របាយការណ៍សិក្សាស្រាវជ្រាវពីអង្គការឃ្លាំមើលថាមពលពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា ក្នុងទំហំសរុបរហូតដល់ទៅ៣៣៩ជីហ្គាវ៉ាត់ ឬស្មើនឹង៦៤%នៃផលិតកម្មថាមពលស្អាតសរុបទូទាំងពិភពលោក។
ទំហំនេះគឺច្រើនជាងរហូតដល់ទៅ៨ដងឯណោះ បើធៀបនឹងសហរដ្ឋអាម៉េរិក ដែលមានស្ថានីយដើរដោយថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា ត្រឹមតែ៤០ជីហ្គាវ៉ាត់ (GW) ស្ថិតក្រោមការសាងសង់។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ធ្វើឱ្យគោលដៅរបស់ពិភពលោក ក្នុងការបង្កើនសមត្ថភាពថាមពលកកើតឡើងវិញ១គុណនឹង៣ដង នៅត្រឹមដំណាច់ឆ្នាំ២០៣០ កាន់តែងាយសម្រេចបាន ទោះបីជាមិនមានការសាងសង់ទំនប់វារីអគ្គិសនីបន្ថែមក៏ដោយ។
ទន្ទឹមនេះ ក្រុមអ្នកតាក់តែងរបាយការណ៍សិក្សាស្រាវជ្រាវនេះ បានជំរុញឱ្យប្រទេសចិន បង្កើនគោលដៅរបស់ខ្លួនក្នុងការប្ដេជ្ញាចិត្តនៅចំពោះមុខអង្គការសហប្រជាជាតិ (UN) នៅឆ្នាំក្រោយក្នុងការកាត់បន្ថយការបំភាយឧស្ម័នចូលទៅក្នុងបរិយាកាស។
យោងតាមអង្គការមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី Climate Energy Finance ដែលធ្វើការស្រាវជ្រាវ និងវិភាគលើបញ្ហាហិរញ្ញវត្ថុសកលទាក់ទិននឹងអន្តរកាលថាមពលសកលពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលឆ្ពោះទៅរកថាមពលស្អាតបានឱ្យដឹងថា ក្រុងប៉េកាំង អាចនឹងសម្រេចបានគោលដៅឆ្នាំ២០៣០ របស់ខ្លួនក្នុងការដំឡើងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យឱ្យបានទំហំ១.២០០ជីហ្គាវ៉ាត់ (GW) នៅក្នុងខែនេះតែម្ដង ពោលគឺសម្រេចគោលដៅលឿនជាងការកំណត់រហូតដល់ទៅ៦ឆ្នាំឯណោះ៕
ដោយ: តែម សុខុម