ទោះយ៉ាងណា ប្រទេសចិន នៅមិនទាន់បានបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងការលើកទឹកចិត្ត សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ស្របទៅតាមយន្ដការជារួមរបស់ប្លុកប្រទេស G20 នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលកិច្ចប្រជុំក្រុមប្រទេស G20 សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយនឹងតំណាងធនាគារកណ្តាលទាំង២០ប្រទេស ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា លោកស្រី ជេណេត យ៉េលេន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានជួយទ្រទ្រង់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន ហើយថា ប្រទេសមហាអំណាចទាំងពីរនេះ មានកាតព្វកិច្ចសម្រាប់ពិភពលោក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាដែលជាក្ដីបារម្ភរវាងគ្នាទៅវិញទៅមក។
លោកស្រីបានប្រាប់សន្និសីទនោះក្នុងសម្ដីដើមថា «មានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្ដើមដ៏សំខាន់។ »
ក្នុងដំណើរទៅកាន់ប្រទេសចិនលោកស្រីយ៉េលេន ក៏បានលើកឡើងទៅកាន់ភាគីចិន អំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសសំប៊ីផងដែរ ខណៈដែលចិនគឺជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសនេះ។ ទោះយ៉ាងណា លោកស្រីថាវាត្រូវបានពេលយូរក្នុងការចរចា និងមានខុសគ្នាជាច្រើនដើម្បីពិភាក្សាគ្នា។
បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបានថ្លែងដោយសង្ឃឹមថា ការដោះស្រាយបញ្ហាបំណុលសម្រាប់ប្រទេសស្រីលង្កា និងហ្គាណា អាចនឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សផងដែរ។ ដូច្នេះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អាចឆ្ពោះទៅមុខជាមួយនឹងការពិនិត្យមើលកម្មវិធីប្រាក់កម្ចីដំបូងរបស់ប្រទេសទាំងពីរនេះឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពមួយពីខាងប្រទេសចិនចុះផ្សាយដោយរ៉យទ័រឱ្យដឹងថា ប្រទេសចិន មិនបានចូលរួមឡើយក្នុងការឈានទៅដល់ «ក្របខណ្ឌរួម» ជាមួយក្រុមប្រទេស G20 លើបញ្ហារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់ប្រទេសដែលងាយរងគ្រោះដោយសារបំណុល។ ប្រភពដដែលសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ប្រទេសG20 មិនថាតែចិននោះទេ ក៏មិនចង់បាន«ច្បាប់មួយតម្រូវគ្រប់ប្រទេសទាំងអស់» ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសទាំងនោះឡើងវិញនោះដែរ៕