តើកម្ពុជាអាចប្រឈមវិបត្តិស្បៀងអាហារដែរឬទេ?

តើកម្ពុជាអាចប្រឈមវិបត្តិស្បៀងអាហារដែរឬទេ ចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនេះកាន់តែខ្លាំង?


ស្របពេលពិភពលោកកំពុងមានការព្រួយបារម្ភពីវិបត្តិស្បៀងអាហារដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាអះអាងថា គ្មានសញ្ញាណាមួយបង្ហាញថា កម្ពុជាអាចប្រឈមបញ្ហាខ្វះស្បៀងអាហារនោះទេ ហើយបញ្ហានេះ ក៏ទំនងជាមិនអាចកើនមាននៅកម្ពុជានោះដែរ។
រូបភាព ៖ ក្រសួងកសិកម្ម

ការអះអាងបែបនេះរបស់មន្ត្រីរាជរដ្ឋាភិបាល គឺដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផល​កសិកម្ម​ដ៏ធំមួយនៅតំបន់អាស៊ាន។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាទទួលទានបាយ​ជាអាហារ មិនដូចប្រទេសប៉ែកអឺរ៉ុប ដែលភាគច្រើនហូបនំប៉័ង ដែលផលិតឡើងពីស្រូវសាលីនោះទេ។ យ៉ាងណាក៏ដោយចុះ នៅក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក សម្តេចតេជោ ហ៊ុន សែន ព្រមានថា ពិភពលោកនឹងប្រឈមវិបត្តស្បៀងអាហារ ប្រសិនបើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តអូសបន្លាយ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋម​ន្ត្រី ​និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជានោះទេ។ ហើយឯកឧត្តមជឿជាក់ថា វិបត្តិស្បៀងអាហារក៏ទំនងជាមិនអាចកើតមានឡើងនៅកម្ពុជានោះដែរ។ មិនអាចកើនមាន ក៏ព្រោះតែកម្ពុជាមានការត្រៀមលក្ខណៈខ្ពស់ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង ហើយកម្ពុជារួម​ជាមួយប្រទេសសមាជិកអាស៊ានទាំ​ងអស់បានរួមគ្នាបង្កើតឲ្យមានសន្តិសុខស្បៀងក្នុងក្របខណ្ឌអាស៊ាន។

យើងសង្កេតឃើញថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ក្រៅតែពីបានរុញច្រាន​ឲ្យកើតមានវិបត្តិ​កង្វះខាតស្បៀងអាហារពិភពលោកហើយនោះ វាក៏បានធ្វើឲ្យ​តម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ក៏មានការកើនឡើងទៅតាមនឹងផងដែរ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានគូសបញ្ជាក់ថា ទោះបីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងខ្ពស់ដោយសារកើនឡើងតម្លៃប្រេងសកល​ក៏ដោយ តែកម្ពុជាមិនបានជួបប្រទះបញ្ហាអតិផរណាតម្លៃទំនិញ​ប្រើប្រាស់ប្រចាំថ្ងៃកើនឡើងនោះទេ។ ហើយឯកឧត្តម ជឿជាក់ថា កម្ពុជាក៏ទំនង​ជាមិនអាចជួបប្រទះបញ្ហានេះដែរ ព្រោះកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយដែរនៅតំបន់អាស៊ាន។

នាកិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ កាលពីពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានថា វិបត្តិស្បៀងអាហារពិភពលោកនឹងកើតមានឡើងនៅអំឡុងឆ្នាំ២០២៣ ប្រសិនបើពុំមានការដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់ ហើយទុកឲ្យបន្តអូសបន្លាយពេលយូរបន្ថែមទៀត។ ការវាយតម្លៃបែបនេះ ព្រោះ សម្តេចតេជោ មើលឃើញថា វិបត្តសង្គ្រាមនៅអ៊ុយក្រែននឹងឲ្យប៉ះពាល់ការផលិត និងនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំមួយនៅលើពិភពលោក។ ទោះយ៉ាងណាសម្តេចរំពឹងថា កម្ពុជារួមជាមួយប្រទេសជាសមាជិកអាស៊ាននឹងមិនជួបបញ្ហាវិបត្តិស្បៀងអាហារនេះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកម្ពុជា ដោយមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២២

ព័ត៌មាន
សហរដ្ឋអាមេរិក នៅតែឈរក្នុងកំពូលតារាង ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញទំនិញ។ ជាក់ស្ដែង ក្នុងរយៈពេល ៤ខែ ឆ្នា…

ការស្ទង់មតិរបស់រាជរដ្ឋាភិបាលជប៉ុន៖ ចិននាំមុខជប៉ុនជាដៃគូអនាគតដ៏ភ្លឺស្វាងរបស់អាស៊ាន

ព័ត៌មាន
ស្ទើរតែពាក់កណ្តាលនៃប្រជាជននៅអាស៊ាន ដែលត្រូវបានក្រសួងការបរទេសជប៉ុនធ្វើការស្ទង់មតិបានចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់បំផុតនាពេលអនាគតសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ