រដ្ឋមន្ត្រីក្រសួងការពារជាតិ ជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការរបស់ជប៉ុន នៅតែ "បន្ដឆ្ពោះទៅមុខជាលំដាប់" ក្នុងការដាក់ពង្រាយកាំជ្រួច មីស៊ីល ដែលបាញ់ពីដីទៅលើអាកាស រយៈចម្ងាយមធ្យម នៅមូលដ្ឋានយោធានៅលើកោះ Yonaguni ដែលជាកោះមួយ មានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។
ប្រទេសចិន បានចាត់ទុកផែនការនេះ គឺជាការផ្លាស់ប្ដូរដ៏គ្រោះថ្នាក់បំផុត ហើយប្រទេសជិតខាង និងសហគមន៍អន្តរជាតិ គួរតែបង្កើនការព្រួយបារម្ភចំពោះបញ្ហានេះ ពិសេសនៅក្នុងសុន្ទរកថាមុន របស់លោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងអំពី លទ្ធភាពនៃការចាត់វិធានការឆ្លើយតបដោយយោធា ប្រសិនបើកោះតៃវ៉ាន់ រងនូវការវាយប្រហារ។
ប្រមុខការទូតចិន លោក វ៉ាង បានចេញមកព្រមានទីក្រុងតូក្យូថា “កំពុងដើរហួសបន្ទាត់ក្រហមហើយ”។ ប្រមុខកាេទូតចិនរូបនេះ បានលើកឡើងទៀតថា ការថ្លែងរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន អំពីការប៉ុនប៉ងធ្វើអន្តរាគមន៍ដោយយោធា ចំពោះបញ្ហាកោះតៃវ៉ាន់ គឺជាការបញ្ជូនសញ្ញាខុសជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ លោក វ៉ាង យី បានបន្ថែមថា ប្រទេសចិនត្រូវតែ “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះសកម្មភាពរបស់ប្រទេសជប៉ុន ហើយប្រទេសទាំងអស់មានទំនួលខុសត្រូវក្នុងការ “ទប់ស្កាត់ការកើតឡើងវិញនៃរបបយោធានិយមជប៉ុន”។
ជម្លោះការទូតរវាងប៉េកាំង និង តូក្យូ បានបន្ដរាលដាលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដោយថ្មីៗនេះ ចិនបានដាក់បម្រាមនាំចូលផលិតផលគ្រឿងសមុទ្រពីប្រទេសជប៉ុន, ផ្អាកចាក់ផ្សាយភាពយន្ដជប៉ុន និងព្រមានពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនផងដែរ។
ទោះយ៉ាងណា សហរដ្ឋអាម៉េរិក និងមេដឹកនាំកោះតៃវ៉ាន់ ក៏បានចេញមុខគាំទ្រ ប្រទេសជប៉ុន ជុំវិញការលើកឡើង ពាក់ព័ន្ធនឹងកោះតៃវ៉ាន់នេះ។ ក្នុងនោះ សហរដ្ឋអាម៉េរិក បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តសម្រាប់សម្ព័ន្ធមិត្តទ្វេភាគី អាម៉េរិក-ជប៉ុន ថា ជាទំនាក់ទំនងដែល មិនអាចរង្គោះរង្គើបានឡើយ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើកម្លាំងដើម្បីគ្រប់គ្រងកោះប្រជាធិបតេយ្យនេះឡើយ ប៉ុន្ដែ កោះតៃវ៉ាន់ បានចេញមកបដិសេធការទាមទាររបស់ទីក្រុងប៉េកាំងជាច្រើនលើកច្រើនសារ ដោយអះអាងថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេ៕