វិនិយោគិននៅក្នុងខេត្តព្រះសីហនុ

តើការវិលត្រលប់មកវិញរបស់វិនិយោគិននៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពយ៉ាងណាដែរ គិតមកទល់ពេលនេះ?


ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា មកដល់ពេលនេះស្ថានភាពនៃការវិលត្រលប់មកវិញរបស់ក្រុមវិនិយោគិននៅក្នុងខេត្តព្រះសីហនុ ហាក់បានបង្ហាញនូវសកម្មភាពវិជ្ជមានឡើងវិញជាបណ្តើរៗហើយ។ តួយ៉ាង ក្រុមវិនិយោគមួយចំនួន ដែលបានផ្អាកដំណើរការសកម្មភាពវិនិយោគរបស់ពួកគេនៅអំឡុងពេលកូវីដ១៩ បានចាប់ផ្តើមបន្តសកម្មភាពវិនិយោគឡើងវិញ និងរំពឹងថា នៅចុងឆ្នាំនេះ នឹងមានសកម្មភាពវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្នខេត្តព្រះសីហនុ ក៏កំពុងទទួលបានការវិនិយោគថ្មីៗផ្សេងទៀតផងដែរ។
តើការវិលត្រលប់មកវិញរបស់វិនិយោគិននៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពយ៉ាងណាដែរ គិតមកទល់ពេលនេះ?
ដោយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុបានទទួលនូវសកម្មភាពនៃការវិលត្រលប់មកវិញរបស់ក្រុមវិនិយោគិនជាបណ្តើរៗហើយ ដោយសម្រាប់ការវិលត្រឡប់មកវិញនេះ មានលក្ខណៈជា២ប្រភេទ គឺក្រុមអ្នកវិនិយោគដែលបានចាប់ផ្តើមដោយផ្ទាល់រួចមកហើយ មានន័យថា បើទោះបីជានៅក្នុងអំឡុងពេលកូវីដ១៩ ក៏ពិតមែន ប៉ុន្តែពួកគេហាក់មិនមានជួបនូវបញ្ហាដើមទុននោះទេ គឺពួកគាត់នៅតែបន្តរៀបចំការវិនិយោគបែបសំណង់រឹងដដែល ហើយនៅពេលដែលស្ថានភាពកូវីដ១៩ បានធូរស្បើយ ក្រុមអ្នកវិនិយោគទាំងនេះ បានចាប់ផ្តើមសកម្មភាពនៃការធ្វើអាជីវកម្មរបស់ពួកគេតែម្តង។ ឯកឧត្តម បន្តថា បើទោះបីជាក្រុមវិនិយោគប្រភេទនេះ មានមិនសូវច្រើនក៏ពិតមែន ប៉ុន្តែក៏បានបង្ហាញនូវសញ្ញាចាប់ផ្តើមឡើងវិញ ជាក់ស្តែង នៅដើមខែមេសាកន្លងទៅនេះ មានក្រុមវិនិយោគចំនួន៣ក្រុម បានបើកដំណើរការសម្មភាពអាជីវកម្មថ្មីរបស់ពួកគេនៅក្នុងខេត្តព្រះសីហនុ។

ដោយឡែក ចំពោះក្រុមវិនិយោគិនមួយចំនួនទៀត ដែលពួកគេបានជួបបញ្ហាដើមទុននៅអំឡុងពេលកូវីដ១៩ និងបានផ្អាកការវិនិយោគនោះ ក៏បានចាប់ផ្តើមត្រឡប់មកបន្តសកម្មភាពឡើងវិញផងដែរ។ យ៉ាងណា ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថា ក្រុមវិនិយោគប្រភេទនេះ នៅមិនទាន់អាចចាប់ផ្តើមការវិនិយោគវិញភ្លាមៗនោះទេ នៅពេលស្ថានភាពកូវីដ១៩បានធូស្បើយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់ឯកឧត្តម ក្រុមវិនិយោគទាំងនោះអាចនឹងត្រលប់មកបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញកាន់តែច្រើនឡើងបន្ថែមទៀតនៅចុងឆ្នាំនេះ ក្រោយពួកគេធ្វើការសម្របសម្រួលបច្ចេកទេស និងរៀបចំភាគហ៊ុនរបស់ពួកគេឡើងវិញរួច។ ការរំពឹងបែបនេះ ដោយឯកឧត្តម គួច ចំរើន បានអះអាងថា ក្រុមវិនិយោគទាំងនោះ បច្ចុប្បន្នពួកគេបានធ្វើការពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុអំពីស្ថានភាព និងការអនុគ្រោះផ្សេងៗ ដើម្បីចាប់ផ្តើមធ្វើសកម្មភាពវិនិយោគរបស់ពួកគេឡើងវិញ។

ក្រៅតែពីក្រុមវិនិយោគទាំង២ប្រភេទនេះ ខេត្តព្រះសីហនុក៏មានក្រុមអ្នកវិនិយោគថ្មីៗ បានងាកមកចាប់យកឱកាសវិនិយោគនៅទីនោះបន្ថែមទៀតផងដែរ។ ដោយក្រុមអ្នកវិនិយោគថ្មីនេះ បាននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាគម្រោង និងចាប់ផ្តើមវិនិយោគផងដែរ។ ជាក់ស្តែង មានគម្រោង២រួចមកហើយ ដែលក្រុមវិនិយោគថ្មីនេះបានធ្វើសកម្មភាព និងបានឈានដល់ដំណាក់កាលសុំច្បាប់អនុញ្ញាតដើម្បីដំណើរការ។ នេះបើតាមការអះអាងរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា បើតាមឯកឧត្តម គួច ចំរើន បច្ចុប្បន្ន អគារជាង១ពាន់៦រយអគារ ដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានប្រមាណ ៤០០អគារហើយ ដែលបានបញ្ចប់ដំណើរការសាងសង់ ខណៈក្នុងនោះ មាន២០០អគារសាងសង់រួចហើយ ប៉ុន្ដែមិនបើកដំណើរការ។ ដោយឡែក មាន២០០អគារ ផ្អាកដំណើរការ ប៉ុន្ដែក្នុងចំណោមនោះ មាន១០០អគារ ហាក់ចាប់ផ្ដើមកម្រើកការងារសាងសង់ឡើងវិញខ្លះៗផងដែរ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិក…

ឧកញ៉ា ហៃ លីអ៊ាង៖ ការទទួលបានកម្មសិទ្ធិបញ្ញារបស់តែម្រេចកំពត ជាការលើកកម្ពស់ផលិតផលខ្មែរលើឆាកអន្តរជាតិ

ព័ត៌មាន
តែសុខភាព«គីរម្យ»ដែលផលិតចេញពីកញ្ចុំផ្កាម្រេចកំពតរបស់ក្រុមហ៊ុន ខនហ្វីរេល បានក្លាយជាផលិតផលខ្មែរដំបូងគេ ដែលទទួលបានកម្មសិទ្ធិបញ្ញាពីក្រសួងពាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ