វិស័យធនាគារ

ចិនបញ្ចេញកម្ចីធនាគារច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣ ប៉ុន្តែសេដ្ឋកិច្ចនៅតែជួបការលំបាក


ការផ្តល់កម្ចីធនាគារថ្មីៗនៅក្នុងប្រទេសចិន បានកើនឡើងតិចជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចកាលពីខែធ្នូ ប៉ុន្តែទោះជាយ៉ាងណា ការផ្តល់ប្រាក់កម្ចីសរុបក្នុងឆ្នាំ២០២៣ ទាំងមូលបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលធនាគារកណ្តាលចិន បានរក្សាអត្រាការប្រាក់គោលនយោបាយឱ្យនៅទាប ដើម្បីជួយជំរុញសេដ្ឋកិច្ចចិន ដែលកំពុងដាំក្បាលចុះខ្លាំងឱ្យស្ទុះងើបឡើងវិញ។
វិស័យធនាគារ
ដោយ

បើតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្ដាលចិន (PBOC) កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា បណ្ដាធនាគារនៃប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានផ្ដល់ប្រាក់កម្ចីថ្មីៗជាង១៦៣ពាន់លានដុល្លារ កាលពីខែធ្នូ គឺច្រើនជាងខែវិច្ឆិកា ប៉ុន្តែវានៅតែទាបជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានដ៏ធំមួយបានបង្ហាញថា ក្រុមអ្នកវិភាគបានព្យាករថា ប្រាក់កម្ចីថ្មីៗនឹងកើនឡើងដល់ជាង១៩៥ពាន់លានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយកើនឡើងច្រើនជាងកាលពីខែវិច្ឆិកា ដែលមានចំនួនជាង១៥១ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២៣ ការផ្តល់កម្ចីធនាគារថ្មីៗបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ជាង៣ទ្រីលានដុល្លារ ដែលស្មើនឹងទំហំផលិតផលក្នុងស្រុកសរុប​​ (GDP) របស់អង់គ្លេសទាំងមូល និងបានកើនឡើង៦,៨% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនជិត៣ទ្រីលានដុល្លារ។

ទោះជាយ៉ាងណា សេដ្ឋកិច្ចចិន នៅតែជួបការលំបាកក្នុងការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្មនៅតែមានភាពទន់ខ្សោយ ហើយបណ្ដារដ្ឋបាលមូលដ្ឋានកំពុងពុះពារងើបចេញពីបំណុលដ៏ច្រើន ខណៈវិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលកំពុងជះផលប៉ះពាល់ខ្លាំងលើការសាងសង់ និងការវិនិយោគ។

ស្របពេលតម្រូវការចុះខ្សោយ សេដ្ឋកិច្ចចិន ក៏កំពុងប្រឈមមុខនឹងសម្ពាធបរិត្តផរណាដែលបន្តឈានចូលដល់ឆ្នាំ២០២៤ ផងដែរ ខណៈដែលមានការរំពឹងទុកថា នឹងមានវិធានការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោក ចុង លាំង (Zong Liang) ប្រធានផ្នែកស្រាវជ្រាវនៅធនាគាររដ្ឋចិន Bank of China បាននិយាយថា គោលនយោបាយរូបិយវត្ថុនឹងត្រូវបានបន្ធូរបន្ថយ នៅពេលណាធនាគារប្រឈមមុខនឹងសម្ពាធបរិត្តផរណា ហើយថា អត្រាការប្រាក់គួរត្រូវបានបញ្ចុះឱ្យទាបថែមទៀត៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ក្រុមមេដឹកនាំពិភពលោកត្រូវរែកពន់បន្ទុកដ៏ធ្ងន់នៅឆ្នាំនេះ ខណៈបំណុលសាធារណៈសរុបកើនដល់៨៨ទ្រីលានដុល្លារ

ឆ្នាំថ្មី២០២៤ ជាឆ្នាំនាំមកនូវក្ដីសង្ឃឹមថ្មី ដែលគេរំពឹងថាអ្វីៗនឹងប្រសើរឡើងជាងឆ្នាំចាស់។ ទន្ទឹមនឹងក្ដីរំពឹងនេះ ក្រុមមេដឹកនាំពិភពលោក ដែលអញ្ជ…

តំណាងកសិករស្នើឱ្យអាជ្ញាធរពង្រឹង និងទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ ក្រោយតម្លៃ និងអ្នកចិញ្ចឹមត្រីធ្លាក់ចុះ

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជា ដែលតំណាងឱ្យកសិករចិញ្ចឹមត្រី បានស្នើឱ្យស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការលួចនាំចូលត្រីខុសច្បាប់ពីប្រទេសជិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ