខ្លួនមានសម្ទុះកំណើនខ្លាំងបំផុតមិនធ្លាប់មានយ៉ាងណាក្ដី។ ការធ្លាក់ចុះនៃការវិនិយោគវិស័យលក់រាយ និងទិន្នផលឧស្សាហកម្មកំពុងទាញកំណើនសេដ្ឋកិច្ចឱ្យមានសម្ទុះយឺត ខណៈដែលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បានកើនឡើងកម្ដៅជាថ្មីកាន់តែខ្លាំង។
វិស័យសេដ្ឋកិច្ច
ដោយ

វិស័យលក់រាយនៅក្នុងប្រទេសចិន សម្រេចបានកំណើនទាបត្រឹមតែ៣% ប៉ុណ្ណោះ កាលពីអំឡុងខែកញ្ញា ហើយទិន្នផលឧស្សាហកម្មចិន សម្រេចបានកំណើន៥% ដែលទាំងពីរនេះសុទ្ធតែជាកំណើនខ្សោយបំផុតនៅឆ្នាំ២០២៥ នេះ។ ការវិនិយោគបានជាប់គាំងដោយសារតែវិស័យអចលនទ្រព្យចិន បានដាំក្បាលចុះខ្លាំង និងកំពុងជាប់ផុងក្នុងវិបត្តិ ការវិនិយោគបរទេសធ្លាក់ចុះ១៣% ការធ្លាក់ចុះការចំណាយក្នុងវិស័យផលិតកម្ម ដែលជះផលប៉ះពាល់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាលចិន។

អតិរេកពាណិជ្ជកម្មរបស់មហាយក្សចិន បានឈានដល់កម្រិតកំណត់ត្រា៨៧៥ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា អតិរេកពាណិជ្ជកម្ម ឬការនាំចេញច្រើនជាងការនាំចូលយ៉ាងច្រើនសម្បើមខាងលើនេះនឹងមិនអាចប៉ះប៉ូវបញ្ហារចនាសម្ព័ន្ធដ៏ជ្រៅរបស់ចិន បានឡើយ ហើយនោះ គឺដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ហានិភ័យអប្បផរណា និងការពឹងផ្អែកខ្លាំងតែលើការនាំចេញ។

នៅឯកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន នៅសប្តាហ៍ក្រោយ ក្រុមមេដឹកនាំចិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ៥ឆ្នាំបន្ទាប់ (២០២៦-២០៣០) ដើម្បីផ្លាស់ប្តូរគោលដៅសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញឆ្ពោះទៅរកសេដ្ឋកិច្ច ដែលពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុក។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យារករថា មហាយក្សចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៨% នៅឆ្នាំ២០២៥ នេះ ហើយនឹងធ្លាក់ចុះវិញមកនៅត្រឹម៤,២% នៅឆ្នាំ២០២៦ ដោយព្រមានថា ប្រទេសចិន ប្រឈមហានិភ័យវិបត្តិអប្បផរណា ដែលធ្វើឱ្យពលរដ្ឋ និងអាជីវកម្មនានាជួបការលំបាកក្នុងការទូទាត់សងបំណុល លុះត្រាតែពលរដ្ឋបង្កើនការចាយវាយ ហើយរដ្ឋាភិបាលចិន កាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្ម និងការនាំចេញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយឡាវ ក្រោយបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា

ប្រទេសថៃ កំពុងងាកទៅពង្រឹង និងពង្រីកពាណិជ្ជកម្មជាមួយប្រទេសឡាវ ក្រោយការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា មានការរាំងស្ទះ បន្ទាប់ពីយោធាថៃ បានបិទច្រក…

ទិវាបរិច្ចាគឈាមឆ្នាំ 2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត

កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ