ទិន្នន័យសេដ្ឋកិច្ចផ្លូវការរបស់មហាយក្សចិន បង្ហាញថា វិស័យលក់រាយសម្រេចបានកំណើន៥,៥%សម្រាប់រយៈពេល២ខែ ដើមឆ្នាំ២០២៤ បើធៀបនឹងការព្យាករកំណើន៥,២% ខណៈដែលផលិតកម្មឧស្សាហកម្មសម្រេចបានកំណើន៧% បើធៀបនឹងការព្យាករកំណើន៥%។ ទន្ទឹមនេះ ការលក់ទំនិញរាយតាមអនឡាញ សម្រេចបានកំណើន១៤,៤% ក្នុងរយៈពេលដូចគ្នានេះ ខណៈដែលអត្រាគ្មានការងារធ្វើនៅតាមទីក្រុងនានាស្ថិតក្នុងរង្វង់៥,៣%ក្នុងខែកុម្ភៈ។
ទោះជាយ៉ាងណា ការវិនិយោគលើអចលនទ្រព្យ បានធ្លាក់ចុះ៩% ក្នុងរយៈពេល២ខែដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខណៈដែលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រេចបានកំណើន៦,៣% ហើយការវិនិយោគលើផលិតកម្មសម្រេចបានកំណើន៩,៤%អំឡុងពេលដូចគ្នា។ នៅឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរក្នុងស្រុក និងប្រាក់ចំណូលទទួលបានអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានកើនឡើងបើធៀបនឹងឆ្នាំមុន ហើយតួលេខនេះ ក៏ខ្ពស់ជាងតួលេខមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ផងដែរ។
ទោះជាយ៉ាងណា លោក ធីង លូ (Ting Lu) ប្រធានអ្នកជំនាញសេដ្ឋកិច្ចចិន នៅក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura បានចង្អុលបង្ហាញថា ការចំណាយទេសចរណ៍ជាមធ្យមក្នុងមួយដំណើរកម្សាន្តបានធ្លាក់ចុះ៩,៥% ពីកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។
ការលក់រាយមិនបានស្ទុះងើបឡើងវិញពីវិបត្តិកូវីដ-១៩ ខ្លាំងដូចដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ដោយសារអតិថិជនអ្នកប្រើប្រាស់មានភាពមិនច្បាស់លាស់កាន់តែខ្លាំងអំពីប្រាក់ចំណូលនាពេលអនាគតរបស់ពួកគេ។
ក្រុមអ្នកវិភាគនៅធនាគារអាម៉េរិក Goldman Sachs បានលើកឡើងតាមរយៈរបាយការណ៍មួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រាក់កម្ចីថ្មីៗនៅប្រទេសចិន ក្នុងខែកុម្ភៈ បានធ្លាក់ចុះខុសពីការរំពឹងទុក។ ពួកគេបានបន្ថែមថា ការដាំក្បាលចុះដ៏រ៉ាំរ៉ៃក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះទំនុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ចិន ប្រហែលជាបន្តធ្វើឱ្យកម្ចីគ្រួសារធ្លាក់ចុះ ដែលទាមទារឱ្យប្រទេសចិន មានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត៕
ដោយ: តែម សុខុម