កូរ៉េខាងជើង

ប្រទេសចិន និងរុស្ស៊ី បោះឆ្នោតវេតូ ជំទាស់ការដាក់ទណ្ឌកម្មបន្ថែមរបស់ UN ទៅលើកូរ៉េខាងជើង


ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតជំទាស់ទៅនឹងការជំរុញរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនជាច្រើនលើកច្រើនសារ ដែលមីស៊ីលនេះអាចប្រើបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរផងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតជំទាសការដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនជាច្រើនលើកច្រើនសារ
ដោយ

ប្រទេសចិន និងរុស្ស៊ី ដូចដែលគេបានទាយទុកមុនអ៊ីចឹង គឺបានបោះឆ្នោតវេតូ ឬជំទាស់ចំពោះការដាក់ទណ្ឌកម្មបន្ថែមទៅកូរ៉េខាងជើង ដ្បិតថា ប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងកាន់តែខ្លាំងឡើង ពិសេសក្រោយផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនមក។

ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចំនួន ១៣ ប្រទេសដែលនៅសេសសល់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកដែលបានស្នើឱ្យហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។

គួររំលឹកថា ការបោះឆ្នោតនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួនបីគ្រាប់ រួមមានទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)ផងដែរ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់តំបន់អាស៊ី។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានសំដែងការខកចិត្តយ៉ាងខ្លាំងទៅនឹងការបោះឆ្នោតរបស់ប្រទេសចិននិងរុស្សីនៅក្នុងក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ។

បើទោះបីលោកស្រី សំដែងការខកចិត្ត តែក៏មិនភ្ញាក់ផ្អើលនឹងការបោះឆ្នោតនោះដែរ ដោយសារកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងសរុបចំនួន ២៣ គ្រាប់ រួមទាំងមីស៊ីលអន្តរទ្វីប ICBM ចំនួន៦គ្រាប់រួចទៅហើយ បន្ទាប់ពីការផ្អាកមកអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ទោះយ៉ាងណា លោកស្រីសង្កត់ធ្ងន់ថា នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោកទាំងមូល។

ទោះបីជាបែបនេះក្តី ប្រទេសចិន និងរុស្ស៊ីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខបន្ទាប់ពីការបោះឆ្នោតថា ពួកគេប្រឆាំងនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង ដោយសង្កត់ធ្ងន់ថា អ្វីដែលចាំបាច់នៅពេលនេះ គឺសហរដ្ឋអាមេរិកគួរបន្តសារជាថ្មីនៃជំនួបទ្វេភាគីរបស់ខ្លួនជាមួយកូរ៉េខាងជើងវិញ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី នេបេនហ្ស៊ី (Vassily Nebenzia) បាននិយាយថា ទីក្រុងមូស្គូបានប្រាប់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងនេះគឺជា "ផ្លូវទៅកាន់ទីបញ្ចប់ដ៏ងងឹតសូន្យឈឹង" ដោយបានសង្កត់ធ្ងន់ថា ការដាក់សម្ពាធទណ្ឌកម្មបន្ថែមទៀតលើទីក្រុងព្យុងយ៉ាងគឺគ្មានប្រសិទ្ធភាព និងជាទង្វើអមនុស្សធម៌ ។

ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្ស៊ាង ជុន (Zhang Jun) វិញបាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនអាចជួយអ្វីបានទេ ហើយនឹងនាំទៅរក "ផលប៉ះពាល់ជាអវិជ្ជមាន និងការកើនឡើងនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់តែប៉ុណ្ណោះ" ។ លោកបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការមិនបន្តឡើងវិញនូវជំនួបទ្វេភាគីជាមួយកូរ៉េខាងជើង ដែលមើលឃើញថាមានផលវិជ្ជមាន ក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋការលោក Trump កាលពីឆ្នាំ ២០១៨ កន្លងទៅ។

គួរបញ្ជាក់ថា មហាសន្និបាតនៃអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីរឿងប្រទេសកូរ៉េខាងជើងនេះ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ក្រោមច្បាប់ថ្មីដែលតម្រូវឱ្យមានវត្តមានសមាជិកទាំងអស់របស់ខ្លួនចំនួន ១៩៣ ប្រទេសជួបប្រជុំគ្នា រាល់ពេលដែលមានការវេតូជំទាស់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយសមាជិកអចិន្ត្រៃយ៍ណាមួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំងប្រាំគឺ រុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកចេញមុខបកស្រាយថា យុទ្ធសាស្ត្រទប់ទលចិន មិនមែនបង្កើតសង្គ្រាមត្រជាក់ឡើយ

លោក អាន់តូនី ប្លែងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញមុខនិយាយការពារ ផែនការយុទ្ធសាស្ត្រទប់ទល់ចិនរបស់អាមេរិកថា ជាម…

ទីក្រុងស៊ាងហៃ ត្រៀមបើកឡើងវិញក្រោយការរាំងខ្ទប់ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែស្ថិតក្នុងស្ថានភាពអាប់អួ

ទីក្រុងសៀងហៃ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំមួយរបស់ប្រទេសចិន ដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីត១៩ បានបង្ហាញផែនការបើកទីក្រុងឡើងវិញ ដើម្បីឆ្ពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ