វិស័យធនាគារ

ធនាគារកណ្ដាលនានា សម្រុកលក់ចេញមូលបត្របំណុលអាម៉េរិក និងកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារ ហើយងាកមកសម្រុកទិញចូលមាសយ៉ាងសម្បើម


បណ្ដាធនាគារកណ្តាលនៃប្លុកប្រទេស BRICS និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតកំពុងសម្រុកលក់ចេញបណ្ណរតនាគារអាម៉េរិក និងកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារអាម៉េរិក ហើយងាកមកសម្រុកទិញចូលមាសយ៉ាងសម្បើមគួរឱ្យភ្ញាក់ផ្អើល។ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះ គឺគ្រាន់តែក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ២០២៤ ប្រទេសចិន បានលក់ចេញបណ្ណរតនាគារអាម៉េរិក ក្នុងតម្លៃរហូតដល់ទៅជាង៥៣ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក WGC ដែលជាអង្គការឃ្លាំមើលការវិវឌ្ឍនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បានរាយការណ៍ថា ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង គឺជាអ្នកទិញមាសច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយកំពុងបន្តទិញមាសបន្ថែមទៀតនៅឆ្នាំ២០២៤ នេះ។ ទន្ទឹមនេះ ប្រទេសរុស្ស៊ី និងមហាយក្សចិន ក៏កំពុងសម្រុកលក់ចេញបណ្ណរតនាគារ ឬមូលបត្របំណុលអាម៉េរិក និងទ្រព្យសកម្មផ្សេងៗទៀតផងដែរ។

គ្រាន់តែក្នុងឆ្នាំ២០២៤ ប្រទេសចិន បានលក់ចេញបណ្ណរតនាគារអាម៉េរិក ក្នុងតម្លៃរហូតដល់ទៅជាង៥៣ពាន់លានដុល្លារអាម៉េរិក និងបានសម្រុកទិញមាសក្នុងទំហំច្រើនពាន់លានដុល្លារអាម៉េរិក។ ប្រទេស BRICS ផ្សេងៗទៀតកំពុងធ្វើតាមរុស្ស៊ី និងមហាយក្សចិន ដែរ ប៉ុន្តែចំនួននោះ គឺតិចជាងបើធៀបទៅនឹងការលក់ចេញបណ្ណរតនាគារអាម៉េរិក ដែលមហាយក្សចិន បានលក់ចេញ។

ពេលនេះមាស គឺជាទ្រព្យសកម្មដ៏ពេញនិយមបំផុតនៅក្នុងបណ្ដាធនាគារកណ្តាល នៃប្លុកប្រទេស BRICS ខណៈដែលប្រាក់ដុល្លារអាម៉េរិក កំពុងត្រូវបានជៀសវាង។

លោក អ៊ីហ្គុន វ៉ុន ហ្គ្រេយឺស (Egon von Greyerz) ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មម៊ែតធើហន (Matterhorn Asset Management) បាននិយាយថា នេះគឺជាយុគសម័យមាសនៃប្លុកប្រទេស BRICS។

អ្នកជំនាញរូបនេះបានពន្យល់ថា បណ្តាប្រទេស BRICS កំពុងទិញមាសកាន់តែច្រើនឡើង ខណៈដែលធនាគារកណ្តាល នៃប្រទេសទាំងនោះកំពុងសម្រុកលក់ចេញបណ្ណរតនាគារអាម៉េរិក នៅក្នុងទីផ្សារ។

លោកបានព្យាករថា ពេលវេលាមួយនឹងមកដល់ គឺជាពេលដែលធនាគារកណ្តាលនានានឹងកាន់កាប់ប្រាក់ដុល្លារអាម៉េរិកកាន់តែតិច ហើយសម្រុកទិញមាសកាន់តែច្រើនដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើអ្វីជាឧបសគ្គក្នុងការឈានទៅសម្រេចគោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០?

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជារំពឹងការអភិវឌ្ឍវិស័យយាយន្តអគ្គិសនីនៅកម្ពុជានឹងកាន់តែមានការរីកចម្រើន និងអាចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន…

តើបំណុលសាធារណៈរបស់កម្ពុជា ត្រឹមជាង១១ពាន់លានដុល្លារ ជាបំណុលវ័ណ្ឌក ឬ?

គិតត្រឹមដំណាច់ឆ្នាំ២០២៣ សន្និធិបំណុលសាធារណៈរបស់ប្រទេសកម្ពុជា មានទំហំជាង១១ពាន់លានដុល្លារ ដោយក្នុងនោះបំណុលស្ទើរ១០០% ជាបំណុលក្រៅប្រទេស។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ