អាស៊ាន-សហរដ្ឋអាមេរិក

កម្ពុជា-សហរដ្ឋអាមេរិកប្តេជ្ញាធ្វើឲ្យទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែល្អប្រសើរ


នៅក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាពាក់ព័ន្ធការអញ្ជើញ និងឆ្លើយតបក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន និងរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានបង្ហាញការតាំងចិត្តក្នុងការធ្វើការរួមគ្នា ដើម្បីឲ្យទំនាក់ទំនងអាស៊ាន-អាមេរិកកាន់តែមានភាពល្អប្រសើរ។ ទន្ទឹមនឹងបង្ហាញការប្តេជ្ញាចិត្តនិងគាំទ្រគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏រំពឹងសម្រេចបានគោលដៅរួមពាក់ព័ន្ធបញ្ហាក្នុងតំបន់ តាមរយៈកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលគ្រោងធ្វើឡើងនៅប៉ុន្មានខែខាងមុខនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ បានផ្ញើលិខិតមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអញ្ជើញសម្តេចតេជោក្នុងនាមជាប្រធានអាស៊ានឲ្យចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះ។ ក្នុងលិខិតអញ្ជើញដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី៦ កុម្ភៈ លោក ចូ បៃដិន បានបង្ហាញពីការទន្ទឹងរង់ចាំក្នុងការធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីធ្វើឲ្យទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែមានភាពរីកចម្រើន។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកនឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់»។

ទន្ទឹមនឹងបង្ហាញក្តីរំពឹងថា សម្តេចតេជោ នឹងចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រចំពោះភាពកណ្តាលរបស់អាស៊ាន និងគាំទ្រចំពោះការធ្វើឲ្យប្រសើរឡើងនូវបញ្ហាក្នុងតំបន់ ដែលមានអាស៊ានជាស្នូល និងជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ឆ្លើយតបនឹងការអញ្ជើញខាងលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានបង្ហាញពីការទន្ទឹងរង់ចាំដូចគ្នាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋសហរដ្ឋអាមេរិក និងជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើទំនាក់ទំនងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិក។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារំពឹងថា តាមរយៈកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកកាន់តែមានភាពរីកចម្រើន។ សម្តេចបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«ខ្ញុំមានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចម្រើនទៅមុខបន្ថែមទៀត»។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានបង្ហាញការប្តេជ្ញា និងគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោននៅប៉ុន្មានខែខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិក៖ រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែនហើយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងប្រាប់សារព័ត៌មានបារាំង AFP …

កសិករនៅតែប្រឈមការលំបាកច្រើនក្នុងការដាំដុះស្វាយឲ្យត្រូវតាមស្ដង់ដារនាំចេញ ហេតុអ្វី?

ព័ត៌មាន
ក្រុមប្រជាកសិករអះអាងថា ពួកគាត់នៅតែប្រឈមនឹងការលំបាក និងមិនទាន់បានយល់ដឹងច្បាស់នៅឡើយអំពីស្ដង់ដារនៃការដាំដុះស្វាយដើម្បីនាំចេញត្រង់ទៅកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ