ប្រទេសអូស្ត្រាលី និងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មនឹងគ្នាដ៏ធំបំផុតនោះកំពុងកសាងទំនាក់ទំនងនឹងគ្នាឡើងវិញ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពតានតឹងឈានដល់កម្រិតទាបកាលពីឆ្នាំ២០២០ ក្រោយទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺកូវីដ-១៩។ អូស្ត្រាលី គឺជាអ្នកផ្គត់ផ្គង់សាច់គោលំដាប់កំពូលមួយរបស់ចិន ប៉ុន្តែបរិមាណនាំចេញបានដាំក្បាលចុះ បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពជូរចត់។
ប្រទេសចិនបានផ្អាកការនាំចូលសាច់គោពីរោងចក្ររបស់អូស្ត្រាលីមួយចំនួនមិនឱ្យចូលទៅកាន់ទីផ្សាររបស់ខ្លួនក្នុងឆ្នាំ២០២០ ក្រោមហេតុផលមានភាពមិនប្រក្រតីនៃស្លាកសញ្ញា និងបញ្ហាបច្ចេកទេសផ្សេងៗ។ ប៉ុន្តែនៅថ្ងៃនេះ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ចិនបានលុបចោលបម្រាមនាំចូលសម្រាប់ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលីធំៗចំនួន៥ ដែលនឹងចូលជាធរមានភ្លាមៗតែម្ដង។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ផេនី វ៉ុង (Penny Wong) និងរដ្ឋមន្ត្រីអូស្ត្រាលីពាក់ព័ន្ធមួយចំនួនទៀតបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះថា អូស្ត្រាលីនឹងបន្តជំរុញឱ្យចិនដករបាំងពាណិជ្ជកម្មដែលនៅសេសសល់បន្ថែមទៀត រួមទាំងសម្រាប់ឧស្សាហកម្មបង្កងថ្មរបស់អូស្ត្រាលីផងដែរ។
មកដល់ពេលនេះកន្លែងកែច្នៃសាច់គោចំនួន៨ ត្រូវបានដកបម្រាមវិញហើយ ខណៈដែលកន្លែងកែច្នៃពីរទៀតនៅជាប់បម្រាមនៅឡើយ។ បើតាមរដ្ឋាភិបាលអូស្ត្រាលី របាំងពាណិជ្ជកម្មពីប្រទេសចិននៅមុនការបោះឆ្នោតនៅអូស្ត្រាលីកាលពីខែឧសភា ឆ្នាំ២០២២ បានប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីក្នុងតម្លៃជាង២០ពាន់លានដុល្លារអូស្ត្រាលីប្រហែលជាង១៣ ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល