
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា អស់រយៈពេល៣ខែហើយ ដែលទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ បានដំណើរការសាងសង់ ហើយមកដល់ពេលនេះគម្រោងដែលមានតម្លៃប្រមាណ១៦៨ ពាន់លានដុល្លារនេះ កំពុងដំណើរការទៅមុខដោយរលូន និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣៥។ បើតាមការអះអាងរបស់លោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលថា គម្រោងនេះ ជាគម្រោងធំបំផុតនៅក្នុងសតវត្សរ៍ទី២១នេះ។
លោក លី បានអះអាងថា គម្រោងវារីអគ្គិសនីនេះមានទ្រង់ទ្រាយធំ ហើយក៏ប្រើប្រាស់រយៈពេលសាងសង់យូរដែរ រីឯផលប៉ះពាល់វាក៏ធំដូចគ្នាដែរ ដូច្នេះវាគួរតែត្រូវបានសាងសង់ឡើងទៅជាគម្រោងដ៏សំខាន់មួយដែលជានិមិត្តរូបនៃសករាជថ្មី។ ការអភិវឌ្ឍន៍គម្រោងនេះត្រូវបានគេជឿជាក់ថា មិនមែនទើបអនុវត្តក្នុងរយៈពេល២ទៅ៣ខែនេះនោះទេ ពោលគឺវាអាចចាប់ផ្តើមសាងសង់ពីមួយឆ្នាំ ឬពីរឆ្នាំមុនប្រកាសបើកផ្លូវការឯណោះ ដោយគម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណង ដើម្បីជំរុញ និងអភិវឌ្ឈន៍តំបន់ភាគខាងលិចរបស់ចិន ឲ្យមានកំណើនសេដ្ឋកិច្ចលឿន និងស្ទុះទៅមុខ។
អ្នកវិភាគបានលើកឡើងថា មកដល់ពេលនេះ នៅក្នុងចំណោមគម្រោងវារីអគ្គិសនីធំៗទាំង៥នៅលើពិភពលោក មាន៤ទីតាំងស្ថិតក្នុងប្រទេសចិន។ កាលពីសម័យមុន ទន្លេជាប្រភពនៃជីវិត ហើយជាសរសៃឈាមនៃអាទិទេព ដូច្នេះចិន កំពុងចង់ក្លាយជាអាទិទេព ព្រោះទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ ជាប្រភពជីពចរនៃតម្រូវការទឹកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែសជាដើម។
ក្រុមមន្រ្តីចិន បានឲ្យដឹងថា គម្រោងទំនប់វារីអគ្គិសនី យ៉ាលង សាងប៉ូ នេះ វានឹងបង្កើតថាមពលអគ្គិសនីបានចន្លោះពី៦០ទៅ៨០ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ ពោលគឺស្មើនឹង២០% នៃតម្រូវការប្រើប្រាស់ថាមពលនៅក្នុងប្រទេសចិន។ គម្រោងនេះត្រូវបានគេដឹងថា ត្រូវការប្រើប្រាស់ស៊ីម៉ងត៍រហូតដល់៤០លានតោន និងដែកយ៉ាងហោចណាស់៤លានតោន ក្រៅពីនោះគឺប្រើប្រាស់ធនធានពីធម្មជាតិ ដូច្នេះហើយទើបមានការព្រួយបារម្ភថា វានឹងប៉ះពាល់ដល់លំហូរទឹករបស់ទន្លេ និងបរិស្ថាន៕
ដោយៈ សរ សុជាតិ