ពាណិជ្ជកម្ម-ចិន-ថៃ

ចិននិងថៃ ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យបានដល់ ១៤០ពាន់លានដុល្លារ


រដ្ឋាភិបាលចិន និងថៃ នៅក្នុងជំនួបផ្លូវរដ្ឋ កាលពីពេលថ្មីៗនេះ បានប្ដេជ្ញាចិត្តថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងភាពជាដៃគូវិនិយោគរវាង ចិន និងថៃ ឲ្យបានដល់ ១៤០ ពាន់លានដុល្លារអាមេរិក នៅត្រឹម ឆ្នាំ២០២១។
ចិននិងថៃ ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យបានដល់ ១៤០ពាន់លានដុល្លារ។ រូបភាព៖ UBIQ TV
ដោយ

ការប្ដេជ្ញាចិត្ដ​​ដ៏សម្បើម​នេះ ត្រូវបាន​ធ្វើឡើង ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ ​បានយល់​ព្រមហត្ថលេខា លើ​​អនុស្សារណៈ​​​យោគយល់​គ្នា ​លើឯកសារ​សំខាន់​ៗ​ចំនួន​៥ សំដៅ​ដល់ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពាណិជ្ជកម្មទ្វេ​ភាគី ឲ្យកាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅ​អនាគត។

លោក Uttama Savanayana រដ្ឋមន្ត្រី ក្រសួង​ឧស្សហកម្ម​ថៃ បានឲ្យ​ដឹងថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ​គឺចិន និងថៃ បានចុះ​អនុស្សារណៈ​យោគ​យល់គ្នា ចំនួន ៥ នៅលើ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​​ភាគខាង​កើត (EEC) ដោយការ​ចុះហត្ថលេខា​នេះ នឹងនាំ​ឲ្យ​ប្រទេស​ថៃ មានការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ក្នុង​ស្រុកសម្រាប់​ឧស្សាហកម្ម​គោលដៅ​ចំនួន ១១ និងជួយ​ដល់ការ​អនុវត្ដ​បច្ចេកវិទ្យា និងការច្នៃ​ប្រឌិត ដើម្បី​បម្រើឲ្យ​ប្រទេស​ថៃនូវ​ចក្ខុវិស័យ​ឧស្សហកម្ម 4.0 ។

តាមរយៈ​​ការចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​នោះដែរ ប្រទេសថៃ និងចិន បានដាក់​គោលដៅ​រួមគ្នា​​នឹងបង្កើន​​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម និងភាព​ជាដៃ​គូវិនិយោគ​ ឲ្យបាន​ដល់ ១៤០ពាន់​លាន​ដុល្លារ​អាមេរិក នៅត្រឹមឆ្នាំ​២០២១ ខណៈដែល​បច្ចុប្បន្ន​​មាន ៧៣ពាន់​លាន​ដុល្លារ​អាមេរិក។

ឧបនាយក​រដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak បាន​និយាយថា ប្រទេសថៃ នឹងស្វាគមន៍​វិនិយោគិន​ចិន ហើយលោក​ជឿជាក់​ថា ប្រទេសថៃ នឹងក្លាយ​ជាផ្លូវចូល​ដ៏សំខាន់​​សម្រាប់​​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ដែលជា​កន្លែង​សម្រាប់​ប្រទេស​ចិន ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​តំបន់។

លោក វ៉ាង យ៉ុង សមាជិក ក្រុមប្រឹក្សា​រដ្ឋចិន បានលើកឡើង​ដែរថា ច្រករបៀង​​សេដ្ឋកិច្ច​ភាគខាង​កើត EEC នេះ បានធ្វើ​ឲ្យថៃមាន​ភាពទាក់ទាញ​សម្រាប់​ការវិនិយោគ​កាន់តែខ្លាំង​នៅក្នុង​តំបន់ ហើយ​វិនិយោគិន​ចិន ក៏កំពុង​តែ​ដាក់​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង លើការ​វិនិយោគ គម្រោង​ទាក់ទង​នឹងច្រក​របៀង EEC នេះ ដូចជា គម្រោង​ផ្លូវរថភ្លើង​ល្បឿនលឿន​ដែលតភ្ជាប់​ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ចំនួន​​៣ ​​ក្នុងប្រទេសថៃ គម្រោង​យានយន្ដ​ជំនាន់ថ្មី ការដឹក​ជញ្ជូន​ឆ្លាតវៃ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ឌីជីថល ការអប់រំ ថាមពល ទេសចរណ៍ និងផ្កាយរណប​ជាដើម។

ក្រៅអំពី ជាដៃគូ​ពាណិជ្ជកម្ម​​ដ៏​សំខាន់ ប្រទេសចិន ក៏ត្រូវ​បានគេ​ស្គាល់ថា ជាវិនិយោគិន​បរទេស​​ធំបំផុត​​លំដាប់ទី ៥ ដែលបាន​វិនិយោគ​ក្នុងប្រទេស​ថៃ​ផងដែរ ដែលមាន​ទុនវិនិយោគ​​ពី ១២០០ លានដុល្លារ ទៅ ១៨០០ លាន​ដុល្លារ​អាមេរិក។

គួរជម្រាបថា បើគិតនៅក្នុង​តំបន់​អាស៊ាន​ មិនត្រឹមតែ​ប្រទេសថៃ​តែមួយ​នោះទេ​ ដែលជាដៃ​គូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់ចិន​។ តួយ៉ាង​​ ទំហំ​ពាណិជ្ជកម្ម រវាង ចិន និងម៉ាឡេស៊ី ឆ្នាំ២០១៧ មានជាង ៩៦ពាន់​លាន​ដុល្លារ និង​រំពឹងថា នឹង​កើនដល់ ១០០​ពាន់លាន​ដុល្លារ នៅឆ្នាំ​២០១៨នេះ។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម​រវាង​ ចិន និង​​វៀតណាមវិញ​ នៅ​ឆ្នាំ​២០១៧ មានជាង ៩៣ពាន់​លាន​ដុល្លារ​អាមេរិក ហើយនៅ​ឆ្នាំនេះ រំពឹងថា នឹងកើន​ដល់ ១០០ពាន់​លាន​ដុល្លារ​អាមេរិក។

រីឯ​ទំហំ​ពាណិជ្ជកម្ម​​រវាង​​ចិន និងកម្ពុជា ហាក់​មាននៅ​មានចំនួនតិចតួច​នៅឡើយ​បើធៀបនឹង​ប្រទេស​ក្នុងតំបន់​​ខាង​លើនេះ តែយ៉ាងណា​បើគិត​ក្នុង​ក្របខណ្ឌ​នៃប្រទេស​កម្ពុជា​ខ្លួនឯង​វិញ ពាណិជ្ជកម្ម​រវាង​កម្ពុជា និងចិន​ គឺមាន​ទំហំធំ បើធៀបនឹង​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា ជាមួយនឹង​ប្រទេស​ផ្សេងទៀត​។​ ជាក់ស្ដែង​​ នៅ​ឆ្នាំ​ ២០១៧ ទំហំពាណិជ្ជកម្ម​ កម្ពុជា និងចិន​ មាន​ជាង ​៥ពាន់លាន​ដុល្លារ និងគ្រោង​ជំរុញ​ឲ្យបាន​ដល់ ​ជាង ៦ពាន់លាន​​នៅឆ្នាំ​នេះ និងឆ្នាំ​ក្រោយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អបអរកសិករ​ខេត្ត​កំពតនិងកំពង់ស្ពឺ ឧកញ៉ា ហៃ លីអ៊ាង បានចុះកុងត្រាទិញស្វាយ៥00តោននាំចេញទៅអឺរ៉ុប

ព័ត៌មាន
លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានក្រុមហ៊ុន Confirel បានមានប្រសាសន៍ប្រាប់សារព័ត៌មានខេមបូណូមីសថា សម្រាប់ឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុនបានចុះកុងត្រា…

អ្នកជំនាញ៖ ចង់រកស៊ី ដំបូង​បំផុតត្រូវមាន «​បេះដូងសហគ្រិន»

ព័ត៌មាន
ភាគច្រើន​នៃយុវជន​ក្មេងៗ នៅពេល​ដែលនឹក​​ដល់​ការ​រកស៊ី​ដំបូង ពួកគេ​តែគិតដល់​ដើម​ទុន​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​នោះ​​ឡើង ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ