ប្រទេសចិន

ចិនបង្កើនការប្រមូលទិញមាសក្នុងរយៈពេល៥ខែជាប់ៗគ្នា ខណៈស្ដុកមាសក្នុងប្រទេសនេះកើនដល់ជាង២ពាន់តោន


នៅក្នុងខែមេសាកន្លងទៅនេះ ប្រទេសចិនបានបន្ថែមមាសសុទ្ធចំនួនជាង ៨ តោន ទៅក្នុងឃ្លាំងរបស់ខ្លួន ដោយធ្វើឲ្យបរិមាណមាសបម្រុងរបស់ចិនឡើងដល់ ២ ០៧៦ តោន បន្ទាប់ខំប្រមូលទិញមាសបាន ១២០ តោនក្នុងរយៈពេលប្រាំខែជាប់ៗគ្នា ចាប់ពីខែវិច្ឆិកាដល់ខែមីនា។ ទន្ទឹមនឹងនេះ រូបិយប័ណ្ណបម្រុងអន្តរជាតិរបស់ចិនក៏បានកើនឡើងផងដែរ។ នេះបើយោងតាមសារព័ត៌មាន ប្លូមប៊ើក និងទីភ្នាក់ងារសារព័ត៌មានរើយធឺ។
ចិនបង្កើនការប្រមូលទិញមាសក្នុងរយៈពេល៥ខែជាប់ៗគ្នា ខណៈស្ដុកមាសក្នុងប្រទេសនេះកើនដល់ជាង២ពាន់តោន
ដោយ

ធនាគារកណ្តាលនៃប្រទេសនានានៅជុំវិញពិភពលោកបានខ្នះខ្នែងទិញមាសសុទ្ធយកមករក្សាទុក ស្របពេលមានការកើនឡើងនៃការប្រឈមផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។ ក្នុងចំណោមនោះ ធនាគារកណ្តាលចិនបានទិញមាសក្នុងបរិមាណដ៏ច្រើនមកទុកកាលពីឆ្នាំមុន ដើម្បីធ្វើពិពិធកម្មទ្រព្យសកម្ម ក៏ដូចជាការការពារទុនបម្រុងពីផលប៉ះពាល់បង្កឡើងដោយការធ្លាក់ចុះនៃប្រាក់ដុល្លារ និងអតិផរណាខ្ពស់ដ៏អូសបន្លាយ។

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យថា នៅក្នុងខែមេសា ចិនបានបន្ថែមមាសសុទ្ធចំនួនជាង ៨ តោន ទៅក្នុងឃ្លាំងរបស់ខ្លួន ដោយធ្វើឲ្យបរិមាណមាសបម្រុងរបស់ចិនឡើងដល់ ២ ០៧៦ តោន បន្ទាប់ខំប្រមូលទិញមាសបាន ១២០ តោនក្នុងរយៈពេលប្រាំខែ ចាប់ពីខែវិច្ឆិកាដល់ខែមីនា។ តម្លៃសរុបនៃមាសបម្រុងរបស់ប្រទេសចិនបានកើនឡើងដល់ ១៣២,៣៥ ប៊ីលានដុល្លារនៅចុងខែមេសា បន្ទាប់ពីមានតម្លៃត្រឹម ១៣១,៦៥ ប៊ីលានដុល្លារ កាលពីខែមីនា។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ បើទោះបីជាការទិញមាសសុទ្ធបញ្ចូលឃ្លាំងរដ្ឋមានដំណើរមិនសូវខ្លាំងក៏ដោយ ក៏បរិមាណមាសនៅតែស្ថិតក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក ដែលឱ្យដឹងថា ប្រទេសសិង្ហបុរី ប្រទេសចិន និងប្រទេសទួរគី គឺជាអ្នកទិញធំបំផុត។

ការប្រមូលមាសសុទ្ធយ៉ាងច្រើនបានជួយឱ្យតម្លៃមាសកើនឡើងជិតដល់កម្រិតខ្ពស់បំផុត ខណៈដែលទីផ្សារព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចអាមេរិក និងមានសញ្ញាតានតឹងផ្នែកឥណទានជាប្រចាំ។ ហានិភ័យភូមិសាស្ត្រនយោបាយដែលកើតចេញពីទំនាក់ទំនងរកាំរកូសខ្លាំងរវាងចិននិងសហរដ្ឋអាមេរិក ក៏កំពុងជំរុញឱ្យមានតម្រូវការមាសដុំដែលជាទុនបម្រុងមានសុវត្ថិភាពផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងខែមេសា រូបិយប័ណ្ណបរទេសបម្រុងរបស់ចិនក៏បានកើនឡើងច្រើនជាងការរំពឹងទុកដែរ ដោយសារប្រាក់ដុល្លារបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ រូបិយប័ណ្ណបរទេសបម្រុងរបស់ចិន ដែលមានទំហំធំបំផុតនៅលើពិភពលោក បានកើនឡើង ២១ ប៊ីលានដុល្លារ ជាហេតុនាំឲ្យវាមានទំហំសរុបដល់ជាង ៣,២ ទ្រីលានដុល្លារកាលពីខែមុន។

អាជ្ញាធរចិនទទួលបន្ទុកការប្តូរប្រាក់បរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនៃទុនបម្រុងជារូបិយប័ណ្ណបរទេសគឺជាលទ្ធផលនៃការធ្លាក់ថ្លៃប្រាក់ដុល្លារអាមេរិក និងការកើនឡើងនៃតម្លៃទ្រព្យហិរញ្ញវត្ថុសកល។ និយ័តករនេះបានបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជួយឱ្យរូបិយប័ណ្ណបរទេសបម្រុងរក្សាស្ថិរភាពយ៉ាងរឺងមាំ។

កាលពីខែមេសា តម្លៃប្រាក់យ័នបានធ្លាក់ចុះ ០,៦៣ ភាគរយ បើធៀបនឹងប្រាក់ដុល្លារ ខណៈដែលតម្លៃប្រាក់ដុល្លារបានធ្លាក់ចុះ ០,៩៤ ភាគរយធៀបតម្លៃរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


មេពន្ធដារថា ប្រព័ន្ធអ៊ីនធឺណេតខ្សោយ គឺជាកត្តាប្រឈមមួយសម្រាប់ការផ្ដល់សេវាពន្ធដារជូនដល់ប្រជាពលរដ្ឋ

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ អះអាងថា បញ្ហាប្រឈមមួយដែលអគ្គនាយកដ្ឋានពន្ធដារបាននឹងកំពុងជួបប្រទះខ្លាំងនាពេលបច្ចុប្បន្នក្នុងការផ្ដល់សេវាដល់…

ក្រុមអ្នកជំនាញថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅតែរឹងមាំនៅដើមឆ្នាំនេះ

ការដួលរលំនៃធនាគារធំៗជាបន្ដបន្ទាប់នៅអាមេរិក កំពុងត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួនដូចជា IMF ចាត់ទុកថា គឺជាហានិភ័យមួយដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ