ប្រទេសចិនបានអនុម័តបទបញ្ញត្តិស្តីពីស្ថាប័នទូទាត់មិនមែនធនាគារ ដើម្បីស្វែងរកការទប់ស្កាត់ហានិភ័យនៅក្នុងវិស័យដែលកំពុងមានការរីកចម្រើនមួយនេះ តាមរយៈការរឹតបន្តឹងការត្រួតពិនិត្យលើអ្នកផ្តល់សេវាទូទាត់តាមឌីជីថលទាំងអស់រួមទាំង Alipay និង WeChat Pay ជាដើម។
បទបញ្ញត្តិស្តីពីការត្រួតពិនិត្យ និងការគ្រប់គ្រងស្ថាប័នទូទាត់មិនមែនធនាគារ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋកាលពីខែវិច្ឆិកា នឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ក្រោយពេលដែល សេចក្តីព្រាង នៃបទបញ្ញត្តិទាំងនេះត្រូវបានចេញផ្សាយជូនអ្នកពាក់ព័ន្ធពិនិត្យម្តងហើយកាលពីក្នុងខែមករា ឆ្នាំ២០២១។
ច្បាប់ថ្មីនេះត្រូវបានកំណត់ចេញ ដើម្បីស្វែងរក និងជំរុញការត្រួតពិនិត្យលើការទូទាត់ ដែលកំពុងតែមាននិន្នាការរីកចម្រើននៃវិស័យឧស្សាហកម្ម និងការទូទាត់ឌីជីថលរបស់ប្រទេសចិន ខណៈពេលដែលការពង្រឹងការត្រួតពិនិត្យគ្របដណ្តប់សម្រាប់វិស័យទាំងមូលបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
នៅពេលនេះគេដឹងថា អ្នកផ្តល់សេវាទូទាត់ប្រាក់ដូចជា Alipay និង WeChat Pay បានក្លាយជាសេវាកម្មឌីជីថលដ៏សកម្ម និងមានសារសំខាន់សម្រាប់ជីវភាពប្រជាជនចិនភាគច្រើន។ មកដល់ពេលនេះធនាគារកណ្តាលចិន បានប្រកាសថា ប្រទេសចិនមានស្ថាប័នទូទាត់មិនមែនធនាគារចំនួន១៨៦ស្ថាប័នឯណោះ។
ពាក់ព័ន្ធនឹងច្បាប់នេះ ក្រសួងយុត្តិធម៌ និងធនាគារប្រជាជនចិន បានអះអាងថា ផ្នែកមួយនៃហេតុផលសម្រាប់ការបង្កើតបទប្បញ្ញត្តិ គឺដើម្បីនាំយកវិស័យទូទាត់មិនមែនធនាគារទាំងមូលឱ្យស្ថិតនៅក្រោមច្បាប់ និងស្តង់ដារជាតិមួយ។ លិខិតបទដ្ឋានទាំងនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍនៃឧស្សាហកម្មនេះ និងណែនាំស្ថាប័នទូទាត់មិនមែនធនាគារ ដើម្បីបម្រើឱ្យសេដ្ឋកិច្ចពិតប្រាកដ និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
បទប្បញ្ញត្តិថ្មីនេះគ្របដណ្តប់លើទិដ្ឋភាពផ្សេងៗ នៃប្រតិបត្តិការរបស់ស្ថាប័នទូទាត់មិនមែនធនាគារ រួមទាំងការចូលក្នុងទីផ្សារ សេវាកម្មក្នុងស្រុក និងឆ្លងដែន ការគ្រប់គ្រងគុណវុឌ្ឍិរបស់ម្ចាស់ភាគហ៊ុន និងការការពារអ្នកប្រើប្រាស់៕
ដោយៈ សរ សុជាតិ