អង្គភាពគយចិន បានចាប់សម្ភារមួយចំនួន ដែលបានបំពានកម្មសិទ្ធបញ្ញា របស់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ដែលប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី នាឆ្នាំនេះ។ ការចាប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពានទាំងឡាយណា ដែលពាក់ព័ន្ធនឹងការប្រកួត World Cup។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានចិន CCTV Plus កាលពីពេលថ្មីៗនេះ។
សារព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ផលិតផលកីឡាចំរុះ ដែលពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ World Cup ត្រូវបានគេផលិតឡើង ខណៈដែលការប្រកួតបាល់ទាត់លំដាប់ពិភពលោកនេះ កាន់តែកៀកជិតឈានចូលមកដល់។ ឆ្លៀតក្នុងឱកាសនេះ ជនបំពានច្បាប់មួយចំនួន ក៏ចង់រកប្រាក់ចំណេញ ដោយទង្វើខុសច្បាប់ ដោយការផលិតផលិតផលកីឡាក្លែងក្លាយលក់ក្នុងរដូវ World Cup នេះ។ យ៉ាងណាក៏ដោយ អង្គភាពគយ អ៊ីវូ នៅប៉ែកខាងកើតប្រទេសចិន បានរឹបអូសបាល់មួយចំនួន ដែលមានឡូហ្គោ របស់អ្នកឧបត្ថម្ភការប្រកួតនេះ ដែលគ្មានការអនុញ្ញាត។
បើតាមមន្ត្រីគយ អ៊ីវូ បាល់ទាំងនេះ បានបំពានកម្មសិទ្ធបញ្ញារបស់ FIFA និងWorld Cup 2018 នៅរុស្ស៊ី ដោយសារតែឡូហ្គោ ជាឡូហ្គូក្លែងបន្ថំ។ អង្គភាពគយចិន បានត្រួតពិនិត្យទូទាំងប្រទេស និងបានរឹបអូសកេសចំនួន ១០ ដែលមានបាល់ ៣០គ្រាប់ ក្នុងកេសនីមួយៗ។ សរុបទៅ គឺមាន ៣០០បាល់។
ក្រៅពីបាល់ អង្គភាពគយ នីងប៉ របស់ចិន ក៏បានរឹបអូសបាន តុក្កតាបាល់អគ្គីសនីផងដែរ ដែលសុទ្ធតែជាផលិតផលក្លែងក្លាយ។ លើសពីនេះ ក៏មានការរឹបអូសសម្លៀកបំពាក់កីឡា ដែលខុសច្បាប់ជាច្រើនផងដែរ។ ហើយវាមិនត្រឹមតែបំពានកម្មសិទ្ធបញ្ញារបស់ FIFA ប៉ុណ្ណោះទេ តែក៏បំពានសិទ្ធស្លាកសញ្ញារបស់ក្រុមហ៊ុនល្បីៗមួយចំនួនផងដែរ។
មន្ត្រីការិយាល័យកម្មសិទ្ធបញ្ញា នៃមន្ទីរនយោបាយ នៃអគ្គរដ្ឋបាលគយ នៃប្រទេសចិន បានលើកឡើងថា ករណីនាំចេញទំនិញទៅក្រៅប្រទេសតាមកុងតឺនឺ កំពុងមានកាន់តែតិចជាងមុន ហើយអាជ្ញាធរបានរកឃើញថា គេនាំចេញផលិតផលក្លែងក្លាយទាំងនេះ មានភាគច្រើនគឺធ្វើឡើង ដោយច្រកក្នុងកេសតូចៗជំនួសវិញ៕