កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១ ដើម្បីស្ដារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងវេទិកា«សេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ថា ទំហំពាណិជ្ជកម្មអាស៊ី-អឺរ៉ុប បានរួមចំណែកប្រមាណ៦៥% នៃសេដ្ឋកិច្ចសកល និងរួមចំណែកប្រមាណ ៥៥% នៃពាណិជ្ជកម្មសកល។ ក៏ប៉ុន្តែ វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសកល ដូច្នេះ ដើម្បីចូលរួមស្ដារឡើងវិញនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៥ ចំណុច។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ " ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល។

ថ្លែងនាឱកាសបើកវេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ នៅថ្ងៃទី ២៤ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍរួម។ ក៏ប៉ុន្តែ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកជួបនូវបញ្ហាប្រឈមមួយចំនួន ដូចជា ការធ្លាក់ចុះនៃចង្វាក់តម្លៃសកល និងចង្វាក់ផលិតកម្មសកល, ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការធ្លាក់ចុះផលិតភាពសកល, ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ, ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។

ដើម្បីចូលរួមស្ដារនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ សម្ដេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ ៥ចំណុច រួមមាន៖

ទី១. ដោយសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈ ខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់និងសកល។ ដូច្នេះ ចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាធំដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហា ក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ទី២. ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរ នៅក្នុងពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដូច្នេះ តំបន់ទាំងពីរ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អឺរ៉ុប។

ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ គេត្រូវរួមគ្នាទាញយកប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេសដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មីដែលរឹងមាំ។

ទី៤. ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាព ដែលទាមទារនូវការលើកកម្ពស់កិច្ចសហការ រវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤។

និងទី៥. ការជំរុញការអភិវឌ្ឍបៃតង សម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ ទៅនឹងអាកាសធាតុ។ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតង ជាពិសេស ការជំរុញវិស័យឯកជន ឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

សូមបញ្ជាក់ថា វេទិកា«សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់អាស៊ី និងអឺរ៉ុប ក្រោមមូលបទ «ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកឧបត្ថម្ភ សម្រុកគាំទ្រមហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីជួយស្តារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាបក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយយ៉ាងខ្លាំង ដែល…

ក្រុមអ្នកជំនួញធំៗ ប្តេជ្ញានឹងបង្កើនការផលិត និងនាំចេញទំនិញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-កម្ពុជាចិន

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗនៅកម្ពុជាអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងត្រូវចូលជាធរមាននៅថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ