នៅប៉ុន្មាននាទីក្រោយការយកពន្ធ១០% លើទំនិញនាំចូលពីចិន របស់លោក ដូណាល់ ត្រាំ ចូលជាធរមាននៅថ្ងៃអង្គារ សប្តាហ៍នេះ ក្រសួងហិរញ្ញវត្ថុរបស់ចិន ក៏បានប្រកាសភ្លាមៗដែរថា ចិននឹងយកពន្ធ១៥% លើធ្យូងថ្ម និងឧស្ម័នរបស់សហរដ្ឋអាម៉េរិក និងយកពន្ធ១០% លើប្រេងឆៅ ឧបករណ៍កសិកម្ម និងរថយន្តមួយចំនួន។
ធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs ជឿជាក់ថា ផលប៉ះពាល់រយៈពេលខ្លីមកលើទំនិញនឹងមានកម្រិតស្រាល ដោយសារការផ្គត់ផ្គង់ជាសកល និងតម្រូវការនៃទំនិញទាំងនេះមិនមានការប្រែប្រួលទៅតាមការដំឡើងពន្ធគយរបស់ប្រទេសចិន ភ្លាមៗនោះទេ។ យ៉ាងណាមិញធនាគារនេះបានអះអាងថា ផលិតផលរបស់សហរដ្ឋអាម៉េរិក ដែលរងផលប៉ះពាល់ទំនងជាអាចស្វែងរកទីផ្សារជំនួសចិន បានយ៉ាងងាយស្រួល ហើយចិន ក៏ទំនងជាអាចរកទីផ្សារជំនួសទំនិញដែលរងផលប៉ះពាល់បានដូចគ្នាផងដែរ។
បើតាមការគូសបញ្ជាក់របស់ Goldman Sachs ការនាំចេញឧស្ម័នធម្មជាតិរាវ LNG របស់សហរដ្ឋអាម៉េរិក ទំនងជានឹងកើនឡើង ខណៈដែលការផ្គត់ផ្គង់បន្ថែមពីក្រុមអ្នកផ្គត់ផ្គង់នៅតំបន់អាត្លង់ទិកផ្សេងទៀតអាចនឹងឆ្ពោះទៅកាន់តំបន់អាស៊ី។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman បានបន្ថែមថា ចំពោះធ្យូងថ្មវិញ ពួកគេរំពឹងថា បរិមាណរបស់អាម៉េរិកនឹងត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលទំនងជានឹងបញ្ចេញការផ្គត់ផ្គង់ក្នុងតំបន់ប៉ាស៊ីហ្វិកទៅកាន់ប្រទេសចិន ជំនួសវិញ ហើយថា ការនាំចូលប្រេងឆៅរបស់ចិន ពីអាម៉េរិក មានចំនួនតិចតួចដែលអាចផ្លាស់ប្តូរទីតាំងបានយ៉ាងងាយស្រួល។ ចំពោះផលប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញវិញ ក្រុមហ៊ុននេះជឿជាក់ថា វាក៏ទំនងជាមានកម្រិតផងដែរដោយសារអាម៉េរិកជាដៃគូពាណិជ្ជកម្មឆ្ងាយបំផុតមួយរបស់ប្រទេសចិន។
ទោះយ៉ាងណា ផលប៉ះពាល់ដ៏សំខាន់បំផុតពីវិធានការសងសឹករបស់ចិន ចំពោះទំនិញរបស់អាម៉េរិក គឺការផ្អាកដែលអាចមានចំពោះការចរចាអំពីកិច្ចសន្យាឧស្ម័ន LNG រយៈពេលវែងជាថ្មីរវាងអ្នកទិញចិន និងកន្លែងនាំចេញឧស្ម័ន LNG របស់អាម៉េរិក។ ទីផ្សារតម្លៃប្រេងមានការប្រែប្រួលកាលពីថ្ងៃអង្គារ ចំពេលមានបញ្ហាពន្ធគយរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង៕
អត្ថបទ៖ សុខ មង្គល