
ទន្ទឹមនេះ ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីឥណ្ឌា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនោះដែរថា ឥណ្ឌា និងមហាយក្សចិន គឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយទៅកាន់មេដឹកនាំមកពីជាង២០ប្រទេសជុំវិញពិភពលោក ដែលចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងកំពង់ផែធានជីន (Tianjin) ប្រទេសចិនថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងបង្កើតគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ ដើម្បីប្រជែងជាមួយអាម៉េរិក និងលោកខាងលិច។
ជាមួយគ្នានេះ លោក ស៊ី បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលមានភាពត្រឹមត្រូវយុត្តិធម៌ជាងពេលបច្ចុប្បន្ន ដោយជំរុញឱ្យប្លុកសហប្រតិបត្តិការសៀងហៃ (SCO) ដែលមាន៩ប្រទេសជាសមាជិករួមមាន ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀរហ្ស៊ីគីស្ថាន តាហ្ស៊ីគីស្ថាន អ៊ុយបេគីស្ថាន និងអ៊ីរ៉ង់ប្រើប្រាស់ទីផ្សារដ៏ធំរបស់ប្លុកនេះដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និង AI ជាដើម។
លោក ពូទីន បាននិយាយថា ប្លុកសហប្រតិបត្តិការសៀងហៃ កំពុងស្តារលទ្ធិពហុភាគីដ៏ពិតប្រាកដតាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងការទូទាត់ពាណិជ្ជកម្ម ដោយជួយសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធសន្តិសុខអាស៊ី-អឺរ៉ុបថ្មី ដែលមានតុល្យភាព និងប្រកបដោយបរិយាបន្នជាងគំរូប្រព័ន្ធសន្តិសុខរបស់លោកខាងលិច។
ក្នុងពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ទី៣១ សីហា ឥណ្ឌា និងចិន គឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះឡើយ ខណៈដែលមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីវិធីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម ស្របពេលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកពន្ធគយដែលបង្កឡើងដោយលោក ដូណាល់ ត្រាំ៕
ដោយ: តែម សុខុម