បណ្ដាញសារព័ត៌មានចិន ដែលបានស្រង់សម្ដី លោក Chui Sai On ប្រធាននាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ បានបញ្ជាក់ថា ការលក់សញ្ញាបណ្ណរបស់រដ្ឋាភិបាលចិន នៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវនាពេលនេះ ក្រៅពីបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលកណ្ដាលហើយនោះ វាក៏ជា សញ្ញាផ្លាស់ប្តូរថ្មីមួយទៀត ក្នុងទីផ្សារហិរញ្ញវត្ថុរបស់ម៉ាកាវ ដែលនឹងចូលទៅបើកទំព័រនៃការរីកចម្រើនថ្មីមួយទៀតផងដែរ។
ជាមួយគ្នានេះ អ្នកស្រី Zou Jiayi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹងដែរថា ការដាក់លក់សញ្ញាបណ្ណនេះ គឺជាកាដូរមួយសម្រាប់ផ្ដល់ជូនម៉ាកាវ ហើយវាក៏ជាការផ្លាស់ប្ដូរមួយ ដែលអាចជួយម៉ាកាវ ចូលរួមនៅក្នុងទីផ្សារអន្តរជាតិ។
ក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី៥ កក្កដាកន្លងទៅថ្មីៗនេះថា ខ្លួនបានលក់សញ្ញាបណ្ណ ក្នុងតម្លៃ២៤៦ លានដុល្លារអាមេរិកក្នុងរយៈពេល ៣ឆ្នាំ ដែលមានកូប៉ុង ឬអត្រាការប្រាក់ប្រមាណ ៣%
ក្រសួងហិរញ្ញវត្ថុចិនដដែល ក៏បានគូសបញ្ជាក់ដែរថា ខ្លូននឹងដាក់លក់សញ្ញាបណ្ណបន្ថែមជាលើកទី២ មានតម្លៃ ៤៥លានដុល្លារអាមេរិក សម្រាប់រយៈពេល២ឆ្នាំ សម្រាប់ប្រជាជននៅម៉ាកាវ ដែលមានកូប៉ុង ឬអត្រាការប្រាក់ ៣,៣% ដោយវាបានចាប់ផ្ដើមតាំងពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែកក្កដានេះ។
តំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលត្រូវបានគេដឹងថា មានចំណូលប្រមាណ ៨០% គឺបានមកពីវិស័យល្បែងកាស៊ីណូនោះ កំពុងតែពិចារណាបង្កើតផ្សារភាគហ៊ុនជាប្រាក់យន់ ដើម្បីជាការជួយធ្វើពិពិធកម្មចេញពីវិស័យល្បែងផងដែរ។ នេះបើតាមធនាគារកណ្ដាលម៉ាកាវប្រាប់សារព័ត៌មានReuters កាលពីខែមុននេះ។
គួរបញ្ជាក់ថា ក្រោមគម្រោង China’s Greater Bay Area របស់ចិន គេសង្កេតឃើញថា ចិនកំពុងបង្កើននូវសេវាហិរញ្ញវត្ថុកាន់តែខ្លាំង ដើម្បីធ្វើការរួមបញ្ចូលគ្នាជាមួយនឹងហុង កុង ដែលជាទឹកដីមជ្ឈមណ្ឌលប្រាក់យន់ដ៏ធំបំផុត ជាមួយនឹងទីក្រុងដីគោកចំនួន៩ទៀតរបស់ចិន៕