វិស័យពាណិជ្ជកម្ម

ចិន នៅតែប្ដេជ្ញាចិត្តបង្កើនការរកស៊ីជាមួយរុស្ស៊ី ទោះបីអាម៉េរិក គំរាមដាក់ពន្ធ៥០០%


ទោះបីសហរដ្ឋអាម៉េរិក កំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មពន្ធលើប្រទេស ដែលរកស៊ីជាមួយរុស្ស៊ីរហូតដល់៥០០% ក៏ដោយ តែមហាយក្សចិន ហាក់មិនញញើតចំពោះការគំរាមកំហែងនោះទេ ដោយនៅតែបន្តប្តេជ្ញាបង្កើនការរកស៊ីជាមួយប្រទេសនេះ។ មហាយក្សចិន ជាដៃគូដោះដូរពាណិជ្ជកម្មដ៏ធំមួយរបស់រុស្ស៊ី បើទោះបីប្រទេសនេះបើកការវាយចូលឈ្លានពានអ៊ុយក្រែន និងរងទណ្ឌកម្មជុំទិសពីប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិក ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យពាណិជ្ជកម្ម
ដោយ

នាយករដ្ឋមន្ត្រីចិន លី ឈាង បានបញ្ជាក់ក្នុងអំឡុងពេលជួបជាមួយសមភាគីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន នាយករដ្ឋមន្ត្រីរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា មហាយក្សចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យ​ថាមពល កសិកម្ម និងវិស័យផ្សេងៗទៀត។ ជាមួយគ្នានេះ លោក លី ប្រកាសបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងអាហាររបស់រុស្ស៊ីបន្ថែមទៀត ខណៈលោក មីខាអ៊ីល បានអះអាងពីភាពធន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំពោះបញ្ហាប្រឈមខាងក្រៅនានា។

បើតាមការអះអាងរបស់លោក មីខាអ៊ីល កិច្ចសហប្រតិបត្តិការរវាងខ្លួនជាមួយចិន ក្នុងវិស័យថាមពលមានលក្ខណៈយុទ្ធសាស្ត្រពិសេស និងគ្របដណ្តប់លើវិស័យប្រេង ឧស្ម័ន ធ្យូងថ្ម និងនុយក្លេអ៊ែ​។ មកទល់ពេលនេះគេដឹងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់ ដែលភាពជាដៃគ្នានេះត្រូវបានប្រកាសឡើងនៅប៉ុន្មានថ្ងៃមុនពេលលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់វាយចូលលុកលុយប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងថាមពលរបស់ថ្នាក់ដឹកនាំរុស្ស៊ី និងចិន​ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា អ្នកតាក់តែងច្បាប់របស់អាម៉េរិក កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មលើប្រទេស ដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរចំណូលចម្បងរបស់ទីក្រុងមូស្គូ ខណៈការចរចាសន្តិភាពជាមួយអ៊ុយក្រែន កំពុងជាប់គាំង។ បើតាមសេចក្តីព្រាងច្បាប់ដែលបានស្នើឡើង សហរដ្ឋអាម៉េរិក អាចដាក់ពន្ធរហូតដល់៥០០% លើប្រទេសណា ដែលធ្វើពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ រួមទាំងអ្នកទិញសំខាន់ៗដូចជាឥណ្ឌា និងចិន ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”

ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ